កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ទិញ Tielemans ពី Monaco តម្លៃ ៥០លានដុល្លារ ក្រោយខ្ចីជើងកន្លះរដូវកាល
× Leicester City បានសម្រេចទិញយកខ្សែបម្រើ Youi Tielemans ដាច់តែម្តងពី AS Monaco ក្នុងតម្លៃកំណត់ត្រាក្លិប ៤០លានផោន (៥០លានដុល្លារអាមេរិក) ដោយចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ។
Tielemans ដែល Leicester កាលស្ថិតក្រោមការដឹកនាំរបស់លោក Claude Puel ខ្ចីជើងពីក្រុមនៃលីគកំពូលបារាំង Monaco កាលពីខែមករាកន្លងទៅ បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូសម្រេចទីចំនួន ៤លើកសម្រាប់ការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ចំនួន ១៣ប្រកួតរដូវកាលមុន។
លោក Puel ក៏ត្រូវបានបញ្ចប់តំណែងនៅខែបន្ទាប់ និងជំនួសដោយគ្រូបង្វឹក Celtic លោក Brendan Rodgers រហូតបច្ចុប្បន្ន។ អតីតអ្នកចាត់ការ Liverpool រូបនេះ បានយល់ព្រមទិញរូបគេដាច់ក្នុងតម្លៃខ្ពស់ជាកំណត់ត្រាក្លិបតែម្តង។
«ខ្ញុំពិតជារីករាយណាស់ដែល Tielemans ជ្រើសរើសយក Leicester City ។ នេះជាពេលវេលាដ៏រំភើបសម្រាប់ក្លិបមួយនេះ និងដើម្បីនាំកីឡាករដែលមានទេពកោសល្យ និងគុណភាពដូច Tielemans បង្ហាញពីភាពស្រែកឃ្លានជោគជ័យនៅទីនេះ»។ Rodgers រៀបរាប់ពីអតីតប្រធានក្រុម Anderlecht ដូច្នេះ។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក វ័យ២២ឆ្នាំរូបនេះជាកីឡាករទី៣ហើយដែលក្លិបរហស្សនាំកញ្ជ្រោងទិញចូលមករដូវកាលនេះបន្ទាប់ពីយកបានខ្សែប្រយុទ្ធ Ayoze Perez ពី Newcastle United និង James Justin ពី Luton ក្លិបនៃលីគលំដាប់ទី២អង់គ្លេស។
«ខ្ញុំពិតជាមិនអាចរង់ចាំដើម្បីចាប់ផ្តើមជាថ្មីជាមួយ Leicester បានទេ។ ខ្ញុំជឿជាក់ថាក្រុមយើងពិតជាមានទេពកោសល្យដើម្បីប្រជែងពានរដូវកាលក្រោយ និងទទួលបានលទ្ធផលពិសេសផ្សេងទៀត»។ Tielemans អះអាងបែបនេះ៕
Tag:
បាល់ទាត់
Leicester City
Youi Tielemans
© រក្សាសិទ្ធិដោយ thmeythmey.com