ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​ផ្នែក​កម្លាំង ថា​កូនសិស្ស​នៅ​ក្លិប CTT រីកចម្រើន​ក្រោយ​ហ្វឹកហាត់​ជាង​៣​ខែ​
08, Jul 2019 , 5:00 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​បន្ទាប់ពី​ចូល​បង្វឹក​ផ្នែក​កម្លាំង និង​កាយសម្បទា នៅ​ក្លិប​ប្រដាល់ Cambodian Top Team អស់​រយៈពេល​ជាង ៣​ខែ​មក លោកគ្រូ​ឡាយ រស្មី ដែល​ទទួល​ភារកិច្ច​នេះ​បានកត់សម្គាល់​ឃើញ​ភាព​រីកចម្រើន​របស់​កូនសិស្ស​ទាំង​ផ្នែក​កម្លាំង និង ចលនា​រហ័សរហួន​ជាង​មុន​ច្រើន​។


 
​ការហ្វឹកហាត់​ផ្នែក​កម្លាំង និង កាយសម្បទា​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​ក្នុង​គ្រប់​ប្រភេទ​កីឡា ហើយ អាច​ទប់​កុំ​ឲ្យ​កីឡាករ​អស់​ស៊ុ​ហ្វ និង​មិន​ងាយ​រងរបួស​ងាយៗ​ពេក​។ ជាង ៣ ខែ​មកនេះ លោក ហ៊ុន ច័ន្ទ​រាជ្យ ម្ចាស់​ក្លិប​ប្រដាល់ Cambodian Top Team (CTT) បាន​ជួល​សេវាកម្ម​អ្នកជំនាញ​ផ្នែក​កម្លាំង​លោក Mark Chen សញ្ជាតិ​ហុ​ល្លង់​។ មិនយូរប៉ុន្មាន លោក Mark Chen បានផ្ដល់​សេចក្ដីទុកចិត្ត និង ទម្លាក់​ការងារ​នេះ​ឲ្យ​អ្នក​ជំនិត​គ្រូបង្វឹក ឡាយ រស្មី ដឹកនាំ​ការហ្វឹកហាត់​ផ្ទាល់​ជា​រៀងមក​។ ឡាយ រស្មី ដែល​ត្រូវបាន​ទំនុកចិត្ត ព្រោះ​គេ​ជា​កីឡាករ​មានបទពិសោធន៍​ច្រើន ហើយ​បានទទួល​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​វគ្គ​ជុំវិញ​ការ​បង្វឹក​ផ្នែក​កម្លាំង និង កាយសម្បទា​ពី​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង បាន​សិក្សា​ច្រើន​ពី​គ្រូបង្វឹក​នានា​រួមទាំង Mark Chen រហូតដល់​សម្រេចបាន​ជំនាញ​បង្ហាត់​នេះ​។ 


 
​ឡាយ រស្មី ដែល​បច្ចុប្បន្ន​ដឹកនាំ​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​ហ្វឹកហាត់​ផ្នែក​កម្លាំង​ដែរនោះ​បាន​គូសបញ្ជាក់ថា ៖«​ឆ្លងតាម​ការហ្វឹកហាត់​ជាង ៣ ខែ​មកនេះ​នៅ CTT យើង​បានធ្វើ​តេស្ត ២ ដង​មកហើយ​។ យើង​នឹងធ្វើ​តេស្ត​បន្តបន្ទាប់​ទៀត និង តេស្ត​សរុប​ក្រោយ​ចប់​លំ​ហាត់​និង​មេរៀន​។ ការធ្វើ​តេស្ត​កន្លងមក​មាន រិ​ន សា​រ័ត្ន , នៅ ស្រី​ពៅ និង ចាន់ សំអាត ជាដើម​...​។ ពួកគេ​មាន​ភាព​រីកចម្រើន​ច្រើន​ដូចជា​ល្បឿន បម្លាស់​ទី ចលនា​មាន​ភាពរហ័សរហួន ភាព​អំណត់​ល្អ កម្លាំង​ស៊ុ​ហ្វ​ល្អ និង សាច់ដុំ​ល្អ​។ ពួកគាត់​មាន​ភាពទន់ភ្លន់​ជាង​មុន​។ ភាពទន់ភ្លន់​មិនមែន​ទន់ខ្សោយ​ទេ គឺ​ទល់​ភ្ល​ន់​រឹងមាំ និង រហ័ស​ជាង​មុន អមដោយ​ភាពបត់បែន​»​។ 
 
