កីឡាអន្តរជាតិ
អន្តរជាតិ
Rapinoe ស្ត្រីដំបូងដែលហ៊ានប្រាប់មេ FIFA ឲ្យផ្តល់ប្រាក់រង្វាន់ World Cup ស្ត្រី ស្មើបុរស ប្រធានក្រុមអាមេរិក Megan Rapinoe និងប្រធាន FIFA លោក Gianni Infantino។ រូបភាពពី FIFA
× ប្រធានក្រុម Megan Rapinoe បន្ទាប់ពីជួយអាមេរិកយកឈ្នះហូឡង់ដើម្បីលើកពាន World Cup នារី ឆ្នាំ២០១៩ បានប្រាប់ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ថាឲ្យគិតគូពីបញ្ហាប្រាក់ឈ្នួល និងប្រាក់រង្វាន់សម្រាប់ស្ត្រីឲ្យមានភាពស្មើគ្នានឹងបុរសផង។
ក្រុមកីឡាបាល់ទាត់ស្ត្រីអាមេរិកបានឈ្នះហូឡង់ ២-០ នៅទឹកដីបារាំងដើម្បីរក្សាតំណែងជើងឯក និងជាការលើកពានពិភពលោកទី៤ របស់ពួកគេ ដោយក្នុងនោះ Rapinoe និង Rose Lavelle ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងជំនួបផ្តាច់ព្រ័ត្រ។
សម្រាប់ជើងឯក World Cup នារីឆ្នាំ២០១៩ នៅបារាំងនេះ FIFA បានផ្តល់ប្រាក់រង្វាន់ចំនួន ៤លានដុល្លារអាមេរិក រីឯជើងឯកបុរសឆ្នាំ២០១៨ នៅរុស្ស៊ីដែលបារាំងលើកពាននោះទទួលបាន៣៨លានដុល្លារអាមេរិកឯណោះ។
ដោយឡែកកាលពីថ្មីៗនេះ ប្រធាន FIFA លោក Infantino បានប្រកាសពីបំណងបង្កើនប្រាក់រង្វាន់ទ្វេដងដល់ ៦០លានដុល្លារសម្រាប់ព្រឹត្តិការណ៍ World Cup Women ឆ្នាំ២០២៣ ខណៈផ្នែកបុរសនៅកាតា ឆ្នាំ២០២២ មានចំនួនទឹកប្រាក់សរុបចំនួន ៤៤០លានដុល្លារអាមេរិក។
គម្លាតនៃការចំណាយ និងប្រាក់រង្វាន់រវាងបុរស និងស្ត្រីឆ្ងាយសែនឆ្ងាយបែបនេះ ត្រូវបាន Rapinoe ដែលជួយអាមេរិកលើកពាន រួមទាំងឈ្នះស្បែកជើងមាស និងជាប់ជាកីឡាការិនីល្អបំផុតប្រចាំព្រឹត្តិការណ៍ លើកយកបញ្ហានេះប្រាប់ដល់លោក Infantino ដោយស្នើរឲ្យមេគ្រប់គ្រងក្បាលម៉ាស៊ីនកីឡាបាល់ទាត់ពិភពលោកមួយនេះគិតគូដើម្បីឲ្យមានភាពស្មើគ្នាឡើងវិញ។ ខ្សែបម្រើវ័យ៣៤ឆ្នាំ និយាយដោយ«ភាពរីករាយ» ជាមួយប្រធាន FIFA បែបនេះ នៅពេលពេលប្រគល់មេដាយនៅក្នុងទីលានក្រោយចប់ការប្រកួតនោះ។
មិនត្រឹមតែប្រាប់ផ្ទាល់មាត់ខ្លួនឯងនោះទេ នាង Rapinoe ដែលជាស្ត្រីទីដែលហ៊ាននិយាយបែបនេះ ក៏បានអំពាវនាវទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាមេរិក (USFF) ឲ្យតវ៉ាទៅកាន់ FIFA ពីភាពខុសគ្នារវាងប្រាក់ឈ្នួលរបស់កីឡាករ និងកីឡាការិនីនេះផងដែរ។ យ៉ាងណាក៏ដោយការលើកឡើងរបស់ Rapinoe បែបនេះនៅមិនមានការឆ្លើយតបពីសំណាក់ប្រធាន FIFA នៅឡើយទេ។
ជុំវិញបញ្ហាប្រាក់ឈ្នួល និងប្រាក់រង្វាន់នេះ ខាងអង្គការសហប្រជាជាតិ (UN) ក៏ធ្លាប់បានប្រតិកម្មដែរ។ UN បានធៀបប្រាក់ឈ្នួលរបស់ Lionel Messi ចំនួន៨៤លានដុល្លារក្នុងមួយឆ្នាំ ដែលមានចំនួនលើសពាក់កណ្តាលនឹងប្រាក់ឈ្នួលរបស់កីឡាការិនីចំនួន ១៦៩៣នាក់ ដែលកំពុងប្រកបអាជីពក្នុងក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលៗក្នុង១ឆ្នាំ។ សហភាពកីឡាបាល់ទាត់អូស្ត្រាលីកាលពីដើមខែមិថុនាកន្លងទៅ ក៏ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីទាមទារឲ្យ FIFA ផ្តល់ប្រាក់រង្វាន់ក្នុងការប្រកួត World Cup ទាំងស្ត្រី និងបុរសឲ្យបានស្មើគ្នាផង។
សូមបញ្ជាក់ថា Rapinoe នេះដែរ ក៏ជាអ្នកឆ្លងឆ្លើយរិះគន់គ្នាទល់នឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នាពេលថ្មីៗនេះដោយអះអាងថានាងនឹងមិនទៅជាន់សេតវិមាននោះទេបើអាមេរិកលើកពាន World Cup ឆ្នាំ២០១៩ នៅបារាំងនេះ៕
Tag:
Megan Rapinoe
World Cup Women
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com