ជាតិ
UNFPA ប្រារព្ធខួបបេសកកម្ម២៥ឆ្នាំ ដើម្បីសុខភាពបន្តពូជ និងសមភាពយេនឌ័រនៅកម្ពុជា រូបពីហ្វេសប៊ុក UNFPA Cambodia
× កម្មវិធីចំនួន៤ទាក់ទងនឹងគោលនយោបាយនៃសុខភាពបន្តពូជ និងសមភាពយេនឌ័រ នឹងត្រូវប្រារព្ធក្នុងពេលតែមួយនៅថ្ងៃទី១១ខែកក្កដានេះ ចាប់ពីវេលាម៉ោង២រសៀលនៅមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុនកម្ពុជា (CJCC)។
ថ្ងៃទី១១ខែកក្កដា គឺជាទិវាប្រជាជនពិភពលោក។ មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជាបានសម្រេចចិត្តជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីយកទិវា១១កក្កដានេះរៀបចំពិធីរំឭកខួបដ៏សំខាន់ចំនួន៣ទៀតក្នុងពេលតែមួយគឺ៖ ទីមួយ ជាខួប២៥ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD), ទីពីរ ជាខួប២៥ឆ្នាំនៃបេសកកម្មរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជននៅកម្ពុជា (UNFPA Cambodia) និងទីបី គឺជាខួប៥០ឆ្នាំនៃកំណើតមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។
តាំងពីឆ្នាំ១៩៦៩ UNFPA ត្រូវបានបង្កើតឡើងដើម្បីធានាសុវត្ថិភាពនៃសុខភាពបន្តពូជរបស់មនុស្ស ផ្តល់ការថែទាំដល់ស្ត្រីមានផ្ទៃពោះ ធានាសុវត្ថិភាពពេលសម្រាលមិនឲ្យទារកស្លាប់ លើកកម្ពស់សមភាពយេនឌ័រ និងធានាថាសក្កានុពលនៃមនុស្សវ័យក្មេងត្រូវបានបំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ UNFPA Cambodia បានសរសេរថា ក្នុងឱកាសនៃពិធីរំឭកខួប២៥ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា រដ្ឋាភិបាលកម្ពុជា និង UNFPA ចង់ប្រារព្ធសមិទ្ធផល និងស្នាដៃដែលពួកគេបានសម្រេចក្នុងរយៈពេល២៥មកនេះ ក្នុងកិច្ចការលើកស្ទួយសុខភាពបន្តពូជរបស់បុរសស្ត្រីនិងយុវជននៅកម្ពុជាផងដែរ។
ជាងនេះទៅទៀត ការប្រារព្ធពិធីសិទ្ធិ និងជម្រើសនៃសុខភាពបន្តពូជថ្ងៃទី១១កក្កដានោះ ក៏ជាឱកាសនៃការអំពាវនាវដល់ហត្ថលេខី នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលមានទាំងកម្ពុជាផងដែរ ត្រូវពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យបានពេញលេញនៅឆ្នាំ២០៣០។
នៅក្នុងកម្មវិធីរសៀលថ្ងៃទី១១ខែកក្កដានេះ នឹងមានការតាំងពិពណ៌រូបថត ការសំដែងរបាំបុរាណ និងសកម្មភាពនានាជាច្រើន ដើម្បីបង្ហាញពីបេសកកម្មរបស់ UNFPA នៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com