កីឡាអន្តរជាតិ
អន្តរជាតិ
Premier League និងអ្នកឧបត្ថម្ភ ខាតរាប់ពាន់លានដុល្លារដោយសារការ Live ខុសច្បាប់ ពិសេសនៅចិន
× ចិនត្រូវចាត់ចូលក្នុងបញ្ជីខ្មៅក្នុងចំណោមប្រទេសច្រើនទៀតដែលមានអ្នកទស្សនាការប្រកួតក្នុងក្របខណ្ឌ Premier League តាមរយៈការ Live ខុសច្បាប់លើប្រព័ន្ធអ៊ីនធឺណិតច្រើនជាងគេ ដែលបង្កឲ្យក្លិប និងអ្នកឧបត្ថម្ភខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ កេនយ៉ា នីហ្សេរីយ៉ា ឥណ្ឌា និងវៀតណាម ក៏ស្ថិតក្នុងបញ្ជីនោះដែរ។
បើយោងតាមការសិក្សារបស់ក្រុមហ៊ុនវាយតម្លៃអាមេរិក GumGum Sports និងក្រុមអ្នកជំនាញចោរកម្មឌីជីថល MUSO ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ បង្ហាញថាការ Live ខុសច្បាប់បានធ្វើឲ្យក្លិបកីឡាបាល់ទាត់នៃលីគកំពូលអង់គ្លេស ខាតប្រាក់ប្រមាណជា ១លានផោន (១,២៥លានដុល្លារអាមេរិក) ក្នុងមួយប្រកួត។
តាមការវាយតម្លៃពីការ Live ខុសច្បាប់ចំនួន៨ប្រកួតចុងក្រោយនៅ Premier League រដូវកាលពីមុន ក្រុមហ៊ុនខាងលើបានបង្ហាញទៀតថា ក្នុងមួយប្រកួតអាចទាក់ទាញអ្នកទស្សនាជាមធ្យមរហូតដល់ ៧,១ លាននាក់ឯណោះ។
ចិនក៏មានចំនួនអ្នកមើលខុសច្បាប់ខ្ពស់បំផុតរហូត១លាននាក់ផងដែរ ខណៈនីហ្សេរីយ៉ា ឥណ្ឌា និងវៀតណាមក៏ស្ថិតក្នុងបញ្ជីនោះដូចគ្នា។ ចំណែកចក្រភពអង់គ្លេសឈរចំណាត់ថ្នាក់ទី១១ ក្នុងបញ្ជីនៃបទល្មើស បទល្មើសឌីជីថលនេះ។
លោក Jeff Katz អនុប្រធានផ្នែកទំនាក់ទំនង និងយុទ្ធសាស្ត្ររបស់ GumGum Sports បានចេញមកអះអាងថា៖«ក្លិប និងអ្នកឧបត្ថម្ភមិនធ្លាប់បានកំណត់ចំនួនការ Live តាមប្រព័ន្ធអ៊ិនធឺណិតដោយគ្មានការអនុញ្ញាតនៅរយៈពេលប៉ុន្មានឆ្នាំនេះទេ សម្របពេលពួកគេខាតបង់អស់រាប់ពាន់លានដុល្លារអាមេរិក»។
មានតែក្រុមហ៊ុនទូរទស្សន៍ Sky Sports, BT Sport និង Amazon ប៉ុណ្ណោះដែលបានទិញសិទ្ធិផ្សាយការប្រកួតនៅ Premier League ស្របច្បាប់នៅចក្រភពអង់គ្លេស។
បទល្មើសឌីជីថល (Digital piracy) បានគំរាមកំហែងយ៉ាងខ្លាំងចំពោះក្របខណ្ឌលីគកំពូលអង់គ្លេស ខណៈដែលលីគកីឡាបាល់ទាត់លំដាប់ទី១ពិភពលោកមួយនេះពឹងផ្អែកយ៉ាងខ្លាំងលើចំណូលពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទូរទស្សន៍ដែលទិញសិទ្ធិផ្សាយបន្តផ្ទាល់៕
Tag:
Premier League
Live ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com