អន្តរជាតិ
អភិបាលក្រុង​សេ​អ៊ូ​ល សន្យា​ពង្រីក​គម្រោង​លំនៅឋាន​សាធារណៈ​សម្រាប់​អ្នក​រៀបការ​ថ្មីថ្មោង និង​យុវជន​
09, Jul 2019 , 7:39 pm        
រូបភាព
ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង (ប្រភពរូប៖ Bloomberg)
ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង (ប្រភពរូប៖ Bloomberg)
ដោយ:
​ក្នុង​គោលដៅ​ដោះស្រាយ​វិបត្តិ​ផ្ទះសំបែង លោក Park Won-soon អភិបាលក្រុង សេ​អ៊ូ​ល សន្យា​ផ្តោត​សំខាន់​លើ​ការពង្រីក​គម្រោង​លំនៅឋាន​សាធារណៈ អំឡុង​ពេលដែល​នៅ​សេសសល់​របស់លោក​ចំនួន​៣​ឆ្នាំ​ក្នុង​តំណែង​។ សម្រាប់​គម្រោង​នេះ លោក ចង់​ជួយ​ដល់​អ្នក​រៀបការ​ថ្មីថ្មោង និង​យុវជន​ដែល​ទើប​បញ្ចប់​ការសិក្សា ប៉ុន្តែ​គ្មាន​ប្រាក់​ទិញ​ផ្ទះ ឬ​ជួល​ផ្ទះ​ក្នុង​ទីក្រុង​។

 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ កក្កដា លោក Park បញ្ជាក់ថា លោក នឹង​យកចិត្តទុកដាក់​លើ​គោលនយោបាយ​នានា ដែល​ពង្រឹង​ជីវភាព​របស់​ប្រជាជន​ដោយផ្ទាល់ ដូចជា សេវាកម្ម​ថែទាំ​សុខភាព និង​លំនៅឋាន​ជាដើម​។ 
 
«​ជាមួយ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​កំពុង​ថមថយ​កម្លាំង រដ្ឋបាល​ក្រុង សេ​អ៊ូ​ល នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដោះស្រាយ​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​សុខមាលភាព​របស់​ប្រជាជន ។ អ្វីដែល​សំខាន់​នោះ​គឺ យើង នឹង​ពង្រីក​គម្រោង​លំនៅឋាន​សាធារណៈ​»​។ នេះ​ជាការ​បកស្រាយ​របស់លោក​អភិបាលក្រុង Park ដែល​កាន់តំណែង​នេះ​ចំនួន​បី​លើក​មកហើយ​នោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត Korea Times គម្រោង​បឋម នឹង​ផ្តល់​លំនៅឋាន​សាធារណៈ​ថ្មី​ចំនួន ២៥០០០​ខ្នង ជា​រៀងរាល់ឆ្នាំ ជាពិសេស​សម្រាប់​គូ​ស្វាមីភរិយា​ថ្មីថ្មោង និង​យុវជន​ដែល​ទើបតែ​បញ្ចប់​ការសិក្សា តែ​គ្មាន​លទ្ធភាព​ជួល​ផ្ទះសំបែង​សម្រាប់​ស្នាក់​នៅក្នុង​ទីក្រុង​។ 
 
​ដោយ​លើក​ពី​គំរូ​របស់​ទីក្រុង​សិង្ហ​បុរី និង​ទីក្រុង​វី​យែ​ន លោក​អភិបាល Park សង្កត់ធ្ងន់ថា គម្រោង​លំនៅឋាន​បែបនេះ នឹង​គ្របដណ្តប់​ទាំង​ប្រជាជនមាន​ដែល​ប្រាក់ចំណូល​ទាប និង​មធ្យម​ផងដែរ​នាពេល​អនាគត​។ 
 
​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ ចំនួន​លំនៅឋាន​សាធារណៈ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល មាន​ចំនួន ៣០៦ ២៨៥​ខ្នង ដែល​កើនឡើង ៧០​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១១ ពោលគឺ​នៅពេល​លោក Park ត្រូវបាន​ជ្រើសរើស​ជា​អភិបាលក្រុង​សេ​អ៊ូ​ល​ជា​លើកដំបូង​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីក្រុង​សេ​អ៊ូ​ល មាន​គោលនយោបាយ​ផ្ទះសំបែង​ចំនួន​ពីរ​ប្រភេទ​សម្រាប់​យុវជន និង​ដៃគូ​ទើប​រៀបការ​ថ្មីថ្មោង​ជនជាតិ​កូរ៉េ​។  គោលនយោបាយ​ទីមួយ សំដៅលើ​ការផ្តល់​ឲ្យ​នូវ​លំនៅឋាន​សង្គម​តាម​ប្រភេទ ដែលមាន​តម្លៃ​ទាប​ជាង​អត្រា​ទីផ្សារ ហើយ​ចំណែក​ទី​ពីរ សំដៅលើ​ការផ្តល់​ក​ម្ជី​ដែលមាន​អត្រា​ការប្រាក់​ទាប សម្រាប់​អ្នក​ដែល​ត្រូវ​ការជួល​ផ្ទះ​៕

Tag:
 ​កូរ៉េខាងត្បូង​
  សេ​អ៊ូ​ល​
  គម្រោង​លំនៅឋាន
© រក្សាសិទ្ធិដោយ thmeythmey.com