ONE Championship
កីឡាជាតិ
ជាតិ
ភាពជូរចត់ និង​រឿង​រំភើប​របស់ មាស ម៉ើ នៅ​សង្វៀន​គុន​ចម្រុះ ONE ដែល​ចាំ​មិន​ភ្លេច​
09, Jul 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​អ្នកលេង​គុន​ចម្រុះ មាស ម៉ើ ដែលជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​២​បាន​បង្ហើប​អំពី​រឿងរ៉ាវ​ជូរចត់​ជាច្រើន និង រឿងរ៉ាវ​រំភើប​ខ្លាំង ដែល​រូបគេ​ចងចាំ​នៅក្នុង​ចិត្ត បន្ទាប់ពី​បាន​ប្រឡូក​ក្នុង​សង្វៀន​គុន​ចម្រុះ​ថ្នាក់ជាតិ​និង​អន្តរជាតិ​តាំងពី​ឆ្នាំ ២០១៣ មក​។ កីឡាករ​មានបទពិសោធន៍​ក្រាស់ក្រែល​នៅ​សង្វៀន​គុន​ចម្រុះ​វ័យ ២៩ ឆ្នាំ​រូបនេះ​បង្ហើប​ថា ៖«​រឿង​ខ្ញុំ​មិនអាច​បំភ្លេចបាន ពេល​ទៅ​វ៉ៃ​នៅ​សង្វៀន ONE លើកដំបូង ពេល​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ហ្វីលីពីន Edward Kelly ក្នុង​ទឹក​ទី​១​។ ខ្ញុំ​ដឹងថា Edward Kelly ពូកែ​កណ្ដាប់ដៃ និង ទាត់ ដូច្នេះ​ខ្ញុំ​ព្យាយាម​ចូលចាប់​។ តែ​ចៃដន្យ​មិន​ប្រយ័ត្ន ក៏ត្រូវ Edward Kelly ទាត់​ខ្ញុំ​ចំក្បាល​សន្លប់​តែម្ដង​ត្រឹម​ទឹក​ទី​១​។ នេះ​ជាការ​ធ្វេសប្រហែស​ដែល​ចាំ​មិន​ភ្លេច​»​។

 
​រីឯ​រឿង​ឈឺចាប់​មួយទៀត​ដែល​ចង់​បំភ្លេច​នៅតែ​បំភ្លេច​មិនកើត​នោះ​គឺ គ្រូបង្វឹក​ម្នាក់​មានបំណង​មិនល្អ និង ចង់​លក់​ការប្រកួត​របស់ មាស ម៉ើ នៅ​ស្រុក​ខ្មែរ​។ យ៉ាងណាក្ដី មាស ម៉ើ មិន​គុំកួន​អ្វី​ទេ​គ្រាន់តែ​បញ្ជាក់​បែបនេះ​៖«​រឿង​ហ្នឹង​យូរហើយ ហើយក៏​ចប់​ដែរ​។ ខ្ញុំ​មិន​រំលឹក​អ្វី​ច្រើន​ទេ ប៉ុន្តែ​មាន​គ្រូ​ម្នាក់​ចង់​លក់​ការប្រកួត​របស់ខ្ញុំ​។ សម្រាប់​ខ្ញុំ ខ្ញុំ​មិនអាច​ធ្វើបែបនេះ​បានឡើយ​។ ចុងក្រោយ​ខ្ញុំ​ក៏​លែងមាន​ទំនាក់ទំនង​ជាមួយ​គាត់​ទៅ​»​។ 
 
​ចំណែក​រឿងរ៉ាវ​ដែល​រំភើប​បំផុត​នៅក្នុង​ជីវិត​វិញ​ត្រូវបាន​កីឡាករ​មកពី​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​រំលឹក​អំពី​ការទទួលបាន​ប្រាក់រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក ពេល​ឈ្នះ​ខ្សែក្រវាត់​។ មាស ម៉ើ បង្ហាញ​ភាព​រីករាយ​បែបនេះ ៖«​ពេល​ខ្ញុំ​ឈ្នះ​ខ្សែក្រវាត់ Khmer Warrior Challenge ពី​ស្ថានីយទូរទស្សន៍ MyTV និង​ទទួលបាន ៣ ពាន់​ដុល្លារ​វា​ពិតជា​មានន័យ​ខ្លាំង​សម្រាប់​ជីវិត​។ ខ្ញុំ​រំភើប​ខ្លាំង ដែល​មិន​នឹកស្មាន​ក្នុង​ជីវិត ខ្ញុំ​ទទួលបាន​បែបនេះ​។ វា​ជា​លើកដំបូង​ខ្ញុំ​ស្គាល់​លុយ ៣ ពាន់​ដុល្លារ​»​។ ម្ចាស់​ខ្សែក្រវាត់ KWC វគ្គ​២ ទម្ងន់ ៦៥ គីឡូក្រាម​រូបនេះ​ពិពណ៌នា​ទៀតថា មុន​ឈ្នះ​ខ្សែក្រវាត់ គេ​គ្រាន់តែ​ជា​សន្តិសុខ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​ប្រាក់​តិចតួច​ប៉ុណ្ណោះ​ហើយ​ពេល​បើកប្រាក់​ខែម្ដងៗ សល់​ត្រឹម​២០​ដុល្លារ​ដោយសារ​ត្រូវ​ទិញ​សម្ភារ​សម្រាប់​ការងារ និង កាត់​ខោអាវ​ជាដើម​។ 


