ជាតិ
«​ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​ដល់​អ្នក​ដាំ​»​ទូន្មាន អ្នកទទួលផល​ឲ្យ​ចេះដឹង​គុណ​!
07, Jul 2019 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ តាំងពី​យូរលង់​មកហើយ សង្គម​ខ្មែរ​គឺជា​សង្គម​មួយ​ដែល​ត្រូវបាន​គេ​គិតថា​មាន​វប្បធម៌​ដឹងគុណ​។ ការអះអាង​បែបនេះ​ផ្អែកលើ​ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​ខ្មែរ ជាពិសេស គឺ​សកម្មភាព​របស់​កូនចៅ​ចំពោះ​ឪពុកម្ដាយ និង​ជីដូន​ជីតា​របស់​ពួកគេ ដូចជា ការ​តបស្នង ការបម្រើ​និង​ការថែទាំង​ឪពុកម្ដាយ ជីដូន​ជីតា​ចាស់ៗ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ការជូន​ម្ហូបអាហារ នំចំណី របស់​ប្រើប្រាស់ និង​ប្រាក់កាស ដល់​ពួកគាត់​ក្នុងឱកាស​បុណ្យ​ផ្សេងៗ ដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យ​ភ្ជុំបិណ្ឌ បុណ្យបច្ច័យបួន បុណ្យ​កតញ្ញុតា ជាដើម​។​


 
​លើសពីនេះ​ទៀត​នៅក្នុង​រឿងព្រេង និង​ប្រលោមលោក​មួយចំនួន​ក៏បាន​បង្ហាញ​ពី​តួអង្គ​ដែល​បាន​ប្រតិបត្តិ​វប្បធម៌​ដឹងគុណ​ផងដែរ ដូចជា​រឿង​កែវ​ឡុង​កែវ​ឡាយ​ជាដើម​។ យ៉ាងណាមិញ នៅក្នុង​សុភាសិត​ខ្មែរ​មួយ​ដែល​លើកឡើងថា «​ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​ដល់​អ្នក​ដាំ​» ក៏ត្រូវ​បាន​គេ​គិតថា ជាការ​ដាស់សតិ​កូន​ខ្មែរ​ឱ្យ​ប្រតិបត្តិ​វប្បធម៌​ដឹងគុណ​ដែរ​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​បង្កប់​គំនិត​អប់រំ​បែបណា​ដែរ​?
 
​ក្នុងន័យ​ត្រង់ សុភាសិត «​ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​ដល់​អ្នក​ដាំ​» មានន័យថា ប្រសិនបើ​យើង​បាន​ទឹក​ផឹក ឬ​បាន​ម្លប់​ជ្រក យើង​ត្រូវតែ​នឹក​គុណ​ដល់​ប្រភព​ដែលនាំឱ្យ​មានទឹក ឬ​ប្រភព​ដែលនាំឱ្យ​មាន​ម្លប់​។ ជា​ការណ៍​ពិត ប្រភពទឹក​អាចមាន​ពី​ធម្មជាតិ ដូចជា បឹង ត្រពាំង អូរ ប្រឡាយ ព្រែក ស្ទឹង ទន្លេ ជាដើម ប៉ុន្តែ ប្រភព​ដែល​បាន​រៀបរាប់​ទាំងនេះ ក៏​អាច​បង្កើតឡើង​ដោយ​ការប្រើ​កម្លាំង​របស់​មនុស្ស​ដែរ​។ ចំណែកឯ​ប្រភព​នៃ​ម្លប់​ក៏​វិញ ដូចគ្នា​ដែរ ម្លប់ឈើ​អាច​បានមកពី​ឈើ​ឬ​ព្រៃ​ធម្មជាតិ ប៉ុន្តែ វា​ក៏​អាចបង្កើត​ឡើង​ពី​ឈើ​ដែល​មនុ​ស្សដាំ​ដែរ​, លើសពីនេះ ម្លប់​នៃ​ផ្ទះ ខ្ទម សលា​ឆ​ទាន ជាដើម សុទ្ធសឹងតែ​កើតឡើង​ដោយ​មនុស្ស​ជា​អ្នក​សាសង់ សម្រាប់​ការ​ជ្រក​អាស្រ័យ​របស់​មនុស្ស​ទូទៅ​។​
 
