ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អាំង ជូ​លាន បារម្ភ​ពី​ការ​ប្រណិប័តន៍​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ ខុសពី​ទំនៀម​ដើម​
07, Jul 2019 , 10:29 pm        
រូបភាព
​សៀមរាប​៖ វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ នៅពេល​កូន​ខ្មែរ​គ្រប់រូប​បាន​ស្គាល់ និង​ប្រឹង​ថែរក្សា​តម្លៃ​មរតក​វប្បធម៌ ដែល​ដូន​តាម​បាន​បន្សល់ទុក​ឲ្យ​។ សាស្ដ្រាចារ្យ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា លោក អាំង ជូ​លាន បាន​ពន្យល់ថា មរតក​វប្បធម៌​ដែល​កំពុងនិយាយ​នៅពេលនេះ គឺ​សំដៅ​ទាំង​មរតក​រូបី និង​អរូបី ដែល​មរតក​ទាំងពីរ​នេះ ត្រូវ​ដើរ​ទន្ទឹមគ្នា​រហូត​មិនអាច​ខ្វះ​មួយណា​បានឡើយ​។ ក្រៅពីនេះ សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិ​ចិ​ត្យ​សិល្បៈ​រូបនេះ​ប្រាប់ថា គេ​មិនអាច​ទៅ​បង្គាប់​ឲ្យ​នរណាម្នាក់ រៀបចំ​វប្បធម៌​បែបនេះ បែប​នោះ​បានឡើយ ព្រោះថា​វប្បធម៌ មិនមែនជា​ឆាក​ដើម្បី​សម្ដែង​ឡើយ ប៉ុន្តែ​គឺជា​ទំនៀម​ពី​បុរាណ ដែល​ត​មកដល់​បច្ចុប្បន្ន​។

 

​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ប្រទេស​កម្ពុ​ជាមាន​វប្ប​ធម៌​ដ៏​ផូរផង់ និង​ចំណាស់​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ វប្បធម៌​ដ៏​ត្រ​ចេះ​ត្រចង់​នេះ បាន​រីករាយ​សាយភាយ និង​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ប្រណិប័តន៍​ជាប់​មកដល់​បច្ចុប្បន្ននេះ​។ យ៉ាងណាក៏ដោយ ការ​ប្រណិប័តន៍​នេះ មិនបាន​នៅ​គង់វង្ស​ទាំងស្រុង​ឡើយ មាន​មរតក​វប្បធម៌​ខ្លះ ត្រូវបាន​បាត់បង់ ឯ​ខ្លះទៀត នៅ​បន្ត​គោរព​តិចតួច ដែល​គួរ​បារម្ភ​។ សាស្ដ្រាចារ្យ និង​អ្នកស្រាវជ្រាវ បាន​ជួបជុំគ្នា​ក្នុង​បាឋកថា​មួយ ដោយនិយាយ​ពី​មរតក​រូបី និង​អូរ​បី ដែល​កំពុង​រស់នៅ​ជាមួយ​ប្រជាជន​ខ្មែរ នាពេល​បច្ចុប្បន្ន​។ អ្នកស្រាវជ្រាវ បានបង្ហាញ​ក្ដីបារម្ភ ចំពោះ​មរតក​វប្បធម៌​ខ្លះ​ដែល​កំពុង​មានការ​ប្រណិប័តន៍​ខុសពី​ទំនៀម​ដើម ដែល​ពួកគេ​ចាត់ទុកថា​មិនមែនជា​មរតក​វប្បធម៌​ឡើយ​។​


 
​ក្នុង​បាឋកថា​មួយ​នៅ​ដើមខែ​កក្កដា នៅ​អាជ្ញាធរ​ជាតិ​អប្សរា លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន បានបង្ហាញ​វត្តមាន​ជា​វាគ្មិន​ដ៏​កម្រ នៅលើ​ប្រធានបទ «​ទំនាក់ទំនង​ច្រើនបែប​យ៉ាង រវាង​មរតក​រូបី និង​អរូបី​»​។ សម្រាប់​លោក អាំង ជូ​លាន មរតក​ទាំងពីរ​នេះ មិនអាច​ដាច់ចេញ​ពីគ្នា​បានឡើយ គឺ​ត្រូវមាន​រូបី និង​អរូបី ដើរ​ទន្ទឹមគ្នា​។ លោក​សាស្ដ្រាចារ្យ បាន​លើក​ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ​មក​បង្ហាញ គឺ​វា​ដូច​សម្លកកូរ​យ៉ាង​ដូច្នោះ​ដែរ​។ ការចេះ​ស្ល ជា​មរតក​អរូបី រីឯ​សម្លកកូរ​ជា​មរតក​រូបី​។ ចំណែក​ប្រាសាទអង្គរវត្ត ជា​មរតក​រូបី ឯ​ដូនតា​អ្នក​សាង ជា​មរតក​អរូបី​។ 
 
