ជាតិ
សង្គមជាតិ
ជំងឺប៉េស្ត​ជ្រូក​បន្ត​ផ្ទុះឡើង​នៅ​ខេត្តស្វាយរៀង និង​តាកែវ ក្រោយ​ក្រសួង​ទប់ស្កាត់​នៅ​ត្បូងឃ្មុំ និង​រតនគិរី
08, Jul 2019 , 10:59 pm        
រូបភាព
រូបភាពពី​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង​
រូបភាពពី​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង​
ដោយ:
​ភ្នំពេញ​៖ ខេត្ត​ចំនួន​២​ទៀតហើយ គឺ​ខេត្តស្វាយរៀង និង​តាកែវ ដែល​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ នៅពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​នេះ​។​


 
​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​និយាយថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​នៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង តាំងពី​ថ្ងៃទី​២៩ ខែមិថុនា ដែលមាន​សត្វ​ជ្រូក​ចំនួន​១០៨​ក្បាល ផ្ទុក​ជំងឺ​ប្រភេទ​នេះ ដោយ​ក្នុងនោះ​មាន​ជ្រូក​១៥​ក្បាល​ឈឺ និង​ងាប់​ចំនួន​២០​ក្បាល​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក តាន់ ផាន់​ណា​រ៉ា បាន​បញ្ជាក់ថា ក្រសួង​បាន​ចាត់​ឲ្យ​ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្វាយរៀង បាញ់ថ្នាំ​រំងាប់​មេរោគ និង​តាមដាន​ស្ថានភាព​ជំងឺ​ជ្រូក​ជាប្រចាំ ។ ជាពិសេស​អប់រំ ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​។ 
 
​ក្រៅពី​ខេត្តស្វាយរៀង​នេះ ក៏មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ នៅក្នុង​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ​ដែរ។ បើតាម​លោក តាន់ ផាន់​ណា​រ៉ា នៅ​ខេត្តតាកែវ មាន​ជ្រូក​១២២​ក្បាលផ្ទុកជំងឺប៉េស្តជ្រូក ដោយក្នុងនោះ​ងាប់​អស់​២៧​ក្បាល​។ ​លោក ផាន់​ណា​រ៉ា បាន​និយាយថា​៖«​ក្រុម​អ្នកជំនាញ​របស់លោក​នៅ​តែ​បន្ត​បេសកកម្ម​ទប់ស្កាត់ និង​តាមដាន​ជាប្រចាំ​រាល់កន្លែង​ដែលមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​»​។​
 
​ជ្រូក​ដែលមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​រោគសញ្ញា​ក្តៀន ដង្ហក់ ឡើងក​ម្តៅ ក្រហម​អុចៗ​លើ​ស្បែក ហើយ​មិន​ស៊ី​ចំណី ក្អួត រលូត​កូន នឹង​អាច​ងាប់​ក្នុង​រយៈពេល​៣ ទៅ​៧​ថ្ងៃ​ខាងមុខ​។​នេះបើតាម​លោក តាន់ ផាន់​ណា​រ៉ា ។ 
 
​កាលពី​ថ្ងៃទី​០២ ខែកក្កដា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​នៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោម ឃុំ​មាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នេះ​រួចហើយ​។ 
 
​ដោយឡែក កាលពីដើមឆ្នាំ​២០១៩​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏បាន​ផ្ទុះឡើង​នៅ​ខេត្តរតនគិរី ដែល​បណ្ដាល​ឲ្យ​ងាប់​ជ្រូក​ជាង​៤០០​ក្បាល ខណៈ​មន្ត្រី​ជំនាញ​បាន​ទិញ​ជ្រូក​ជាង​១០០​ក្បាល​ពី​ប្រជាពលរដ្ឋ​ទៅ​ដុត​កម្ទេចចោល​ផងដែរ​។ លើសពីនេះ​ក្រសួងកសិកម្ម ក៏បាន​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្លាប់បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ជួយ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ក្នុង​រង្វង់​កាំ​៣​គីឡូម៉ែត្រ និង​រារាំង​កុំ​ឲ្យ​មាន​ចរាចរ​នៃ​សត្វ​ជ្រូក​ជាដើម​។​
 
​បច្ចុប្បន្ន​កម្ពុជា​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ ចន្លោះ​ពី​១៥០០​ក្បាល ទៅ​២០០០​ក្បាល​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ក្រសួងកសិកម្ម​។  
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​។ មកដល់ពេលនេះ អាជ្ញាធរ​វៀតណាម បានសម្លាប់​ជ្រូក​ជាង​២​លាន​ក្បាល​ហើយ​៕
 
 

Tag:
 ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com