​ការហ្វឹកហាត់​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​កីឡាករ​អាជីព​ហើយ​ក្លិប​ប្រដាល់​មួយចំនួន​នៅក្នុង​ស្រុក​ក៏​មិនទាន់មាន​កម្មវិធី​ហ្វឹកហាត់​កម្លាំង និង កាយសម្បទា​នេះ​ត្រឹមត្រូវ​ដែរ ពោល​ត្រឹម​ហាត់​រត់​ដើម្បី​យក​កម្លាំង ប៉ុន្តែ​ពេលនេះ​មាន​ភាពខុសប្លែក​ច្រើន​។ ទន្ទឹមគ្នា​នោះ លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​ប្រាប់​កន្លងទៅ​ថា ក្លិប CTT ត្រូវ​ដើរ​ឲ្យ​ទាន់​សម័យកាល​ដោយ​ផ្លាស់ប្ដូរ​ទម្លាប់​ចាស់ ហើយ​ត្រូវមាន​គ្រូបង្វឹក​ត្រឹមត្រូវ​ផ្នែក​កម្លាំង​នេះ​ព្រោះ​ក្លិប​ជាច្រើន​ហាត់​តែ​បច្ចេកទេស មិនបាន​គិត​អំពី​កម្លាំង​។ 
 
​គ្រូបង្វឹក​វ័យ ២៩ ឆ្នាំ និង ជា​កីឡាករ​នៅ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​រូបនេះ​សង្កត់ធ្ងន់ថា ៖«​ការហ្វឹកហាត់​គឺមាន​ការលំបាក​ច្រើន​ដែរ​សម្រាប់​កីឡាករ ព្រោះ​ពីមុន​ពួកគាត់​មិនដែល​ជួប​លំ​ហាត់​លំបាកៗ​បែបនេះ​ឡើយ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ពួកគាត់ និង​សរសើរ ដោយសារ​ពួកគាត់​ព្យាយាម​ធ្វើ ហើយ​ទោះ​ធ្វើ​មិន​បានល្អ ក៏​គាត់​នៅតែ​ព្យាយាម​ធ្វើ​»​។ 
 
​គ្រូបង្វឹក​ដែលជា​អតីត​ខ្សែការពារ​ជម្រើសជាតិ​កម្ពុជា​រូបនេះ​បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ថា កីឡាករ​ភាគច្រើន​មាន​ភាព​រឹង​ដូចជា​ដៃ​-​ជើង ដែល​ពិបាក​នឹង​កែ​ទម្លាប់ ព្រោះ​ពួកគេ​មិនដែល​បាន​ហ្វឹកហាត់​បែប​ល្បឿន និង ធ្វើ​ឲ្យ​រហ័សរហួន​បែបនេះ​។ យ៉ាងណាក្ដី គ្រូបង្វឹក​ដដែល​នេះ​សូម​សរសើរ​ដល់​ការ​ខំប្រឹង​របស់​កូនសិស្ស​របស់ខ្លួន​រហូត​ធ្វើ​ឲ្យ​មានការ​ប្ដូរ​ជា​វិជ្ជមាន​ដូចជា​មានការ​បត់បែន​លឿន ទន់ភ្លន់​ជាង​មុន​ឆ្ងាយ និង រឹងប៉ឹង​រួមជាមួយ​កម្លាំង​ស៊ុ​ហ្វ​។ 
 
​ក្លិប Cambodian Top Team នៅតែ​មិន​រាថយ​ចំពោះ​ការជួល​សេវាកម្ម​នានា និង គ្រូបង្វឹក​ល្អៗ​ដើម្បី​បង្កើន​សមត្ថភាព​ដល់​កូនសិស្ស​នៅក្នុង​ក្លិប​ទាំងមូល​។ ក្រៅពី​បង្ហាត់​កីឡាករ និង បង្កើត​ទីផ្សារ​ដល់​កីឡាករ​ទាំង​ក្នុងស្រុក និង ទៅ​ប្រកួត​ក្រៅប្រទេស ដូចជា​សង្វៀន ONE Championship និង សង្វៀន​នានា ក្លិប​ក៏មាន​ទទួល​សេវាកម្ម​បង្ហាត់​ដើម្បី​សុខភាព​ផងដែរ​។ ក្លិប​មាន​ទីតាំងនៅ ផ្ទះ​លេខ #2s ផ្លូវ​លេខ ៤៦៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ ចំការ​មាន​រាជធានី​ភ្នំពេញ​។ អ្នក​ចង់​ចូលរួម​ហាត់​ដើម្បី​សុខភាព ឬ ហ្វឹកហាត់​អាជីព សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ពីរ​ខ្សែ ភាសា​ខ្មែរ 012 282 282 និង និយាយ​ជា​ភាសា​អង់គ្លេស​តាមរយៈ​លេខ 089 333 705៕ 

© រក្សាសិទ្ធិដោយ thmeythmey.com