ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើតេស្តសាកល្បងដោយផ្ទាល់ លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា នៅ Smart Shop សាខាព្រះមុនី្វង្ស ទៅដល់បុគ្គលិកក្រុមហ៊ុន Smart និងភ្ញៀវកិត្ដិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ការបង្ហាញបច្ចេកវិទ្យា 5G សាកល្បងនេះឈ្មោះថា «ជំរុញការអភិវឌ្ឍកម្ពុជា សម្រាប់អនាគតនៃការតភ្ជាប់ និងការរស់នៅបែបឌីជីថល»។ នៅក្នុងកម្មវិធីនេះដែរ ក៏មានអញ្ជើញចូលរួមជាកិត្តិយសពីលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក ម៉ូវ ចរិយា ប្រធាន និយ័តករកម្ពុជាទូរគមនាគមន៍កម្ពុជា។
ជាមួយនឹងឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei ដែលប្រើដោយបច្ចេកវិទ្យា 5G លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata និងលោក Stjepan Udovicic នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata និងឯកអគ្គរដ្ឋទូតបានបង្ហាញអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា 5G ជាក់ស្ដែងមួយចំនួនដែរ ដើម្បី ឲ្យអ្នកចូលរួមទាំងអស់កាន់តែយល់ច្បាស់ ថាតើការតភ្ជាប់បច្ចេកវិទ្យា 5G ដែលផ្ដោតលើល្បឿនកម្រិតជីហ្គាបីត ក្នុងមួយវិនាទី (Gbps) និងការតភ្ជាប់ឧបករណ៍ក្នុងកម្រិតអតិបរមា និងល្បឿនសម្រាប់ការតភ្ជាប់កាន់តែលឿន និងទុកចិត្តបានបំផុត ល្អកម្រិតណានោះ។ ការបង្ហាញនេះ បានធ្វើឲ្យបទពិសោធន៍របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង និងផ្ដល់ជាដំណោះស្រាយទៅដល់កម្មវិធីថ្មីៗជាច្រើន។
ការបង្ហាញសាកល្បងកាលពីថ្ងៃចន្ទ បានសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ច របស់ក្រុមហ៊ុន Smart នៅក្នុង វិស័ទូរគមនាគមន៍យ ខណៈដែល ប្រតិបត្តិករទូរគមនាគមន៍ចល័តមួយនេះ គឺជាអ្នកដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការ បច្ចេកវិទ្យា4G ក្នុងឆ្នាំ ២០១៤ និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា 4G + នៅឆ្នាំ ២០១៦ និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ ២០១៧ និង 4.5G នៅឆ្នាំដដែល។
លោក Thomas Hundt បានថ្លែងថា៖«ទិសដៅសំខាន់របស់យើងគឺធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ តាមរយៈបណ្តាញបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងបច្ចេកវិទ្យាបែបឌីជីថលដ៏ពិសេស។ ដែលនេះជាមូលហេតុដែលយើងខ្ញុំ បាននឹងកំពុងបន្តវិនិយោគ ជាមធ្យមក្នុងទំហំទឹកប្រាក់ចំនួន ៧០ ទៅ ៨០ លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអ៊ីនធឺណិតចល័តកាន់តែមានល្បឿនលឿននៅទូទាំងព្រះរាជាណាចក្រកម្ពុុជា។ សូមមានជំនឿចិត្តចុះថា យើងខ្ញុំនឹងតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា 4.5G របស់យើងខ្ញុំឲ្យកាន់តែប្រសើរ និងដំណាលគ្នាផងដែរ យើងខ្ញុំក៏ត្រៀមខ្លួនសម្រាប់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសបច្ចេកវិទ្យា 5G»។
