អន្តរជាតិ
មិនទាន់​ចប់​! តួ​ក​គី តាម​ចាប់​យោធា​ច្រើនជាង​២០០​នាក់​ទាក់ទង​រដ្ឋប្រហារ​ឆ្នាំ​២០១៦
09, Jul 2019 , 8:39 pm        
រូបភាព
យោធាតួកគីជាច្រើនរូប ត្រូវចាប់ខ្លួនក្រោយសង្ស័យថា​ ពាក់ព័ន្ធរដ្ឋប្រហារឆ្នាំ២០១៦ ។ រូបភាព AFP
យោធាតួកគីជាច្រើនរូប ត្រូវចាប់ខ្លួនក្រោយសង្ស័យថា​ ពាក់ព័ន្ធរដ្ឋប្រហារឆ្នាំ២០១៦ ។ រូបភាព AFP
​បី​ឆ្នាំ​កន្លងទៅ សុំ​ណុំ​រឿង​រដ្ឋប្រហារ​នៅ​តួ​ក​គី នៅតែ​មិន​ចប់​។ ប៉ូលិស​តួ​ក​គី នៅ​ថ្ងៃទី​៩ ខែកក្កដា បាន​បើក​ប្រតិបត្តិការ​តាម​ចាប់​យោធា​ច្រើនជាង​ពីរ​រយ​នាក់​ដែល​ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​បរាជ័យ​មួយ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ​។ ដោយសារតែ​រដ្ឋប្រហារ​នេះ មនុស្ស​រាប់ពាន់នាក់​ហើយ​ត្រូវបាន​ចាប់ឃុំខ្លួន ឬ​កាត់ទោស ហើយ​ភាគច្រើន​ត្រូវ​ចោទថា មាន​ទំនាក់ទំនង​នឹង​លោក Fetullah Gulen ដែល​កំពុងស្នាក់នៅ​ទឹកដី​សហរដ្ឋអាមេរិក​។​

 
​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ នេះ រដ្ឋប្រហារ​នៅ​តួ​ក​គី​មាន​អាយុ​បី​ឆ្នាំ​ហើយ​។ អំឡុង​ខែកក្កដា ឆ្នាំ​២០១៦ យោធា​តួ​ក​គី​មួយក្រុម​បានរៀបចំ​រដ្ឋប្រហារ​មួយ ប៉ុន្តែ​មិនបាន​សម្រេច​។ រថក្រោះ​ជាច្រើន​គ្រឿង ត្រូវបាន​ពង្រាយ​ក្នុង​ទីក្រុង​ធំៗ​ក្រោមលេស​ធ្វើ​សមយុទ្ធ ខណៈ​យន្តហោះ​បាន​វាយប្រហារ​អាគារ​សភា​ទៀតផង​។ រដ្ឋាភិបាល​ប្រ​នា​ធា​ធិបតី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បាន​កាត់ទោស​មនុស្ស​ជាច្រើន​ដែល​ពាក់ព័ន្ធ​ចលនា​របស់លោក Fetullah Gulen ដែល​ត្រូវ​ចោទថា នៅ​ពីក្រោយ​គម្រោង​នេះ​។​
 
​បី​ឆ្នាំ​កន្លងទៅ យុទ្ធនាការ​បង្ក្រាប​អ្នកពាក់ព័ន្ធ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​។ រដ្ឋអាជ្ញា​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រកាសថា ខ្លួន​បានចេញ​ដីកាចាប់ខ្លួន​មន្ត្រី​យោធា​សកម្ម​ចំនួន​១៧៦​នាក់​មកពី​អង្គភាព​នានា​របស់​កងទ័ព​តួ​ក​គី​ជុំវិញ​ការសង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​លោក Gulen ។ នៅ​តំបន់ Aegean វិញ រដ្ឋអាជ្ញា​ក៏​ចេញ​ដីកាចាប់ខ្លួន​មនុស្ស​៣៥​នាក់​ផងដែរ ខណៈ​នៅ​ខេត្ត Kocaeli ជនសង្ស័យ​ចំនួន​១៧​នាក់ ក៏ត្រូវ​តាម​ចាប់​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្រោយ​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ នេះ អាជ្ញាធរ​តួ​ក​គី ចាប់​មនុស្ស​រាប់ពាន់នាក់​ដែល​សង្ស័យ ហើយ​គ្មាន​សញ្ញា​បង្ហាញថា ប្រតិបត្តិការ​នេះ អាច​ថមថយ​វិញ​ឡើយ​ដោយ​គេ​ឃើញ​មាន​ព័ត៌មាន​នៃ​ការចាប់ខ្លួន​ស្ទើរ​រៀងរាល់ថ្ងៃ​ទៅហើយ​។ យោធា មិនមែនជា​មុខសញ្ញា​តែមួយ​ក្នុងការ​ចាប់ខ្លួន​ឡើយ ដោយ​មន្ត្រី​ស៊ីវិល​ច្រើន​ទៀត​ក៏ត្រូវ​ចាប់ខ្លួន​ដែរ​។ បើតាម​ប្រភព​ខ្លះ មន្ត្រី​ទាំង​ស៊ីវិល និង​យោធា​ចំនួន​១៥​ម៉ឺន​នាក់ ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​ដោយសារ​រឿង​ផងដែរ​។ 
 
​យុទ្ធនាការ​បោសសម្អាត​នេះ រង​ការរិះគន់​ខ្លាំង​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​តួ​ក​គី ហើយ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​។ ប៉ុន្តែ​ក្រុង​អង់កា​រ៉ា មិនបាន​ស្ដាប់​ការអំពាវនាវ​ឡើយ មានតែ​បង្កើន​ការចាប់ខ្លួន​ទៀត​ថែមទៀត​។ 
 
​ក្រុម​អ្នក​រិះគន់ ចាត់ទុក​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​លោក អ៊ែរ​ដូ​ហ្កា​ន់ ថា ជាការ​បោសសម្អាត​ក្រុមប្រឆាំង​រដ្ឋាភិបាល​ទៅវិញ​។ យ៉ាងណាមិញ មន្ត្រី​តួ​ក​គី នៅតែ​ការពារ​ចំណាត់​នេះ ហើយ​ថា វា​ជា​រឿង​ចាំបាច់​ក្នុងការ​បោសសម្អាត​ឥទ្ធិពល​លោក Gulen ឲ្យ​អស់ពី​ស្ថាប័នរដ្ឋ​។ ពី​ទឹកដី​អាមេរិក លោក Gulen វិញ បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនេះ​៕
 

Tag:
 តួ​ក​គី​
  Fetullah Gulen
© រក្សាសិទ្ធិដោយ thmeythmey.com