 
​យ៉ាងណាក្ដី​ទោះ​ឃ្លាតឆ្ងាយ​ពីស​ង្វៀន ក៏​នៅ​ទទួលបាន​ការយកចិត្ត​ទុក​ពី​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ពោល​លោក​តែងតែ​ប្រាប់​ដំណឹង ឬ ពេល​មាន​គេ​ត្រូវការ​កីឡាករ MMA ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ជាដើម​។ គ្រូបង្វឹក​នៅ​ក្លិប Cambodian Top Team ចង់​ឲ្យ មាស ម៉ើ ហ្វឹកហាត់​ឡើងវិញ ប៉ុន្តែ​គេ​មិនទាន់មាន​ពេល​គ្រប់គ្រាន់​ព្រោះ​ជាប់​រត់​ឡាន​។ បែបណា​ក្ដី អតីត​កូនសិស្សលោក ឡា​ច វុទ្ធី បាន​ឆ្លៀតពេល​ហ្វឹកហាត់​ខ្លួនឯង​ខ្លះ ដើម្បី​សម្រក​គីឡូ​។ 
 
​គួរ​ដឹងថា មាស ម៉ើ  ផ្អាក​ឡើង​សង្វៀន និង ហ្វឹកហាត់​តាំងពី​ចុងខែ វិច្ឆិកា ឆ្នាំ ២០១៨​មកម្ល៉េះ បន្ទាប់ពី​ចាញ់​កីឡាករ​ហុ​ល្លង់ Anthony Engelen នៅ​សង្វៀន ONE: HEART OF THE LION នា​ប្រទេស​សិង្ហ​បុរី​។ បច្ចុប្បន្ននេះ គេ​ប្រក​បរបរ​ចិញ្ចឹមជីវិត ដោយ​រត់​តាក់ស៊ី (​ឡាន​ទួរីស ១២ កៅអី​) ទៅមក​ភ្នំពេញ​-​កំពង់ធំ​។ ការដែល​ផ្អាក​ហ្វឹកហាត់ និង ឡើង​សង្វៀន​នេះ​ដោយសារ​មាន​បន្ទុកគ្រួសារ ត្រូវ​ការចំណាយ​ប្រចាំថ្ងៃ ព្រោះ​មាន​ប្រពន្ធ និង កូន​រហូតដល់ ៣ នាក់​នៅក្នុង​បន្ទុក​។ យ៉ាងនេះ​ក្ដី  មាស ម៉ើ នៅតែ​ស្រលាញ់​ក្បាច់គុន​ចម្រុះ​ដែល​ខំតស៊ូ​ហ្វឹកហាត់​តាំងពី​យូរយារ​មក​។ កូន សិស្ស លោក ហ៊ុន ច័ន្ទ​រាជ្យ រំពឹងថា អាច​នឹង​វិល​មក​ធ្វើការ​ក្នុង​វិស័យ​គុន​ចម្រុះ​ដែល​ខ្លួន​ស្រលាញ់​នេះ​ទៅ​ថ្ងៃមុខ បើសិន​ទទួលបាន​កម្រៃ​សមរម្យ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។ 
 
​មាស ម៉ើ ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ដំបូង​គឺ យូ​ដូ ហើយ​គេ​អតីត​កីឡាករ​ជម្រើសជាតិ​យូ​ដូ និង ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដង មុនពេល​ចូល​ហ្វឹកហាត់​រួមគ្នា ស្នាក់នៅ​រួមគ្នា និង ហូបចុក​រួមគ្នា​កាល​ឆ្នាំ ២០១៣ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ KWC​។ មាស ម៉ើ ឡើង​ប្រកួត​គុន​ចម្រុះ​ទាំង​ក្នុងស្រុក និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៣៕ 

© រក្សាសិទ្ធិដោយ thmeythmey.com