​នរ​វិទូ​រូបនេះ ក៏បាន​លើក​ឧទាហរណ៍ ពី​ជំនឿ​ឡើងអ្នកតា​នៅ​តំបន់​ប្រាសាទសម្បូរព្រៃគុក មក​បង្ហាញ​ដែរ ដែល​វា​ឆ្លុះបញ្ចាំង​ពី​ភាពមិន​ដាច់​គ្នា រវាង​មរតក​រូបី និង​អរូបី ហើយ​ដែល​ជំនឿ​នេះ បន្ត​ប្រណិប័តន៍ រហូតមកដល់​បច្ចុប្បន្ន​។ សម្រាប់​លោក អាំង ជូ​លាន ប្រាសាទសម្បូរព្រៃគុក បានក្លាយ​ទៅជា​កន្លែង​អ្នកតា​ដ៏​ធំ ដែល​គេ​ហៅថា​អ្នកតា​ចាស់​ស្រុក ហើយ​ត្រូវបាន​ចាត់ទុកថា ជា​មរតក​រូបី​។ រីឯ​ជំនឿ ដូចជា​ការយក​ថ្ម​បុរាណ មក​ដុស​គូសវាស​លើ​ចិញ្ចើម​របស់​ក្មេងៗ គឺជា​មរតក​អរូបី​។ ជំនឿ​នេះ ត្រូវបាន​អ្នកភូមិ​ធ្វើជា​រឿង​រាល់​ឆ្នាំ មុន និង​ក្រោយ​រដូវ​ដាំ​ដុះ​។ 


 
​ក្រៅពី​ព្យាយាម​បង្ហាញ​ពី​ទំនៀម ដែល​កំពុង​នៅរស់​នៅ​ជាមួយ​ប្រជាជន​ខ្មែរ​សព្វថ្ងៃ​ហើយ សាស្ដ្រាចារ្យ អាំង ជូ​លាន ក៏​បង្ហាញ​ការបារម្ភ ចំពោះ​ការ​ប្រណិប័តន៍​ជំនឿ​ខ្លះ ដែល​ខុសពី​ការពិត​។ ត្រង់ចំណុច​នេះ លោក អាំង ជូ​លាន សំដៅ​ទៅលើ​ទំនៀម របស់​ប្រជាជន​តាម​តំបន់​មួយៗ ដែល​ខ្លះ​មាន​ទំនៀម​ខុសៗ​គ្នា​។ តួយ៉ាង​របៀប​ស្ល​សម្លកកូរ​, ស្ល​នំ​បញ្ចុក​ជាដើម ដែល​រសជាតិ វា​អាស្រ័យ​តាម​តំបន់​នីមួយៗ​។ «​ទំនៀម​មិនអាច​ដូចគ្នា​បេះបិទ​ទេ ដែល​យើង​យក​ឲ្យ​ទៅ​ដូចគ្នា​។ មានន័យថា អ្វីដែល​យើង​មាន​សម្បូរបែប តែ​ដល់ពេល​យើង​ព្យាយាម​ធ្វើ​រួមគ្នា ទំនៀម​នោះ​នឹង​រួម​តូច​។ នេះ​ដែល​ខុស​។ ការបង្កើត​តាមចិត្ត​ខ្លួនឯង តាម​អំពើ​ចិត្ត ទំនៀម​មិនដែល​មាន​សោះ យើង​បង្កើត​ខ្លួនឯង ដើម្បី​ឲ្យ​គេ​ថា​យើង​ពូកែ​។ មិនមែន​ទំនៀម​មាន​ស្រាប់​ហើយ​ខុស​ទេ ការដែល​យើង​បង្កើត ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​គ្រាន់បើ​ទេ ដែល​ខុស​»​។​
 
​សម្រាប់​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន មរតក​វប្បធម៌ គឺមាន​តម្លៃ​ជាស​កល ហើយ​មិនមែនជា​រឿង​ថ្មី​ទេ​។ លោក ទទូច​ឲ្យ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​គិតពី​តម្លៃ​ទាំងនេះ​។ លោក​សាស្ត្រាចារ្យ​រូបនេះ ពន្យល់ថា តាំងពីដើម​មក មនុស្ស​តែង​គោរព​មរតក​វប្បធម៌ មនុស្ស​តែង​គោរព​អ្វីដែល​កើតមុន មនុស្ស​តែង​គោរព​អ្វី ដែលជា​បុរាណកាល ទើប​តម្លៃ និង​ការគោរព បាន​បន្ត​ជាប់​គ្នា ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​មិន​ដាច់​។​


