ការនាំចេញរថយន្ត កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិករបស់ថៃ កំពុងប្រឈមមុខនឹងហានិភ័យ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមជាមួយសហភាពអឺរ៉ុប ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ។ ក្រៅពីនេះ វិស័យសំខាន់ៗផ្សេងទៀត រួមមាន កាត់ដេរ គ្រឿងអលង្ការ អង្ករ និងគ្រឿងសមុទ្រជាដើម ក៏អាចទទួលរងផលប៉ះពាល់ផងដែរ។
ថៃ ពុំមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ហើយប្រព័ន្ធអនុគ្រោះរបស់អឺរ៉ុបសម្រាប់ប្រទេសថៃ ត្រូវបានកាត់ផ្តាច់កាលពីឆ្នាំ ២០១៥កន្លងទៅ ដូច្នេះវាមានន័យថា ការនាំចេញផលិតផលរបស់ថៃទាំងអស់ នឹងត្រូវជាប់ពន្ធ។ ផ្ទុយទៅវិញ វៀតណាម និងសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ហើយត្រៀមដាក់ឲ្យចូលជាធរមាននាពេលណាមួយក្នុងឆ្នាំ២០១៩នេះ។
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ ខែកក្កដា អគ្គនាយកនៃការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយពាណិជ្ជកម្មថៃ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងមានមហិច្ឆតាបំផុត ដែល EU បានបង្កើតឡើងជាមួយប្រទេសកំពុងអភិវឌ្ឍ។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា៖ «ដូច្នេះ វៀតណាម អាចទាញផលប្រយោជន៍ច្រើនជាងប្រទេសថៃពីកិច្ចព្រមព្រៀងនេះ»។
ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម ពន្ធរហូតដល់ ៩៩ភាគរយលើទំនិញរបស់ភាគីទាំងពីរ នឹងត្រូវលុបចោល ។ សម្រាប់ដំណាក់កាលដំបូង ពន្ធចំនួន ៦៥ភាគរយលើការនាំចេញពី EU ទៅកាន់វៀតណាម នឹងត្រូវកាត់ចេញភ្លាមៗ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈពន្ធដែលនៅសេសសល់ នឹងត្រូវលុបចោលជាបន្តបន្ទាប់ ក្នុងរយៈពេល១០ឆ្នាំ។
ចំពោះការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបវិញ ជាបឋម ពន្ធចំនួន ៧១ភាគរយ នឹងត្រូវដកចេញ កាលណាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ចូលជាធរមាន។ ចំណែកឯ ពន្ធដែលនៅសេសសល់ នឹងត្រូវលុបចោលក្នុងរយៈពេល ៧ឆ្នាំ។ ចំណែកក្នុងកិច្ចព្រមព្រៀង EVIPA សហភាពអឺរ៉ុប នឹងជួយវៀតណាមអភិវឌ្ឍលក្ខខណ្ឌនៃការវិនិយោគ ការអនុវត្តច្បាប់ និងតម្លាភាព ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែមទៀត។
តាមកាសែតបាងកកប៉ុស្តិ៍ លោកស្រី Pimchanok ព្រមានថា ក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត ក្នុងប្រទេសថៃ គួរត្រៀមលក្ខណៈសម្រាប់ស្ថានការណ៍ដែលរោងចក្រផលិតរថយន្តជាច្រើនអាចផ្លាស់ប្តូរទីតាំងទៅកាន់វៀតណាម។ ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ទៀតថា រោងចក្រក្នុងស្រុក ត្រូវតែពង្រឹងប្រសិទ្ធភាព និងពន្លឿនផលិតកម្មនៃយានយន្តជំនាន់ថ្មីៗ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃរូបនេះ អះអាងទៀតថា រោងចក្រផលិតកុំព្យូទ័រ និងគ្រឿងអេឡេចត្រូនិកមួយចំនួនទៀត ក៏ប្រឈមមុខនឹងការផ្លាស់ប្តូរទីតាំងទៅកាន់វៀតណាមផងដែរ ព្រោះថាប្រទេសនេះ មានភាពប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីអភិវឌ្ឍរោងចក្រអេឡិចត្រូនិកផ្ទាល់ខ្លួន។
ក្រៅពីនេះ វិស័យសំខាន់ៗផ្សេងទៀត រួមមាន កាត់ដេរ គ្រឿងអលង្ការ អង្ករ និងគ្រឿងសមុទ្រជាដើម ក៏អាចទទួលរងផលប៉ះពាល់ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម និងអឺរ៉ុបផងដែរ។ ហេតុផលនោះគឺថា កម្លាំងពលកម្មក្នុងប្រទេសវៀតណាម មានតម្លៃថោកជាងប្រទេសថៃ។
ទោះជាបែបនេះក្តី លោកស្រី Pimchanok លើកឡើងថា ប្រទេសថៃ ត្រូវតែអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ខ្ពស់ ដើម្បីបន្ថែមតម្លៃទៅកាន់ផលិតផល និងរក្សាភាពប្រកួតប្រជែង។ ការិយាល័យលោកស្រី មានសុទិដ្ឋិនិយមថា EU នឹងចូលរួមក្នុងកិច្ចចរចាដូចគ្នានេះជាមួយថៃ ព្រោះថាប្លុកពាណិជ្ជកម្មដ៏ធំនេះ ចង់ចូលទៅកាន់ទីផ្សារវេជ្ជសាស្ត្រ រថយន្ត និងគ្រឿងស្រវឹងក្នុងស្រុកថៃ។
សូមបញ្ជាក់ថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២ របស់ EU ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុប ស្មើនឹង ៥០,៤ពាន់លានដុល្លារ។ ក្នុងចំណោមនេះ ការនាំចេញរបស់វៀតណាម ស្មើនឹង ៣៨,៣ពាន់លានដុល្លារ និងការនាំចូលស្មើនឹង ១២,១ពាន់លានដុល្លារ។ ចំណែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងអឺរ៉ុប មានចំនួនសរុប ៤៤,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។ ក្នុងចំណោមតួលេខសរុបនេះ ការនាំចេញរបស់ថៃ ស្មើនឹង ២៣,៧ពាន់លានដុល្លារ និងការនាំចូល ស្មើនឹង ២០,៨ពាន់លានដុល្លារ៕