កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ី​ល​លើក​ពាន Copa America លើក​ទី​៩ ក្រោយ​ឈ្នះ​ប៉េ​រូ ៣-១
08, Jul 2019 , 7:34 am        
រូបភាព
​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​បាន​ក្លាយជា​ជើងឯក​ពានរង្វាន់​ប្រចាំ​ទ្វីបអាមេរិក​ឡាទីន Copa America ឆ្នាំ​២០១៩ និង​ជា​លើក​ទី​៩​របស់​ពួកគេ តាមរយៈ​ការយក​ឈ្នះ​ប៉េ​រូ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ៣-១​។​


​ជំនួប​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៧ ខែកក្កដា នា​កីឡដ្ឋាន Estádio do Maracanã ក្រុង Rio de Janeiro ប្រេ​ស៊ី​ល​ជា​អ្នក​របស់​គ្រាប់​នាំមុខ​មុន​នៅ​១៥​នាទី​ដំបូង​នៃ​វគ្គ​ទីមួយ​ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែបម្រើ Everton​។ ជិត​បញ្ចប់​វគ្គ​ទី​១​ទៅហើយ ​ក្រុម​ទាំងពីរ​អាច​ស៊ុតគ្នា​បាន​ម្នាក់​១​គ្រាប់​ទៀត ពោលគឺ​ប្រធាន​ក្រុម Jose Paolo Guerrero ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ប៉េ​រូ​តាម​ស្មើ​នៅ​នាទី​៤៤ មុន​ខ្សែប្រយុទ្ធ Gabriel Jesus ​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នាំមុខ ២-១ ជាថ្មី​នៅ​នាទី​៤៥​។​
 
​ចូលដល់​វគ្គ​ទី​២ ក្រុម​ទាំងពីរ​បាន​បន្ត​វាយ​សម្រុក​គ្នា​យ៉ាងខ្លាំង​។ នៅ​នាទី​៧០ Jesus ខ្សែប្រយុទ្ធ​របស់ Manchester City ទទួលបាន​កាត​ក្រហម ស្របពេល​រូបគេ​បង្ហាញ​ការមិន​ពេញចិត្ត​ជាមួយ​អាជ្ញា​កណ្តាលកាត់សេចក្តី និង VAR​។​
 
​ប៉ុន្តែ​បើ​ទោះ​សល់​គ្នា​១០​នាក់​ក្តី ប្រេ​ស៊ី​ល​នៅតែ​អា​ចរក​គ្រាប់​បាល់​ទី​៣​របស់ខ្លួន​នៅ​នាទី​៩០ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Richarlison ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។ ចប់​ការប្រកួត​សាំ​បា​ប្រេ​ស៊ី​ល​ឈ្នះ​ប៉េ​រូ ៣-១​។​
 
​ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​ប្រេ​ស៊ី​ល​លើក​ពាន​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​សម្រាប់​ឆ្នាំ​២០១៩​នេះ និង​ជា​ពាន​លើក​ទី​៩ បន្ទាប់ពី​ពួកគេ​ឈ្នះ​លើកដំបូង​ក្នុង​ឆ្នាំ​១៩១៩ និង​បន្តបន្ទាប់​ឆ្នាំ ១៩២២, ១៩៤៩, ១៩៨៩, ១៩៩៧, ១៩៩៩, ២០០៤ និង​២០០៧​។ 
 
​ប្រេ​ស៊ី​ល​ឈ្នះ Copa America ច្រើនជាងគេ​លំដាប់​ទី​៣ តាម​ពីក្រោយ​អ៊ុយ​រូ​ហ្គា​យ​ដែល​ឈ្នះ​ច្រើនជាងគេ​១៥​លើក និង​ទី​២​អា​ហ្ស​ង់​ទីន​ចំនួន​១៤​ដង​។ ប៉េ​រូ​ដែល​បាន​ជើងឯក​រង ធ្លាប់​ឈ្នះ​២​លើក​ផងដែរ​។ អាហ្សង់ទីនទទួលបានចំណាត់ថ្នាក់ទី៣ ក្នុងព្រឹត្តិការណ៍នេះ ក្រោយឈ្នះស៊ីលី ២-១៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com