ជាតិ
មន្ត្រីរដ្ឋាភិបាល ចង់បានកិច្ចសហការជាមួយអ្នកកាសែត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ
× ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងប្រជុំពិភាក្សាជាមួយអ្នកកាសែត ដើម្បីកំណត់វិធានការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងក្នុងគោលបំណងវាយប្រហារដ្ឋាភិបាល នៅថ្ងៃទី១០ កក្កដា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា កិច្ចប្រជុំពិភាក្សាគ្នានេះ គឺផ្ដោតទៅលើបញ្ហាសំខាន់២ចំណុច ដែលទាក់ទងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ដោយក្នុងនោះរួមមាន ក្រមសីលធម៌អ្នកកាសែត និងការប្រឆាំងព័ត៌មានក្លែងក្លាយ ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បញ្ជាក់ដូច្នេះថា៖«គោលបំណងធំយើងចង់ពង្រឹងក្រមសីលធម៌ និងកាតព្វអ្នកសារព័ត៌មាន ដោយយើងនឹងសុំការផ្ដល់យោបល់ ឱវាទពីប្រធានក្លិប ប្រធានសមាគមទាំងអស់ តើគួរពង្រឹងអ្វីដែលជាក្រមសីលធម៌ និងកាតព្វកិច្ចរបស់អ្នកព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញថា ពលរដ្ឋខ្មែរមានកាតព្វអ្វីខ្លះ ដែលយើងត្រូវយកមកពិភាក្សាគ្នា ដើម្បីឲ្យអ្នកសារព័ត៌មានក្លាយជាកម្លាំងជាតិ ក្នុងកិច្ចការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ចំណុចទី២ យើងនាំគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ដែលបានសេចក្តីថា យើងនាំគ្នាមិនបំពង ឬឃោសនាបន្ទរ នូវព័ត៌មានណា ដែលគ្មានប្រភពត្រឹមត្រូវ ដើម្បីការពារវិស័យព័ត៌មានឲ្យក្លាយជាមរតកសម្រាប់សង្គម និងមានប្រសិទ្ធភាព»។
ត្រង់ចំណុចនេះ លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា មូលហេតុដែលរដ្ឋាភិបាលរៀបចំកិច្ចពិភាក្សានេះ គឹចង់បានកិច្ចសហការជាមួយអ្នកកាសែត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមានបំណងវាយប្រហារលើរដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺមិនមែនមានន័យថា អ្នកកាសែតនៅកម្ពុជាគ្មានក្រមសីលធម៌នោះទេ។ «អ្នកសារព័ត៌មានមួយចំនួន នៃស្ថាប័នធំៗ គាត់មានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។ ប៉ុន្តែនៅក្នុងការលើកតម្កើងវិស័យព័ត៌មាន ដែលជាតម្រូវការរបស់មហាជន នៅក្នុងបរិបទសង្គមបើកចំហរ យើងចង់បានឲ្យលើសពីនេះតទៅទៀត ដើម្បីយកព័ត៌មានជាខ្លឹមសារមួយ ដើម្បីជាការពិចារណា និងការចូលរួមពីមហាជនយើង។ ហើយយើងមិនចង់បានព័ត៌មានដែលធ្វើឲ្យមហាជនមានការពិបាកចិត្តជាមួយសារព័ត៌មានទេ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល ។
អ្នកដែលចូលរួមកិច្ចពិភាក្សានោះ រួមមានក្លិបអ្នកកាសែតកម្ពុជា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សមាគមអ្នកកាសែតកម្ពុជា-ចិន , ខាងតំណាងមកពីរាជបណ្ឌិត្យសភា និងក្រសួងព័ត៌មាន រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន ដែលបានបន្ថែមថា ក្រោយកិច្ចប្រជុំពិភាក្សាគ្នានោះ អង្គការភាពលោក នឹងធ្វើសន្និសីទកាសែត និងចេញសេចក្តីថ្លែងការណ៍ទៀតផង៕
Tag:
ផៃ ស៊ីផាន
ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com