កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រា! អាមេរិកលើកពាន Word Cup ស្ត្រីជាលើកទី៤ក្នុងចំណោម៨លើក រូបភាព ពីវេបសាយ FIFA
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអាមេរិក នៅតែអាចការពារតំណែងជើងឯក FIFA Women's World Cup របស់ខ្លួនបានសម្រេច និងជាការលើកពានទី៤ ក្រោយទទួលជ័យជម្នះ ២-០ លើក្រុមហូឡង់ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីបារាំងឆ្នាំ២០១៩។ អង់គ្លេសទទួលបានចំណាត់ថ្នាក់ទី៤ក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីចាញ់ស៊ុតអែត ២-១ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់ទី៣។
សហប្រធានក្រុម Megan Rapinoe នៅតែអាចរកគ្រាប់បាល់បានក្នុងចំណោមពីរគ្រាប់របស់អាមេរិកនាជំនួបវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែកក្កដា នាកីឡដ្ឋាន Stade de Lyon ដែលសម្រេចបានដោយការស៊ុតបាល់ពីន័យ១១ម៉ែត្រនៅនាទី៦១។ គ្រាប់ទី២ធ្វើបានដោយខ្សែបម្រើ Rose Lavelle នៅ៨នាទីបន្ទាប់ ដែលនាំឲ្យអាមេរិកឈ្នះហូឡង់ ២-០។
ប្រធានក្រុមអាមេរិក Megan Rapinoe
ជ័យជម្នះនេះ បានធ្វើឲ្យម្ចាស់ការពារជើងឯកចាស់ឆ្នាំ២០១៥ អាចលើកពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្នែកនារីជាថ្មីម្តងទៀតដែលបារាំងទទួលសិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ២០១៩នេះ។
អ្វីដែលគួរឲ្យអស្ចារ្យនោះ អាមេរិកបានគ្រងតំណែងជើងឯក World Cup ចំនួន៤លើក (១៩៩១, ១៩៩៩, ២០១៥ និង ២០១៩នេះ) ក្នុងចំណោមការរៀបចំព្រឹត្តិការណ៍ចំនួន៨លើកគិតចាប់ពីឆ្នាំ១៩៩១មក។ អាល្លឺម៉ង់ស្ថិតនៅចំណាត់ថ្នាក់ទី២ក្រោយលើកពាននេះពីរដង (២០០៣ និង២០០៧) ន័រែសមួយលើក (១៩៩៥) និងជប៉ុនឈ្នះម្តងដែរ (២០១១)។
គ្រូអាមេរិកអ្នកស្រី Jill Ellis
សម្រាប់ក្រុមរហស្សនាមទឹកក្រូហូឡង់ ការទទួលបានជើងឯករង ជាលទ្ធផលល្អបំផុតហើយដែលពួកគេធ្វើបាននៅឆ្នាំ២០១៩នេះ និងជាលើកដំបូងដែលក្រុមស្ត្រីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup។ ដោយឡែកចំណាត់ថ្នាក់លេខ៣បានទៅក្រុមស៊ុតអែតក្រោយយកឈ្នះអង់គ្លេស ២-១។
Rapinoe ដែលទាស់សម្តីគ្នាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កន្លងមក បានក្លាយជាម្ចាស់ស្បែកជើងមាស (Golden Boot) នៃព្រឹត្តិការណ៍នេះ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៦គ្រាប់ ខណៈគ្រូជម្រើសជាតិអាមេរិកអ្នកស្រី Jill Ellis ក្លាយជាគ្រូបង្វឹកដំបូងគេដែលដឹកនាំក្រុមឈ្នះពាន World Cup ពីរលើកជាប់គ្នា៕
Tag:
World Cup Women
អាមេរិក
Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com