 
​ដោយបាន​យល់ច្បាស់ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ទៅលើ​មរតក​វប្បធម៌​ទាំង​រូបី និង​អរូបី កញ្ញា សេង ស្រី​មល បាន​និយាយថា ខ្លួន​បានទទួល​ចំណេះដឹង​បន្ថែម​យ៉ាងច្រើន ទាក់ទង​នឹង​មរតក​រូបី​និង​អរូបី​។ កញ្ញា​បន្ថែមថា ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប យើង​គួរ​គប្បី​ជួយ​អភិរក្ស​មរតក​ទាំងនេះ តែ​សំណូមពរ​ដល់​សាធារណជន គួរ​យល់ដឹង និង​មាន​ជំនឿ​ច្បាស់លាស់ ដោយ​មិន​ត្រូវធ្វើ​អ្វី​ខុសពី​ទំនៀម​ដើម នៃ​វប្បធម៌​ទាំង​នោះឡើយ​។ «​អ្វីដែល​ខ្ញុំ​ចង់​និយាយ គឺមាន​បុគ្គល​ខ្លះ គាត់​ធ្វើ​ទង្វើ​ខុសពី​វប្បធម៌​ទំនៀមទម្លាប់​ពី​ដើម​។ អ្នកខ្លះ មាន​ជំនឿ​បារមី អុជ​ធូប និយាយ​សុំ​នេះ សុំ​នោះ​។ ពេលខ្លះ​ចូល​ជា​រូប​ស្រែក​ខ្លាំងៗ ប៉ះពាល់​ដល់​ភ្ញៀវ ហើយ​ការប្រើ​ក្រែ​ម ម្សៅ ទឹកអប់ ក៏​ប៉ះពាល់​ដល់​ថ្ម ប្រាសាទ​។ ខ្ញុំ​សុំ​ឲ្យ​ពិចារណា ឈប់​ប្រើ មិន​ចង់​ឲ្យ​ជឿ​ខុស យល់​ខុស​ទេ​»​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់ក​ញ្ញា សេង ស្រី​មល​។​
 
​មិន​ខុសពី​កញ្ញា ស្រី​មល មគ្គុទ្ទេសក៍​ភាសា​ថៃ និង​អង់គ្លេស លោក រៀល ច​ន្ត​នា យល់ថា បាឋកថា​នេះ បាន​ឲ្យ​លោក​យល់​បន្ថែម​មួយកម្រិត​ទៀត ពី​មរតក​វប្បធម៌​រូបី និង​អរូបី​។ មគ្គុទ្ទេសក៍​រូបនេះ​យល់ថា គួរតែមាន​ការអភិរក្ស​មរតក​នេះ​បន្ត ព្រោះ​មរតក​នេះ ចាត់ទុកជា​ព្រលឹង​ជាតិ​មួយ​របស់​ខ្មែរ​។ លោក​បន្ថែមថា​៖« ក្នុងនាម​ពលរដ្ឋ ខ្ញុំ​មានចំណេះដឹង​ពី​ប្រទេស​កម្ពុជា ក្នុងនាម​ជា​មគ្គុទ្ទេសក៍ ខ្ញុំ​យកទៅ​និយាយប្រាប់​ភ្ញៀវ ហើយ​បាន​ធីប​ច្រើន​»​។ 


 
​ចំណែក​យុវជន សុខ វិសាល ក៏​ទទួលបាន​ចំណេះដឹង​មួយផ្នែក​ទៀត​ដែរ ពី​មរតក​វប្បធម៌​នេះ​។ វិសាល យល់ថា ដើម្បី​អភិរក្ស​មរតក​ទាំងនេះ គឺ​យុវជន​មិនគួរ​ទទួល​អារ្យធម៌ ពី​គេ​ច្រើនពេក​ទេ ។ គោរព​នូវ​អ្វី​ដែលជា​របស់​ខ្មែរ​បុរាណ កុំ​ចម្លង ហើយ​កុំ​ធ្វើ​ឲ្យ​លើស ពីអ្វី​ដែលជា​របស់​ខ្មែរ​បុរាណ​។​
 
​ជាមួយគ្នានេះដែរ លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន យល់ថា​មរតក​វប្បធម៌​ទាំងនេះ ជា​អត្ដ​សញ្ញាណ​ជាតិ​មួយ​។ ដូច្នេះ​វា​ជា​រឿង​សំខាន់ ក្នុងការ​អភិរក្ស​មរតក​ទាំងនេះ ហើយ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ គួរ​មានការ​គិតគូរ និង​ជួយ​ការងារ​នេះ ដោយ​ចាប់ផ្តើម​ពី​ក្រុមគ្រួសារ​មួយ ទៅ​គ្រួសារ​មួយ មិនមែន​ចាំបាច់​ទាល់តែ​ស្ថាប័ន​ធំៗ ដែល​កំពុងធ្វើការ​រឿងនេះ​ទេ​។ ការបណ្ដុះបណ្ដាល ឬ​ការចាប់ផ្តើម​គិត គួរ​ផ្តើម​ពី​យើងទាំងអស់គ្នា​៕


 

Tag:
 មរតក​រូបី​អរូបី​
  វប្បធម៌​
  អាំង ជូ​លាន​
© រក្សាសិទ្ធិដោយ thmeythmey.com