កីឡាអន្តរជាតិ
អន្តរជាតិ
PSG អនុញ្ញាតឲ្យ Neymar ទៅរួមក្រុមថ្មី ប៉ុន្តែនៅមិនទាន់មានអ្នកហ៊ានថ្លៃ
× នាយកគ្រប់គ្រងកីឡារបស់ក្លិប Paris Saint-Germain លោក Leonardo អះអាងថាក្លិបអាចអនុញ្ញាតឲ្យ Neymar ចាកចេញពីទឹកដីបារាំង ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនមានការផ្តល់ពីតម្លៃផ្ទេរណាមួយនៅឡើយទេ បើទោះមានការចរចាជាមួយ Barcelona ក៏ដោយ។
«យើងនៅមិនទាន់ទទួលបានការផ្តល់ជូនណាមួយនោះទេប៉ុន្តែយើងមានទំនាក់ទំនងពិតប្រាកដជាមួយក្លិបយក្សអេស្ប៉ាញ Barcelona ដែលជាក្លិបចាស់របស់ Neymar»។ នេះជាការបញ្ជាក់របស់លោក Leonardo នៅមុនពេលដែលខ្សែបម្រើឆ្នើមសញ្ជាតិប្រេស៊ីលតម្លៃខ្លួនថ្លៃជាងគេលើលោករូបនេះ មិនបានវិលចូលហ្វឹកហាត់ថ្ងៃដំបូងជាមួយ PSG នៅថ្ងៃទី៨ ខែកក្កដា សម្រាប់ត្រៀមកម្មវិធីប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មី។
អវត្តមានរបស់ Neymar ក៏បានធ្វើឲ្យក្លិបម្ចាស់ជើងឯក Ligue 1 មានការខឹងសម្បា និងសោកស្តាយយ៉ាងខ្លាំងនូវទង្វើរបស់រូបគេបែបនេះ ហើយគ្រោងចាត់វិធានការសមស្របមួយដើម្បីដាក់ពិន័យរូបគេទៀតផង។
លោក Leonardo នាយកគ្រប់គ្រងកីឡារបស់ក្លិប PSG
និយាយពីអនាគតរបស់ខ្សែបម្រើវ័យ២៦ឆ្នាំជាមួយ PSG គឺកំពុងស្ថិតក្នុងភាពស្រពេច ស្រពិលនៅឡើងនារដូវកាលថ្មីខាងមុខនេះ ស្របពេលដែលរូបគេចង់វិលត្រឡប់ទៅកាន់ក្រុមចាស់ Barca វិញ ហើយ Real Madrid ក៏មានចំណាប់អារម្មណ៍អំពីទំនាក់ទំនងនេះដែរ។
ប្រធានក្លិបរហស្សនាមអ្នកមានបុណ្យ លោក Josep Maria Bartomeu ក៏ធ្លាប់បាននិយាយកាលពីសប្តាហ៍មុនដែរថា Neymar ពិតជាចង់ចាកចេញពីជើងឯក Ligue 1 ដើម្បីត្រឡប់ទៅ Camp Nou ខណៈដែលលោកបានច្រានចោលឱកាសក្នុងការទិញអតីតកីឡាកររបស់លោក ដ្បិត PSG មិនចង់ឲ្យសមាជិករបស់ពួកគេម្នាក់នេះចាកចេញ។
យ៉ាងណាក៏ដោយនៅពេលនេះលោក Leonardo បានបញ្ជាក់ច្បាស់ថា PSG នឹងយល់ព្រមឲ្យ Neymar ចាកចេញបើក្លិប ប្រសិនបើក្លិបណាហ៊ានតម្លៃខ្លួនសមល្មមសម្រាប់រូបគេ។
នាយកគ្រប់គ្រងកីឡាសញ្ជាតិប្រេស៊ីល និងជាអតីតកីឡាករបាល់ទាត់ផងនោះបានប្រាប់កាសែត Le Parisien ថា៖«Neymar អាចចាកចេញពី Le Parc des Princes ប្រសិនបើមានការផ្តល់ជូនដែលសាកសម។ ប៉ុន្តែរហូតមកដល់ពេលនេះយើងមិនដឹងថាក្លិបណាចង់ទិញគាត់ ឬឲ្យតម្លៃប៉ុណ្ណានៅឡើយទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com