រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
ថៃ​តាំងចិត្ត​ពង្រឹង​ផលិតកម្ម​យានយន្ត ក្រោយ​អឺរ៉ុប​ងាក​ខ្លាំង​ទៅ​វៀតណាម​
08, Jul 2019 , 7:39 pm        
រូបភាព
អគ្គនាយកនៃការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថៃ លោកស្រី Pimchanok Vonkorpon
អគ្គនាយកនៃការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថៃ លោកស្រី Pimchanok Vonkorpon
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​មើលឃើញ​ពី​ជំហាន​ទៅមុខ​ដ៏​លំបាក​ក្នុង​វិស័យ​ឧស្សាហកម្ម​យាន្ត និង​គ្រឿង​អេឡិចត្រូនិក បន្ទាប់ពី​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​។ បើ​យោងតាម​ការផ្សាយ​របស់​បាងកក ប៉ុស្តិ៍ លោកស្រី Pimchanok Vonkorpon បានលើកឡើង​ពី​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​ហា​នី​ភ័យ​ដែល​អាច​កើតឡើង​នា​ខាងមុខ​។​

 
អត្ថបទទាក់ទង
 
​វៀតណាម និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​គាំពារ​ការវិនិយោគ​សហ​ភាព​អឺរ៉ុប​-​វៀតណាម (EVIPA) ហើយ​ត្រៀម​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នាពេល​ណាមួយ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 
 
«​វៀតណាម អាច​ទាញ​ផលប្រយោជន៍​ច្រើនជាង​ប្រទេស​ថៃ​ពី​កិច្ចព្រមព្រៀង​នេះ​»​។ នេះ​ជាការ​វាយតម្លៃ​របស់​អគ្គ​នាយក​នៃ​ការិយាល័យ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ពាណិជ្ជកម្ម​ថៃ លោកស្រី Pimchanok Vonkorpon ។​
 
​តាម​កាសែត​បាងកក​ប៉ុស្តិ៍ លោកស្រី Pimchanok ព្រមាន​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​រថយន្ត ក្នុងប្រទេស​ថៃ ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានការណ៍​ដែល​រោងចក្រ​ផលិត​រថយន្ត​ជាច្រើន​អាច​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​វៀតណាម​។ 
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​រូបនេះ​បាន​សង្កត់ធ្ងន់ថា រោងចក្រ​ក្នុងស្រុក ត្រូវតែ​ពង្រឹង​ប្រសិទ្ធភាព និង​ព​ន្លឿ​ន​ផលិតកម្ម​នៃ​យានយន្ត​ជំនាន់​ថ្មីៗ​។ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា EVFTA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ និង​មាន​មហិច្ឆតា​បំផុត ដែល EU បាន​បង្កើតឡើង​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​។​
 
 ក្រៅពីនេះ រោងចក្រ​ផលិត​កុំព្យូទ័រ និង​គ្រឿង​អេឡេចត្រូនិក​មួយចំនួនទៀត ក៏​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​វៀតណាម​ផងដែរ ព្រោះថា​ប្រទេស​នេះ មាន​ភាព​ប្រកួតប្រជែង​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​រោងចក្រ​អេឡិចត្រូនិក​ផ្ទាល់ខ្លួន​។ 
 
​ថៃ​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU ហើយ​ប្រព័ន្ធ​អនុគ្រោះ​របស់​អឺរ៉ុប​សម្រាប់​ប្រទេស​ថៃ ត្រូវបាន​កាត់ផ្តាច់​កាល​ពី​ឆ្នាំ ២០១៥​កន្លងទៅ ដូច្នេះ​វា​មានន័យថា ការនាំចេញ​ផលិតផល​របស់​ថៃ​ទាំងអស់ នឹងត្រូវ​ជាប់ពន្ធ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី Pimchanok លើកឡើងថា ថៃ ត្រូវតែ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​នវានុវត្តន៍​ខ្ពស់ ដើម្បី​បន្ថែម​តម្លៃ​ទៅកាន់​ផលិតផល និង​រក្សា​ភាព​ប្រកួតប្រជែង​។ ការិយាល័យ​លោកស្រី មាន​សុទិដ្ឋិនិយម​ថា EU នឹងចូលរួម​ក្នុង​កិច្ចចរចា​ដូចគ្នានេះ​ជាមួយ​ថៃ ព្រោះថា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ ចង់​ចូលទៅ​កាន់​ទីផ្សារ​វេជ្ជសាស្ត្រ រថយន្ត និង​គ្រឿង​ស្រវឹង​ក្នុង​ស្រុកថៃ​៕
 

Tag:
 វៀតណាម​
  ថៃ​
  អឺរ៉ុប​
  FTA
© រក្សាសិទ្ធិដោយ thmeythmey.com