ជាតិ
ជនជាតិភាគតិច​នៅ​រតនគីរី​ជួប​ការលំបាក​ក្រោយពី​បាត់​ដីចម្ការ​
08, Jul 2019 , 7:59 pm        
រូបភាព
អ្នកស្រី ល្មាម ផ្ចាញ អាយុ៤៥ឆ្នាំ ជនជាតិដើម​ភាគតិច​កាចក រស់នៅ​ក្នុង​ភូមិកាក់ ឃុំតាឡាវ ស្រុក​អណ្តូងមាស ខេត្តរតនគិរី ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម។ (ស៊ុន ណារិន/VOA)
អ្នកស្រី ល្មាម ផ្ចាញ អាយុ៤៥ឆ្នាំ ជនជាតិដើម​ភាគតិច​កាចក រស់នៅ​ក្នុង​ភូមិកាក់ ឃុំតាឡាវ ស្រុក​អណ្តូងមាស ខេត្តរតនគិរី ដែល​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ៖ ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​វៀតណាម ហ័ង​អា​ញ់ យ៉ា​ឡាយ (Hoang Anh Gia Lai (HAGL) ទំនងជា​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​ជនជាតិដើម​ភាគតិច​ក្នុងស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​រតនគីរី​។

 
​នៅ​ឆ្នាំ​២០១០ រដ្ឋាភិបាល​បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥​ម៉ឺន​ហិកតា​ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង​អា​ញ់ យ៉ា​ឡាយ ដើម្បី​ធ្វើការ​វិនិយោគ​លើ​ការដាំ​ដំណាំ​កៅស៊ូ​រយៈពេល​៩៩​ឆ្នាំ​។ ប៉ុន្តែ ការផ្ដល់​ដី​សម្បទាន​នេះ​បានធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច បាត់បង់​ចំណូល​និង​បាត់បង់​ដីស្រែ​ចម្ការ​សម្រាប់​បង្កប​ង្កើ​ន​ផល​កសិកម្ម​និង​បាត់បង់​ព្រៃ​អារក្ស ដែលជា​ព្រៃ​សក្ការៈ​ពី​ដូនតា​របស់​ពួកគេ​។​
 
​អ្នកស្រី ល្មា​ម ផ្ចាញ រស់នៅក្នុង​ភូមិ​កាក់ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស គឺជា​សាក្សី​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​នេះ​។​
 
«​អា​ទឹកអូរ​ក៏​ឈូស​លុប​អស់​។ កន្លែង​រកត្រី ក៏​អត់​មាន កន្លែង​យើង​រក​បន្លែ ក៏​អត់​មាន​។ តាំងពី​ក្រុមហ៊ុន​ចូល ពិបាក​មែនទែន​។ អត់​ដូច​មុន​ទេ ដី​យើង​នៅ​សំបូរ​»​។​
 
​អ្នកស្រី ផ្ចាញ អាយុ​៤៥​ឆ្នាំ គឺជា​ជនជាតិដើម​ភាគតិច​កាចក​។ អ្នកស្រី​បាន​បាត់បង់​ដី​ប្រមាណ​៦​ហិកតា​។ ការបាត់បង់​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​បាត់បង់​លទ្ធភាព​ដាំ​បន្លែបង្ការ​ចិញ្ចឹមសត្វ​និង​ធ្វើ​ចម្ការ​ស្រែ​។​


អ្នកស្រី ល្មាម ផ្ចាញ ជនជាតិដើម​ភាគតិច​កាចក ឈរ​នៅក្នុង​ផ្ទះ​របស់​អ្នកស្រី ដែល​មាន​គ្នា​រស់នៅ​១០នាក់។ (ស៊ុន ណារិន/VOA)
 
​នៅក្នុង​ផ្ទះ​របស់​អ្នកស្រី ដែល​ជញ្ជាំង​ធ្វើ​ពី​ឫស្សី ដោយសារ​អ្នកស្រី​ពុំមាន​លទ្ធភាព​រក​ឈើ​ធ្វើ​ផ្ទះ ដូច​ពេល​សំបូរ​ព្រៃ អ្នកស្រី ផ្ចាញ បាន​ឲ្យ​ដឹងថា តាំងពី​ដូនតា​មក អ្នកស្រី​តែងតែ​ធ្វើ​ចម្ការ​វិលជុំ​នៅ​លើដី​ដែលមាន​នៅក្នុង​សហគមន៍​។​
 
