ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក សម រង្ស៊ី តប​សម្តេច ស ខេង ថា «​បើ​ចង់រក​សេចក្តីថ្លៃថ្នូរ គួរ​ប្តឹងទៅ​តុលាការ​បារាំង​»
09, Jul 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​ជំរុញ​ជាថ្មី​ឲ្យ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តទល់​ជាមួយ​លោក នៅ​តុលាការ​ប្រទេស​បារាំង មិនមែន​នៅ​តុលាការ​កម្ពុជា​នោះទេ​។


 
​លោក សម រង្ស៊ី បាន​ចូលទៅ​សរសេរ​ក្នុង Comment របស់លោក​ថា តុលាការ​កម្ពុជា នឹង​ឲ្យ​សម្តេច ស ខេង ឈ្នះ​១០០​។ លោក ស្នើ​បែបនេះ​ថា​៖«​បើ​លោក ស ខេង ចង់​មាន​ភាពថ្លៃថ្នូរ​មែន គាត់​មិនគួរ​ទៅលេង​សើច​ជាមួយ​តុលាការ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ​ទេ​។ តុលាការ​នេះ ជា​តុលាការ​អាយ៉ង ដែល​ចាំតែ​ស្តាប់​បញ្ជា​ពី​អ្នកនយោបាយ​កាន់អំណាច​សព្វថ្ងៃ​»​។ 
 
​ការឆ្លើយតប​របស់លោក សម រង្ស៊ី គឺធ្វើឡើង​ក្រោយពី​សម្តេច ស ខេង បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ថា ការដែល​សម្តេច សម្រេចចិត្ត​ប្តឹង​លោក សម រង្ស៊ី គឺ​ដើម្បី​ដាស់តឿន​ដល់​អ្នកនយោបាយ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​សេចក្តីថ្លៃថ្នូរ សីលធម៌ និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន ក្នុង​ចេតនា​ទុច្ចរិត មួលបង្កាច់ និង​បំបែកបំបាក់​។ 
 
​លោក សម រង្ស៊ី សរសេរ​ទៀតថា សាលក្រម​របស់​តុលាការ​កម្ពុជា គ្មាន​តម្លៃ​អ្វី​ទេ បើ​គិតពី​គតិយុត្តិ​ធម៌ ពីព្រោះ​អ្នកទន់ខ្សោយ ឬ អ្នកក្រ ដែល​គ្មាន​សែស្រឡាយ​នយោបាយ គឺជា​អ្នកចាញ់​។ លោក បន្តថា បណ្តឹង​របស់​សម្តេច ស ខេង ដែល​ប្តឹង​លោក​នាពេលនេះ គឺ​ធ្វើតាម​បញ្ជា​របស់​សម្តេច ហ៊ុន សែន​។ 
 
​កាលពី​ថ្ងៃទី​១ ខែកក្កដា មេធាវី​បី​រូប​របស់​សម្តេច ស ខេង បានធ្វើ​បណ្តឹង​ដាក់​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ លោក សម រង្ស៊ី រង​បទ​ចោទ​នេះ បន្ទាប់ពី​លោក បង្ហោះ​សំណេរ​លើ​បណ្តាញ​សង្គម​ថា លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ មាន​គម្រោង​សងសឹក​ជូន​ឪពុក គឺ​លោក ហុក ឡុង​ឌី អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ស្លាប់​ដោយសារ​គេ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឧទ្ធម្ភាគចក្រ កាល​ឆ្នាំ​២០០៨​។ លោក លើកឡើង​ទៀតថា សម្តេច ស ខេង បាន​គាំទ្រ​គម្រោង​នេះ ហើយ​សម្តេច ហ៊ុន សែន បានដឹង និង​កំពុង​រៀបចំ​ផែន​ការដក​សម្តេច ស ខេង ចេញពី​តំណែង​។ 
 
​ក្រុម​មេធាវី ចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី ថា​ជាការ​ប្រឌិត​ព័ត៌មាន ដើម្បី​ញុះញង់​និង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រុម​មេធាវី ទារ​សំណង​ដល់​ទៅ​១​លាន​ដុល្លារ​ពី​លោក សម រង្ស៊ី ជូនទៅ​សម្តេច ស ខេង​។ 
 
​ដំបូង សម្តេច ហ៊ុន សែន និង សម្តេច ស ខេង បានប្រកាស​រួមគ្នា​ថា នឹង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​។ តែ​ទីបំផុត សម្តេច ស ខេង សម្រេច​ប្តឹង​នៅ​តុលាការ​កម្ពុជា​។ ចំណែក​សម្តេច ហ៊ុន សែន មិន​សម្រេចចិត្ត​នៅឡើយ​។ 
 
​ពេល​ឮថា សម្តេច​ទាំងពីរ ចង់​ប្តឹងទៅ​តុលាការ​បារាំង លោក សម រង្ស៊ី មិនបាន​ព្រួយបារម្ភ​ទេ តែ​បែរជា​បង្ហាញ​ក្តី​ត្រេកអរ​ទៅវិញ និង​ពន្យុះ​សម្តេច​ទាំងពីរ ជាពិសេស​សម្តេច ហ៊ុន សែន ឲ្យ​ឆាប់​ប្តឹង​លោក និង​ប្តឹង​លើ​បទ​ស​ល្មើស​ដទៃទៀត ដែល​លោក​ចោទប្រកាន់ ដូច​ជាការ​បំផ្ទុះ​គ្រាប់បែក​ឆ្នាំ​១៩៩៧ ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពី​លិ​កា និង ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ជាដើម​។ លោក យល់ថា បើ​សម្តេច ហ៊ុន សែន ប្តឹង​លោក​ទៅ​តុលាការ​បារាំង​មែន នឹង​ដឹង​ស​ខ្មៅ​។​
 
​លោក ឌី វិជ្ជា ក៏​ប្រកាស​ប្តឹង​លោក សម រង្ស៊ី ផងដែរ ប៉ុន្តែ​មកដល់ពេលនេះ បណ្តឹង​របស់លោក មិនទាន់​កើតឡើង​នោះទេ​។ លោក ឌី វិជ្ជា ធ្លាប់​បំភ្លឺថា ឪពុក​លោក បានសម្លាប់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឧទ្ធម្ភាគចក្រ ដោយ​បង្កឡើង​ដោយ​គ្រោះធម្មជាតិ មិនមែន​គេ​ដាក់​គ្រាប់បែក​បំផ្ទុះ​ដូច​ការលើកឡើង​របស់​លោក សម រង្ស៊ី ឡើយ​៕ 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  ស ខេង​
  តុលាការ​
  ច្បាប់​
  បណ្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com