ជាតិ
សង្គមជាតិ
ប្រធាន​អភិរក្ស​ដំរី​ខ្មែរ​៖«​គេ​កាប់​ឈើ តែ​ខ្ញុំ​ដាំ ដើម្បី​ជា​គំរូ​ដាំ​ដើមឈើ​ឡើងវិញ​»
08, Jul 2019 , 6:12 pm        
រូបភាព
«​គេ​កាប់​ឈើ ប៉ុន្តែ​ខ្ញុំ​ដាំ​ដើមឈើ ដើម្បី​ផ្តល់​ភាពជា​គំរូ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​ឃើញ ពិសេស​អ្នក​កាប់បំផ្លាញ​ព្រៃឈើ និង​អ្នក​បានត្រឹមតែ​និយាយ​ប៉ុន្តែ​មិន​ព្រមធ្វើ​សកម្មភាព​អ្វី​ឡើយ​ក្នុងការ​អភិរក្ស ថែរក្សា និង​ការដាំដុះ​ឈើ​ឡើងវិញ​ដែលជា​គម្រប​ផែនដី​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​តា ក្នុង​ពិធី​ដាំ​ដើមឈើ​ប្រណិត​ចំនួន​២០០០​ដើម នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់ ខេត្តរតនគិរី ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០១៩​។​


 
​មូល​ហេតុដែល​ប្រធាន​អភិរក្ស​ដំរី​ខ្មែរ​រូបនេះ សម្រេចចិត្ត​ដាំ​ដើមឈើ​នេះ​ឡើង ក៏​ដើម្បី​ធ្វើជា​ជម្រក​និង​ចំណី​សត្វ​ដំរី ក៏​ដូច​សត្វព្រៃ​គ្រប់​ប្រភេទ​ផងដែរ​។  លើសពីនេះ​សកម្មភាព​ដាំ​ដើមឈើ​រាប់ពាន់​ដើម​នេះ ក្នុង​បំណង​ចូលរួមចំណែក​ក្នុងការ​បង្កើត​គម្រប​ព្រៃឈើ  ហើយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​អនុផល​ព្រៃឈើ​ទាំងនេះ​។ អ្នកស្រី​បានបញ្ជាក់​ថា​ព្រៃឈើ​ក៏​អាច​ផ្តល់នូវ​ថវិកា​រាប់​សិន​លាន​ដុល្លារ​ចូលជាតិ​តាម​ការលក់​ឥណទាន​កាបូន និង​ទាក់ទាញ​ភ្ញៀវទេសចរ តាម​វិស័យ​អេកូ​ទេសចរណ៍​ផងដែរ​។​
 
«​ការដាំ​ដើមឈើ​នេះ ក៏​ជួយ​ដាស់តឿន​ប្រជាពលរដ្ឋ​ខ្មែរ​យើង កុំ​ភ្លេចខ្លួន​ក្នុងការ​ចូលរួម​អភិរក្ស និង​ដាំ​ដើមឈើ ហើយ​កុំ​ខឹង​គេ​ដែល​កាប់បំផ្លាញ​ព្រៃឈើ​។ យើង​ឃើញ​គេ​ធ្វើ​ខុស​ដែល​កាប់​ឈើ​យកទៅលក់ យើង​កុំ​ធ្វើតាម​គេ យើង​កុំ​អង្គុយ​អស់សង្ឃឹម​ទាំង​មិន​ធ្វើ​អ្វី​សោះ​»​។ នេះ​ជា​ប្រសាសន៍​អ្នកស្រី ខៃ ចិន្តា ។ អ្នកស្រី​បន្ត​ដូច្នេះ​ទៀតថា​៖«​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប គឺ​ខ្ញុំ​ត្រូវ​ដាំ​ដើមឈើ​ទាំងនេះ​ឡើង ដើម្បី​ទុកជា​កេ​ដំណែល​ដល់​កូនចៅ ព្រោះ​ឈើ​មួយ​ដើម​មិន​ងាយ​ដាំ​ឱ្យបាន​ធំ​នោះទេ ដូចជា​ដើម​បេង ត្រូវការ​ពេលវេលា​៥០ ទៅ​៦០​ឆ្នាំ ឬ​១០០​ឆ្នាំ​។ ដូច្នេះ​យើង​ត្រូវ​ចាប់ផ្តើម​នាំគ្នា​ដាំ​ឈើ​ឡើងវិញ ចាប់ពីពេលនេះ​តទៅ មិន​ថា​ឈើ​ធម្មតា ឬ​ឈើប្រណិត​ដែលមាន​តម្លៃ​នោះទេ​»​។ 
 
