ជាតិ
ជនជាតិកូរ៉េនាំលុយជាង ២លានដុល្លារតាមព្រលានយន្តហោះសៀមរាប ត្រូវឃាត់ខ្លួន
× ភ្នំពេញ៖ កម្លាំងនគរបាលអន្តោរប្រវេសន៍ នៅថ្ងៃទី៨ខែកក្កដានេះ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ និងរឹបអូសប្រាក់ដុល្លារជាង ២លានដុល្លារនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានផ្សាយថា ជនជាតិកូរ៉េខាងត្បូង ទាំងពីរនាក់នេះ បានធ្វើដំណើរតាមជើងយន្តហោះពីទីក្រុងហុងកុង ហើយពេលមកដល់ព្រលានយន្តហោះសៀមរាប ក៏ត្រូវកម្លាំងប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួន។ ជនបរទេសទាំងពីរនាក់នេះបាននាំចូលប្រាក់ដុល្លារចំនួន ២លាន២សែនដុល្លារ ដែលសង្ស័យថាជាលុយខុសច្បាប់។
ក្រោយឃាត់ខ្លួន ជនជាតិកូរ៉េពីរនាក់នេះ ត្រូវប្រគល់ជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារជាង២លាន ត្រូវរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងរឹបអូសលុយ ក្នុងករណីចំនួនពីរ ដែលស្រដៀងគ្នានេះ គឺសង្ស័យនាំចូលលុយខុសច្បាប់ ឬលុយកង្វក់។ ទាំងពីរករណីមុននេះ គឺកើតឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានមួយករណី មានទឹកប្រាក់ជាង៣លានដុល្លារ និងមួយករណីទៀតគឺ ៨០ម៉ឺនដុល្លារ៕
Tag:
ព្រលានយន្តហោះ
លុយកង្វក់
© រក្សាសិទ្ធិដោយ thmeythmey.com