កីឡាអន្តរជាតិ
អន្តរជាតិ
ត្រាំសាទរក្រុមបាល់ទាត់នារីដែលឈ្នះ World Cup ទោះលោកមិនត្រូវគ្នាជាមួយប្រធានក្រុម
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារអបអរសាទរដល់ក្រុមជម្រើសជាតិស្ត្រីអាមេរិកដែលរក្សាតំណែងជើងឯក FIFA World Cup ឆ្នាំ២០១៩ និងជាពានទី៤ជាកំណត់ត្រា ក្រោយជ័យជម្នះ ២-០ លើហូឡង់ បើទោះប្រឈមមុខដាក់គ្នាជាមួយសហប្រធានក្រុម Megan Rapinoe ក្តី។
Megan Rapinoe ដែលរកគ្រាប់បាល់មួយគ្រាប់ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រក្នុងក្រុង Lyon ប្រទេសបារាំង និងជាម្ចាស់ស្បែកជើងមាស (Golden Boots) ក្នុងព្រឹត្តិការណ៍នេះ ធ្លាប់និយាយកាលពីកន្លងមកថា នាងនឹងមិនទៅជាន់សេតវិមាននោះទេប្រសិនបើអាមេរិកឈ្នះពាន World Cup ស្ត្រី លើកទី៨នេះ។
សម្តីរបស់ Rapinoe បែបនេះបានធ្វើឲ្យលោកត្រាំក្តៅស្លឹកត្រចៀក និងឆ្លើយតបវិញតាមរយៈបណ្តាញសង្គម Twitter ដោយប្រាប់ទៅកីឡាការិនីរូបនេះថាឲ្យចេះគោរព «ប្រទេសជាតិផង» និងបន្ថែមថា «ចាំឈ្នះពានជាមុនសិនទៅ សឹមនិយាយបែបនេះ»។ យ៉ាងណាក៏ដោយ ទោះលោកត្រាំបានប៉ះសម្តីគ្នាជាមួយសហប្រធានក្រុមវ័យ៣៤ឆ្នាំនេះក៏ដោយ ក៏លោកនៅតែផ្ញើសារតាម Twitter ផ្ទាល់ដើម្បីអបអរជ័យជម្នះរបស់ក្រុមអាមេរកនេះដែរ។
«សូមអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ស្ត្រីអាមេរិកដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោក! ពួកគេបង្ហាញខ្លួនដ៏អស្ចារ្យ និងគួរឲ្យរំភើប។ អាមេរិកមានមោទកភាពចំពោះអ្នកទាំងអស់គ្នា!»។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ មុនជំនួបវគ្គផ្តាច់ព្រ័ត្រនេះ ត្រាំក៏បានជូនពរក្រុមស្ត្រីអាមេរិកដោយសង្ឃឹមថាពួកគេនឹងធ្វើបានល្អ ហើយអាចឈ្នះពានេះបាន បើទោះលោកមិនបានទស្សនាការប្រកួតនេះក៏ដោយ។
ក្រៅពីត្រាំ និងភរិយារបស់លោកអ្នកស្រី មេឡានីត្រាំ ក៏មានជនល្បីៗជាច្រើនបានផ្ញើសារជូនពរក្រុមស្ត្រីអាមេរិកនេះដែរ ក្នុងនោះរួមមានអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា រួមទាំងភរិយារបស់លោកមីឈីលីអូបាម៉ា។ លោក Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក និងអ្នកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានចូលរួមសារទរជ័យជម្នះនេះដែរ៕
Tag:
World Cup Women
Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com