​ដើមឈើ​ប្រណិតៗ​និង​មានតម្លៃ​ដែល​សមាគម​អា​រាវ​តា​ដាំ មាន​ឈើ​នាងនួន​, បេង​, ឈើទាល​, ស្រឡៅ​, ត្រាច​, ក្រ​ញ៉ូ​ង​, ថ្លុ​ង​, ត្បែង​, ម៉ៃសាក់​, សុ​ក្រំ​, គគីរ​, ផ្ចិ​ក និង​ឈ្លីក ដែលមាន​អាយុ​ចន្លោះ​ពី​១​ទៅ​៣​ឆ្នាំ​។ អ្នកស្រី​ចិន្តា ក៏មាន​ឆន្ទៈ ក្នុង​ការដាំ​ដើមឈើ​ទាំងនេះ នៅ​ឆ្នាំ​បន្តបន្ទាប់​ឱ្យបាន​រាប់ម៉ឺន​ដើម​ផងដែរ តាមរយៈ​ការ​អំពារ​នាវ និង​អ​ញ្ញើញ​ឱ្យចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន ប្រជាពលរដ្ឋ សិល្បៈករ និង​អង្គការ​នានា​ជាដើម​។ 
 
​ជាមួយគ្នានេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានប្រកាស​ផ្តល់ជូន​ទឹកប្រាក់​ចំនួន​២០,០០០​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​តា ដើម្បី​ឆ្លើយតប​ទៅនឹង​ការលះបង់​របស់លោក​ស្រី ខៃ ចិន្តា និង​ក្រុមការងារ ក្នុងការ​ចំណាយពេល​វេលា កម្លាំងកាយ​ចិត្តជា​ច្រើន​ឆ្នាំ ទៅលើ​ការអភិរក្ស​ដំរី និង​ការបង្កើត​ប្រព័ន្ធ​អេកូ​ធម្មជាតិ ព្រៃឈើ និង​បរិស្ថាន​ឡើងវិញ​។ រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា ថវិកា​នេះ គឺជា​គម្រោង​ទី​បី​ហើយ ដែល​ក្រសួងបរិស្ថាន​បាន​បញ្ចេញ​មូលនិធិ​បរិស្ថាន  ដោយ​គម្រោង​ទីមួយ​មូលនិធិ​បរិស្ថាន​បានផ្តល់​ទៅឱ្យ​គ្រួសារ​មួយ​នៅ​ភូមិ​ត្នោត​ដែល​អភិរក្ស​-​ដាំ​ដើមឈើ និង​កសាង​ប្រព័ន្ធ​អេកូ​ទេសចរ​នៅ​ទីនោះ​លើ​ទំហំ​ផ្ទៃ​ជិត​១​ម៉ឺន​ហិកតា និង​គម្រោង​ទី​ពីរ នៅ​តំបន់​អភិរក្ស​ព្រៃឈើ​សង្ឃ​រុក្ខ​វន្ត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ គម្រោង​ទាំងពីរ ក៏​ក្រសួងបរិស្ថាន​ផ្តល់​មូលនិធិ​មូល​បរិស្ថាន​ចំនួន​២០,០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ 
 
​បើតាម​អ្នកស្រី ខៃ ចិន្តា ការដាំ​ដើមឈើ​នេះ គឺ​មិនមែន​ដើម្បី​តែ​សម្រាប់​សត្វ​ដំរី​នៃ​សមាគម​អៃ​រាវ​តា​នោះទេ គឺ​ក៏​ដើម្បី​ជម្រក និង​ចំណី​សត្វព្រៃ​ឯទៀត​មក​រស់នៅ​ផង​និង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន ក្នុង​តំបន់​ផងដែរ​។ ការដាំ​ដើមឈើ​ឡើងវិញ​ក្នុង​ការរក្សា​ជីវៈចម្រុះ​នៃ​សម្បត្តិ​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់ទិសទី​ឱ្យចូល​ទស្សនា និង​ការកម្សាន្ត​នានា​៕ 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com