​ប៉ុន្តែ​បច្ចុប្បន្ននេះ អ្នកស្រី​និង​អ្នកភូមិ​ផ្សេងទៀត មិន​អាចធ្វើ​ការដាំដុះ​ដូច​ទម្លាប់​បានទេ ដោយសារ​ដី​របស់​ពួកគេ​ដែល​ធ្លាប់ធ្វើ​ការដាំដុះ​នោះ​ត្រូវ​ក្រុមហ៊ុន​វៀតណាម​អះអាង​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​។​
 
«​អ្នកភូមិ​ខ្ញុំ​ទៅធ្វើ​ចម្ការ​វិលជុំ យើង​ដាំ​ដំណាំ ដាំ​ស្រូវ ក្រុមហ៊ុន​អត់​ឲ្យ​ទេ​។ គេ​ថា​អត់​ឲ្យ​ទេ នេះ​ដី​ខ្ញុំ​។ ដី​ក្រុមហ៊ុន អត់​ត្រូវ​ដី​សហគមន៍​ទេ​»​។​
 
​ដូចគ្នានេះដែរ​លោក កា​ស៊ុ​ល មិ​ត ក៏បាន​បាត់បង់​ដី​ចំនួន​១​ហិកតា​ក្នុង​ចំណែក​ដី​ដែល​រដ្ឋាភិបាល​កាត់​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​វៀតណាម​ហ័ង​អា​ញ់ យ៉ា​ឡាយ​។​
 
​ជនជាតិដើម​ភាគតិច​កាចក វ័យ​៧៣​ឆ្នាំ រូបនេះ​មានប្រសាសន៍ថា ក្រោយពី​បាត់បង់​ដីធ្លី លោក​មិនអាច​ទៅធ្វើ​កិច្ចការ​ផ្សេងទៀត​ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​នោះទេ​។​


លោក កាស៊ុល មិត អាយុ​៧៣ឆ្នាំ ជនជាតិដើម​ភាគតិច​ម្នាក់ទៀត បាន​បាត់បង់​ដី​ចំនួន​១ហិកតា ទៅ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម។ (ស៊ុន ណារិន/VOA)
 
​លោក​ទទូចថា លោក​ត្រូវការ​ដីស្រែ​ត្រឡប់មកវិញ​ដើម្បី​បន្ត​មុខរបរ​កសិកម្ម​ដែលជា​ទេពកោសល្យ​ប្រចាំជីវិត​តែមួយគត់​ដែល​លោក​មាន​។​
 
«​ខ្ញុំ​ត្រូវ​ការធ្វើ​ចម្ការ ធ្វើស្រែ ទុក​ឲ្យ​កូនចៅ ប៉ុន្តែ​ខ្ញុំ​នេះ​ជិត​រណ្ដៅ​ហើយ​។ ជិត​គេ​ទម្លាក់​រណ្ដៅ​ហើយ ទុក​ឲ្យ​កូនចៅ​ទៀត​។ យើង​រស់ រស់​ដោយសារ​ដី​»​។​
 
​បើតាម​របាយការណ៍រ​បស់​អង្គការ​សមធម៌​កម្ពុជា ជនជាតិដើម​ភាគតិច​១២​សហគមន៍ ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​អូរ​ជុំ សរុប​ប្រមាណ​១៣៧០​ខ្នង បាន​រងគ្រោះ​នៅក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ហ័ង​អា​ញ់ យ៉ា​ឡាយ​។ ដីស្រែ​ចម្ការ​របស់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​ចំនួន​១​ម៉ឺន​៩​ពាន់​ហិកតា បាន​ធ្លាក់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន​វៀតណាម​នេះ​។​
 