ការដាក់បង្ហាញសាកល្បងផ្ទាល់ នៃបច្ចេកវិទ្យា5G នេះ បានបង្ហាញពីលទ្ធភាពជាច្រើន សម្រាប់ពេលអនាគត ដែលអាចតម្រង់ទិសមជ្ឍដ្ឋាននានាជាច្រើន តាមរយៈការផ្លាស់ប្តូររបៀបនៃការប្រាស្រ័យទាក់ទងគ្នា ពិសេសសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងសេដ្ឋកិច្ច។
លោក Stjepan បានចែករំលែកថា៖ «បច្ចេកវិទ្យា 5G នឹងបង្កើតទំនើបកម្មក្នុងពិភពលោក ដែលយើងរស់នៅតាមរយៈ បញ្ញាសិប្បនិម្មិត ឧបករណ៍ស្វ័យប្រវត្តិ ប្រើដោយអ៊ីនធឺណិត (IoT) ការវិភាគទិន្នន័យធំៗ និងច្រើនទៀត។ សម្រាប់លោក Stjepan ការបង្ហាញករណីប្រើប្រាស់នៅថ្ងៃនេះ គឺគ្រាន់តែជាលទ្ធភាពតិចតួចនៅឡើយ ចំពោះបច្ចេកវិទ្យា5Gជារួម។ បច្ចេកវិទ្យា 5G នឹងនាំមកនូវ អ៊ីនធឺណិតដែលមានល្បឿន រហូតដល់កម្រិត ជីហ្គាបីត ក្នុងមួយវិនាទី (Gbps) ដែលនេះ ពិតជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុត សម្រាប់វីដេអូ និងការទាញយកឯកសារ និងទិន្នន័យដែលមានទំហំធំៗ កម្រិតនៃការបញ្ជូនទិន្ន័យ មានល្បឿនលឿនបំផុត ដែលធានាបាននូវទំនុកចិត្ត និងគុណភាពសម្រាប់ការផ្សាយបន្តផ្ទាល់នានា VR និងការលែងហ្គេម ខណៈពេលដែលការតភ្ជាប់ឧបករណ៍យ៉ាងច្រើន នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនបំផុត ពិសេសស គឺអាចដោះស្រាយនូវបញ្ហាកំណើន នៃចំនួនឧបករណ៍ប្រើប្រាស់អ៊ីនធឺណិត ដែលបាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស»។
ក្រុមហ៊ុនអន្តរជាតិ ដែលគ្រោងដាក់ឲ្យដំណើរការបច្ចេកវិទ្យា5G នេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងជាច្រើននាបំណាច់ឆ្នាំនេះ។ ក្នុងនោះផងដែរ ឃើញថាឧបករណ៍ដែលអាចប្រើ បច្ចេកវិទ្យា 5G បាន គឺមានវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើងៗ។ យើងខ្ញុំរំពឹងថា ការចាប់ផ្តើមដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាគឺនឹងផ្តោតជាសំខាន់ដំបូងនៅតាមទីកន្លែងដែលមានអ្នកប្រើប្រាស់ច្រើន (hotspots) នៃបណ្តារាជធានីក្រុងសំខាន់ៗ ក្នុងរយៈពេលពីរបីឆ្នាំដំបូង។
លោក Thomas បានបន្ថែមថា៖ «ដូចដែលបានបង្ហាញ តាមរយៈការសាកល្បងដោយផ្ទាល់នេះ ក្រុមហ៊ុន Smart បាន និងកំពុងពិនិត្យគ្រប់ទិដ្ឋភាពទាំងអស់ នៃបច្ចេកវិទ្យាទំនើបនេះ ហើយយើងខ្ញុំក៏បាន និងកំពុងខិតខំប្រឹងប្រែង ដើម្បីធានាឲ្យបានថាយើងខ្ញុំនឹងមានភាពរួចរាល់ ក្នុងការវិវឌ្ឍខ្លួនទៅកាន់បច្ចេកវិទ្យា 5G នេះ ។ វិស័យទូរគមនាគមន៍នៅកម្ពុជា គឺមានសក្តានុពល និងឱកាសដ៏ល្អបំផុត ក្នុងការដាក់ឲ្យដំណើការបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងអាស៊ាន។ យើងខ្ញុំ ទន្ទឹងរង់ចាំជានិច្ច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបានថាគោលនយោបាយពាក់ព័ន្ធនានា នឹងត្រូវបានរៀបចំឡើង មានភាពសមស្របទៅនឹងគោលបំណងរួម។»
(អត្ថបទពាណិជ្ជកម្ម)