​ហេតុនេះហើយ អ្នក​ទាំងឡាយណា​ដែល​បាន​ផឹកទឹក ឬ​បាន​ជ្រក​ម្លប់​ទាំងនោះ អ្នកនោះ​ត្រូវតែ​គោរព​ដឹងគុណ​ដល់​អ្នក​ដែល​បាន​បង្កើតឱ្យមាន​ទឹក ឬ​ម្លប់​នោះ​។ នេះ​គឺជា​វប្បធម៌​នៃ​ការដឹងគុណ​ដែល​សង្គម​ខ្មែរ​ធ្លាប់មាន​តាំងពី​យូរលង់​ណាស់​មកហើយ​។ ចំពោះ​មនុស្ស​ខ្លះ មិន​គ្រាន់តែ​បាន​អរគុណ​ដល់​មនុស្ស​ដែលជា​អ្នកបង្កើត​ប្រភពទឹក ឬ​ម្លប់​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​អរគុណ​ដល់​ធម្មជាតិ ឬ​ព្រះ​ជា​ម្ចាស់​ដែល​ពួកគេ​ជឿថា ជា​អ្នក​បង្កើតឱ្យមាន​ប្រភពទឹក ឬ​ម្លប់​នេះ​ផងដែរ​។​
 
​ចំពោះ​ន័យធៀប​វិញ សុភាសិត «​ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​ដល់​អ្នក​ដាំ​» មានន័យថា ប្រសិនបើ​យើង​ទទួលបាន​ភោគផល លទ្ធផល​ល្អ ការអភិវឌ្ឍ សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុដុម​ភាព សុខុមាលភាព ឬ​សុភមង្គល ជាដើម យើង​តែ​ត្រូវ​នឹក​គុណ​ដល់​បុព្វការី​របស់​យើង​ដែលជា​អ្នក​ផ្ដួច​ផ្ដើមគំនិត អ្នកបង្កើត​ចំណេះដឹង អ្នកបង្កើត​ទំនៀមទម្លាប់ អ្នក​លះបង់​កម្លាំងចិត្ត កម្លាំង​ការ សាច់​ស្រស់ ឈាម​ស្រស់ និង​បាន​ពុះពារ​គ្រប់ការ​លំបាក ដើម្បី​បង្កើតឱ្យមាន​របស់​ទាំង​អស់នេះ​។​
 
​និយាយ​ម្យ៉ាង​ទៀតថា អ្នកជំនាន់ក្រោយ​ត្រូវតែ​ចេះ​អរគុណ​ដល់​អ្នក​ជំនាន់​មុន កូន​ត្រូវតែ​អរគុណ​ដល់​ឪពុកម្ដាយ​និង​ជីដូន​ជីតា​ដែល​បានធ្វើ​អ្វី​ដើម្បី​គ្រួសារ​។ ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​សន្តិភាព​និង​ការអភិវឌ្ឍ ត្រូវតែ​ដឹងគុណ​ដល់​វីរៈ​កងទ័ព អ្នកដឹកនាំ និង​អ្នក​រួមចំណែក​ដទៃទៀត​។​
 
​ជារួម សុភាសិត «​ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​ដល់​អ្នក​ដាំ​» បាន​បង្កប់​នូវ​វប្បធម៌​ដឹងគុណ​ដ៏​ជ្រាលជ្រៅ ដែល​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​សង្គម​ខ្មែរ​ក៏ដូចជា​សង្គមមនុស្ស​ទូ​ទៅ​ស្វែងរក​និង​ស្វែងយល់​ពី​ប្រភព​ដែល​បង្កើតឱ្យមាន​ផល​ល្អ គោរព​និង​ដឹងគុណ​ដល់​អ្នក​ដែល​បាន​បង្កើតឱ្យមាន​សមិទ្ធ​ផល​ឬ​ស្នាដៃ អ្នក​កសាង អ្នក​ដែល​បាន​ជួយសង្គ្រោះ និង​អ្នកផ្ដល់ជំនួយ ជាដើម​។ លើសពីនេះ សុភាសិត​នេះ​ក៏​ចង់ឱ្យ​អ្នកជំនាន់ក្រោយ ឬ​អ្នក​ដែល​បាន​ទទួលផល​ពី​បុព្វការី ចេះ​ដកស្រង់​បទពិសោធន៍ បន្តវេន ផ្ដល់​កិត្តិយស និង​អាច​តបស្នង​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​៕ 
 
​ដោយ​សាស្ត្រាចារ្យ លោក ឈ​ត ប៊ុន​ថង 
 

Tag:
 សុភាសិត​
© រក្សាសិទ្ធិដោយ thmeythmey.com