ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់រថយន្តធំៗជាង៤០គ្រឿង ដែលដឹកឈើខុសច្បាប់ និងត្រៀមកាត់ចោលជាកង់ៗ
09, Jul 2019 , 4:45 pm        
រូបភាព
រថយន្តដឹឈើ ដែលសមត្ថកិច្ចចាប់បានកន្លងមក
រថយន្តដឹឈើ ដែលសមត្ថកិច្ចចាប់បានកន្លងមក
កងកម្លាំងនៃគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ឧកញ៉ា ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ផ្សេងទៀត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលលួចដឹកឈើក្នុងខេត្តមណ្ឌលគិរី។ មានរថយន្តដល់ទៅជាង៤០គ្រឿងឯណោះ ដែលសមត្ថកិច្ច ឃាត់ទុក និងមាន៤គ្រឿងទៀត ត្រូវបានឈ្មួញលាក់ក្នុងព្រៃ ហើយសមត្ថកិច្ច កំពង់រុករក។



លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អ្នកទាំង៤ ដែលត្រូវឃាត់ខ្លួន នឹងត្រូវដោះស្រាយតាមច្បាប់ ចំណែករថយន្តជាង៤០គ្រឿងនោះ នឹងត្រូវបំផ្ទុះចោល និងកាត់ជាកង់ៗនៅក្នុងព្រៃតែម្តង។

លោក បញ្ជាក់ដូច្នេះថា៖«មិនទាន់ដឹងថា រថយន្តម៉ាក់អីខ្លះទេ ព្រោះយើងមិនទាន់ពិនិត្យ តែជាគោលការណ៍ យើងនឹងមិនទុករថយន្តទាំងនោះឡើយ»។ បើតាមអ្នកនាំពាក្យ ក្រៅពីរថយន្ត នៅមានគោយន្ត ម៉ូតូ និងឧបកការណ៍ផ្សេងទៀត សមត្ថកិច្ចចាប់បាន ពីឈ្មួញទាំងនោះ។  

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ គឺដឹកនំដោយនាយឧត្តមសេនីយ៍ សៅ សុខា ផ្ទាល់តែម្តង ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ 

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយៈអ្នកនាំពាក្យ បានដាក់ចេញវិធានការក្តៅមួយ ស្តីពីការបំផ្លាញចោលនូវមធ្យោបាយផ្សេងៗ ដូចជា រថយន្ត គោយន្ត និង ម៉ូតូ ដែលប្រើប្រាស់ក្នុងបទល្មើសព្រៃឈើ៕

អត្ថបទទាក់ទង
 

Tag:
 បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com