​អង្គការ​ដដែល​គូសបញ្ជាក់ថា ការបាត់បង់​ដីធ្លី​នេះ បានធ្វើ​ឲ្យ​ការរក​អាហារ​និង​ផលិតផល​ព្រៃឈើ​នៃ​ជនជាតិដើម​ភាគតិច​ទាំងនេះ ធ្លាក់ចុះ​យ៉ាងច្រើន ដូចជា​បាត់បង់​ឈើ​ដើម្បី​ពួកគេ​អាច​រក​ជ័រចុង ការរក​ត្រី ឃ្មុំ អុស ថ្នាំបុរាណ សត្វព្រៃ ផ្លែឈើព្រៃ បន្លែ​ព្រៃ វល្លិ និង​ផ្ដៅ​ជាដើម​។​
 
​អង្គការ​សមធម៌​កម្ពុជា​បង្ហាញ​ទៀតថា​មុន​ពេលដែល​ក្រុមហ៊ុន​សម្បទាន​ធ្វើការ​វិនិយោគ ប្រជាជន​ជាង​៨០​ភាគរយ​បាន​ប្រមូល​ឈើ​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ផ្ទះ ឬក៏​ការបង្កើត​ចំណូល​។​
 
​ប៉ុន្តែ​ក្រោយមក​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ទៅដល់​៣០​ភាគរយ​ដោយសារ​ក្រុមហ៊ុន​បាន​កាប់​ព្រៃឈើ និង​បាន​បិទផ្លូវ​មិន​ឲ្យ​ប្រជាជន​ចូលទៅ​ក្នុងព្រៃ​។​
 
​លោក អៀង វុទ្ធី ប្រធាន​អង្គការ​នេះ បាន​ថ្លែងថា ប្រជាជន​នៅតែ​បន្ត​ទាមទារ​សំណង​ជា​ដី​សម្រាប់​ពួកគេ​ម្នាក់ៗ និង​ការខូចខាត​កាលពី​កន្លងទៅ បើ​ទោះ​មានការ​សម្រេច​ផ្ដល់​ដី​សម្រាប់​សហគមន៍​រប​ស់​ពួកគេ​។ លោក​បន្តថា ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក៏បាន​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​នៃ​ការរស់នៅ​របស់​ពួកគេ​ផងដែរ​។​
 
«​យើង​សិក្សា គឺ​គាត់​លើក​អញ្ចឹង​ថា​ពីមុន​គាត់​អត់​ពិបាក​ទេ រឿង​ម្ហូប សាច់ បន្លែ​អី តែ​ឥឡូវ គាត់​ត្រូវ​ទិញ​ពី​ផ្សារ​។ ហើយ​គាត់​ត្រូវ​ចំណាយលុយ​ច្រើន ហើយ​គាត់​មានការ​ត្អូញត្អែរថា​បន្លែ​ហ្នឹង វា​អត់​ដូច​របស់គាត់​»​។​


ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ដែល​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក្នុង​ស្រុក​អណ្តូងមាស និង​អូរជុំ រង​ផល​ប៉ះពាល់ ។ (ស៊ុន ណារិន/VOA)
 
​ទាក់ទង​នឹង​ជម្លោះដីធ្លី​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​នេះ កាលពី​ខែមីនា ក្រុមហ៊ុន​វៀតណាម​បាន​ឯកភាព​កាត់​ដី​ជាង​៦០​កន្លែង ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​។ ក្នុងនោះ​មាន​ដីព្រៃ​អារក្ស តំបន់​ទឹកអូរ​ធម្មជាតិ ព្រៃ​ចម្ការ​វិលជុំ តំបន់ភ្នំ និង​ដីព្រៃ​កប់​សព​ជាដើម​។​ប៉ុន្តែ​ការឯកភាព​នេះ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ក្រសួងកសិកម្ម រហូតមកដល់​ពេលនេះ​។ នេះ​បើ​យោងតាម​មន្ត្រី​សាលាខេត្ត​រតនគិរី​។​
 
​មន្ត្រី​សាលាខេត្ត​រតនគិរី លោក នាង សំអាត ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​ដោះស្រាយ​ជម្លោះ​នេះ បាន​ថ្លែងថា អាជ្ញាធរខេត្ត​បានដាក់​លិខិត​ទៅ​ក្រសួងកសិកម្ម​ក្នុងការ​សម្រេច​កាត់​ដី​មួយចំនួន​ទៅ​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​ដែលមាន​ជម្លោះ​នោះ​។ ប៉ុន្តែ​លោក​ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​ការឆ្លើយ​តប​យ៉ាងណា​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖«​យើង​កំពុងតែ​រង់ចាំ​លទ្ធផល​ពី​ក្រសួង​ហ្នឹង​ថា​តើ​គាត់​ពិចារណា​កាត់​តាម​សំណូមពរ​ដាក់សំណើ​រប​ស់​ខេត្ត​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ ឬមួយ​គាត់​ចង់​មក​សិក្សា​បន្ថែមទៀត មុននឹង​ការសម្រេច​»​។​
 
