ជាតិ
សារមន្ទីរ​តុក្កតា​ម៉ាឡេស៊ី ប្រមូលផ្តុំ​រូប​ត្លុក​កំប្លែង​តាំងពី​ឆ្នាំ​១៩៣០
07, Jul 2019 , 8:29 pm        
រូបភាព
​កូ​ឡា​ឡាំ​ពួ​,​ម៉ាឡេស៊ី​៖​សារមន្ទីរ​តុក្កតា និង​រូប​ត្លុក​កំប្លែង​ម៉ាឡេស៊ី (The Malaysia Cartoon and Comic House) គឺជា​សារមន្ទីរ​មួយ ដែល​ដាក់តាំង​រូបគំនូរ​តុក្កតា រូប​ត្លុក​បែប​កំប្លែង ក្នុងសង្គម​ម៉ាឡេស៊ី តាំងពី​ឆ្នាំ ១៩៣០​មក​។ សារមន្ទីរ​នេះ​បាន​បើកសម្ពោធ​នៅ​ដើមខែ​មេសា ឆ្នាំ​២០១៧ ដែលមាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។ តាម​ការឡើង​របស់​អ្នកគ្រប់គ្រង​សារមន្ទីរ លោក មីន ក្នុង​ទស្សនកិច្ច​របស់​ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ​ជាង​៥០​នាក់ នៅ​ចុងខែ មិថុនា សារមន្ទីរ​នេះ​បង្កើតឡើង​ក្នុង​បំណង​ដើម្បី​រម្លឹក​ដល់​ស្នាដៃ​វិចិត្រករ​ម៉ាឡេស៊ី ក៏ដូចជា​អបអរសាទរ​ដល់​សហ​គ្រិន​ភាព ឬ​ស្នាដៃ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកជំនាញ​វ័យក្មេង អ្នកមាន​សមត្ថភាព​ពិសេស និង​អ្នក​គូររូប​ដ៏​ចំណានៗ​។ សារមន្ទីរ​នេះ​មាន​តាំង​រូប​តុក្កតា និង​រូប​ត្លុក​ប្រមាណ ៥០០​ផ្ទាំង ដែល​ត្រូវបាន​គូរ​ឡើង​ដោយ​អ្នក​គូររូប​ត្លុក​ជាង ៥០​នាក់ តាំងពី​ឆ្នាំ​១៩៣០​មក​។​

 
​តុក្កតា​ចម្រុះ​ពណ៌ និង​ខ្សែភាពយន្ត​គំនូរជីវចល​ជាច្រើន​ត្រូវបាន​ដាក់តាំង​បង្ហាញ ហើយ​ភាគច្រើន​នៃ​រូប​ទាំងនោះ គឺជា​ការងារ​សិល្បៈ​ដើម​ដែល​ត្រូវបាន​គេ​គូរ​និង​សរសេរ​ដោយ​ដៃ មុន​មាន​ម៉ាស៊ីន​ស្កេ​ន​ធ្វើឱ្យ​ការងារ​មាន​ភាពងាយស្រួល​ជាង​មុន​។ ស្នាដៃ​សិល្បៈ​ដ៏​រសជាតិ​ពី​ដើម ត្រូវបាន​គេ​ចាត់ទុកថា​ជា​រត​នស​ម្ប​តិ្ត​ជាតិ​ដែល​មិនអាច​កាត់ថ្លៃ​បាន ដែល​ផ្តល់ឱ្យ​អ្នកទេសចរ​នូវ​ការអត្ថាធិប្បាយ​សង្គម​ម៉ាឡេស៊ី​នៅ​សម័យ​កាលនោះ​៕



















Tag:
 សារមន្ទីរ​តុក្កតា​ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com