សេដ្ឋកិច្ច
អន្តរជាតិ
ចិនដាក់ទុនជាង ២២លានដុល្លារលើរោងចក្រច្នៃទុរេនក្រៀមនៅថៃ សម្រាប់នាំចេញ
× ក្រុមអ្នកវិនិយោគចិន បានចាប់ដៃជាមួយភាគីថៃដើម្បីសាងសង់រោងចក្រតម្លៃ ៧០០លានបាត ឬស្មើនឹង ២២,៧លានដុល្លារ ក្នុងខេត្តសុងក្លាភាគខាងត្បូងនៃប្រទេសថៃ ដើម្បីកែច្នៃទុរេនក្រៀមសម្រាប់នាំចេញទៅកាន់ប្រទេសចិនវិញ។
នៅថ្ងៃអាទិត្យទី ៧ ខែកក្កដា ក្រុមហ៊ុន Manguwang Food Co បានបើកបង្ហាញរោងចក្រផលិតទុរេនដ៏ធំនេះទៅកាន់អ្នកចូលរួម ដែលមានមនុស្សសរុបប្រមាណ ៥០០នាក់ ។ គ្រឿងម៉ាស៊ីនទាំងអស់ដែលនៅដាក់ដំណើរការនៅក្នុងរោងចក្រនេះ សុទ្ធសឹងតែនាំចូលពីប្រទេសចិន។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនផលិតចំណីអាហារនេះ លោក Yao Huang Xiao លើកឡើងថា ក្រុមហ៊ុននេះ គឺជាកិច្ចសហការរួមគ្នារវាងអ្នកវិនិយោគចិន និងថៃ មាណ ៧០០លានបាតទៅក្នុងរោងចក្រនេះ ដើម្បីដំណើរការទុរេនដែលមានប្រភពពីចម្ការផ្លែឈើក្នុងស្រុកសម្រាប់ផលិតឲ្យទៅជាទំនិញក្រៀមក្នុងគោលដៅនាំចេញទៅកាន់ប្រទេសចិន។
ប្រជាជនក្នុងស្រុកប្រមាណ ១២០០នាក់ ត្រូវបានជ្រើសរើសឲ្យធ្វើការក្នុងរោងចក្រនេះ។ នេះបើតាមការបញ្ជាក់របស់លោក Yao ដោយបន្ថែមថា ក្រុមហ៊ុនក៏កំពុងត្រៀមបង្វិលលុយចំនួន ២លានបាត (៦,៥ម៉ឺនដុល្លារ) ហើយអាចទិញទុរេន ១២០០០តោនក្នុងមួយឆ្នាំៗទៀតផង។ សម្រាប់ឆ្នាំក្រោយ លោក Yao អះអាងថា ក្រុមហ៊ុនលោក មានផែនការទិញទុរេន៨ពាន់តោនបន្ថែមទៀត។
ដោយឡែក លោក Niphon Buyamanee អនុប្រធានគណបក្សប្រជាធិបតេយ្យថៃ ដែលបានចូលរួមក្នុងទស្សនកិច្ចនៅរោងចក្រផលិតទុរេននោះ កាលពីថ្ងៃអាទិត្យ បានលើកឡើងថា ក្រុមហ៊ុន ដែលទើបបង្កើតថ្មីនេះ នឹងរំពឹងថា បង្កើតការងារ និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជនក្នុងស្រុក ហើយក៏ដូចជា ជួយធានាឲ្យបានថានូវតម្លៃសមរម្យសម្រាប់ផ្លែ ទុរេនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com