​មន្ត្រី​សាលាខេត្ត​រូបនោះ បាន​បញ្ជាក់ថា ជនជាតិដើម​ភាគតិច​ខ្លះ​ចង់​គ្រប់គ្រង​ដី ដោយ​មិន​យល់​ពី​ផ្លូវច្បាប់​។​
 
VOA មិនអាច​សុំ​ការឆ្លើយតប​ពី​ក្រុមហ៊ុន​ហ័ង​អា​ញ់ យ៉ា​ឡាយ បាន​នៅឡើយ​ទេ​។ VOA ក៏​មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បានដែរ​។​
 
​ទាក់ទង​នឹង​ការផ្ដល់​ដី​របស់​អាជ្ញាធរខេត្ត លោក សេវ សឿន តំណាង​សហគមន៍​កាក់ បាន​ប្រសាសន៍ថា​៖«​យើង​សប្បាយចិត្ត​សម្រាប់​ដូនតា​របស់​យើង​»​។ ប៉ុន្តែ​លោក​នៅតែ​ទាមទារ​សំណង​នៃ​ការខូចខាត​ប៉ុន្មាន​ឆ្នាំ​មកនេះ​បន្ថែមទៀត​។ លោក​បន្តថា ពលរដ្ឋ​នៅតែ​ទាមទារ​សំណង​បុគ្គល និង​ដី​បុគ្គល​ដែល​ពួកគេ​បាន​បាត់បង់​យូរ​មកហើយ​។​
 
​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ហៅ​កាត់​ថា NGO Forum ដែល​បានធ្វើការ​លើ​បរិស្ថាន​និង​ដី​សម្បទាន​សេដ្ឋកិច្ច បាន​រាយការណ៍​កាលពី​ឆ្នាំ​២០១៣​ថា ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការរុករក​រ៉ែ និង​ទំនប់​វា​រី​អគ្គិសនី ជម្លោះដីធ្លី ការកាប់បំផ្លាញ​ព្រៃឈើ និង​ការកាប់​ឈើ​លក់​ដោយ​ខុសច្បាប់ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​។​


ក្មេងស្រី​ជនជាតិដើម​ភាគតិច​ម្នាក់​ក្នុងភូមិកាក់ ឃុំតាឡាវ កំពុង​ច្រក​ទឹកអណ្តូង​សម្រាប់ប្រើប្រាស់។ (ស៊ុន ណារិន/VOA)
 
​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា មាន​ប្រមាណ​១៩​ម៉ឺន​នាក់ ដែល​ស្មើនឹង​ប្រមាណ​១,៤​ភាគរយ​នៃ​ប្រជាជន​កម្ពុ​ជាជាង​១៦​លាន​នាក់​។​
 
​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មានការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​អ្នកវិនិយោគ រហូតដល់​ជិត​១​ម៉ឺន​ហិកតា សម្រាប់​ក្រុមហ៊ុន​មួយ ដែល​ពួកគេ​អាច​គ្រប់គ្រង​បាន​រយៈពេល​៩៩​ឆ្នាំ​។​ប៉ុន្តែ​ក្រោយមក នៅ​ឆ្នាំ​២០១២ បន្ទាប់ពី​ការបណ្ដេញចេញ​ដោយ​បង្ខំ​ជាច្រើន​ឆ្នាំ និង​ការតវ៉ា​ជាច្រើន​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី រដ្ឋាភិបាល​បានសម្រេច​បញ្ឈប់​ការផ្ដល់​ដី​សម្បទាន​និង​កំណត់​រយៈពេល​នៃ​ការគ្រប់គ្រង​ដី​សម្បទាន​ទាំង​នោះមក​ត្រឹម​រយៈពេល​៥០​ឆ្នាំ​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com