កីឡាជាតិ
ជាតិ
Hun Sen Cup៖ បឹងកេតប្រើកីឡដ្ឋានថ្មីស្វាគមន៍សៀមរាប ខណៈអគ្គិសនីកម្ពុជាទៅជួបអង្គរថាយហ្គឺរនៅសៀមរាបវិញ អ្នកស្រី ពុធ ធីតា ប្រធានក្លិប និងថ្នាក់ដឹកនាំក្លិបផ្សេងទៀត សេនព្រេននៅកីឡដ្ឋានត្រៀមរៀបចំការប្រកួតផ្លូវការលើកដំបូងនៅរសៀលនេះ
× ក្រុមបឹងកេតត្រូវបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួននៅម្តុំបឹងស្នោរក្នុងសង្កាត់ចក្រអង្រែស្វាគមន៍ភ្ញៀវខេត្តសៀមរាប សម្រាប់ជំនួបជើងទី២ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដានេះ។ ក្នុងពេលដំណាលគ្នានេះ ក្រុមអង្គរថាយហ្គឺរត្រូវប្រជែងជាមួយក្រុមអគ្គិសនិកម្ពុជានៅកីឡដ្ឋានខេត្តសៀមរាប។
សម្រាប់នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលបើកប្រើប្រាស់ជាលើកដំបូងនេះ ក្រុមម្ចាស់ផ្ទះបឹងកេតត្រូវការត្រឹមស្មើ ឬចាញ់ក្រោម៦គ្រាប់ប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ខណៈខេត្តសៀមរាបត្រូវការឈ្នះលើសពី៦គ្រាប់។ ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលក្នុងការឈ្នះលើស៦គ្រាប់សម្រាប់ក្រុមឡើងមកពីខេត្តមួយនេះឡើយ ព្រោះបឹងកេតជាក្រុមខ្លាំង ដែលជោគជាំដោយបទពិសោធទាំងថ្នាក់ជាតិនិងអន្តរជាតិ។ កាលជើងទី១នៅខេត្តសៀមរាបបឹងកេតបានយកឈ្នះក្នុងលទ្ធផល ៦-០។
សម្រាប់ការប៉ះគ្នារវាងក្រុមមានមូលដ្ឋានខេត្តសៀមរាបអង្គរថាយហ្គឺរជាមួយក្រុមអគ្គិសនីកម្ពុជា នឹងក្លាយជាជំនួបដ៏ជក់ចិត្ត និងទាក់ទាញបំផុត ដ្បិតក្រុមទាំងពីរត្រូវការឈ្នះដូចគ្នា ដើម្បីធានាកៅអីរបស់ពួកគេឡើងទៅវគ្គបន្ត។ អង្គរថាយហ្គឺរអាចទំនងមានប្រៀបជាង ព្រោះគេសង្កេតឃើញថា ក្រុមនេះខ្លាំងក្នុងការប្រកួតក្នុងទឹកដី។ តែយ៉ាងណាអគ្គិសនីកម្ពុជា ក៏ជាក្រុមសម្បូរធនធានមានសមត្ថភាពផងដែរ ពិសេសក្រុមនេះបានបញ្ចប់ចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០១៨។ នាការប្រកួតជើងទី១នៅកីឡដ្ឋានអគ្គិសនីកម្ពុជាក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីគ្នា៕
Tag:
បាល់ទាត់
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com