អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន នភាល័យ ធ្វើពិធីក្រុងពាលីសម្រាប់ការប្រគំតន្ត្រី«សង្ឃឹមថ្ងៃមួយ»ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
× ភ្នំពេញ៖ក្រុមហ៊ុន នភាល័យ ធ្វើពិធីសំពះគ្រូរបាំ គ្រូល្ខោន និងពិធីក្រុងពាលី សម្រាប់ការចាប់ផ្តើម នៃការរៀបចំកម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» ក្នុងន័យលើកកម្ពស់ និងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបុរីជីប ម៉ុងលែន ។ ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានកិត្តិយស លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសិល្បករខ្មែរទាំងជំនាន់មុននិងជំនាន់ក្រោយ។
កម្មវិធីក្រុងពាលីសម្រាប់កម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» នេះ នឹងប្រារព្ធធ្វើឡើងពីរលើក ដោយលើកទីមួយ គឺការប្រារព្ធពិធីក្រុងពាលីនេះ នៅគេហដ្ឋានរបស់ប្រធានក្រុមហ៊ុន នភាល័យ ផ្ទាល់ និងលើកទីពីរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាលមហោស្រពចតុមុខ។
លោក សែជូ សេរីវឌ្ឍនា ប្រធានក្រុមហ៊ុន នភាល័យ បានឲ្យដឹងថា ទាំងការប្រារព្ធកម្មវិធីក្រុងពាលីធំៗ ទាំងពីរលើក និងកម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» គឺជាការចូលរួមចំណែក ក្នុងសង្គម ក្នុងការអភិរក្សនិងអភិវឌ្ឍវិស័យសិល្បៈ វប្បធម៌ជាតិខ្មែរ ឲ្យមានជីវិតរស់រវើក តាមរយៈការផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ដែលជាមរតកមនុស្សរស់ ក៏ដូចជាសិល្បករវ័យក្មេងឲ្យបានចូលរួមកាន់តែសកម្មថែមទៀត។ លោក សេរីវឌ្ឍនា បន្តថា៖«ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាតនិងលើកទឹកចិត្ត ចំពោះការរៀបចំកម្មវិធីទាំងនេះឡើង ពួកយើងជឿជាក់ថា កម្មវិធីសម្តែងសិល្បៈ និងចម្រៀងជា សាធារណៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខ នឹងជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ឲ្យបានគង់វង្ស និងរក្សាមរតកទាំងនោះ ទៅអ្នកជំនាន់ក្រោយ។ ជាពិសេស អាចផ្សព្វផ្សាយ អប់រំសិល្បៈវប្បធម៌ខ្មែរ ឲ្យកាន់តែទូលំទូលាយដល់សាធារណជន»។
កម្មវិធីសម្តែងសិល្បៈ និងចម្រៀងជាសាធារណៈ «សង្ឃឹមថ្ងៃមួយ» នាពេលខាងមុខ នឹងមានការចូលរួមយ៉ាងផុសផុល ពីសិល្បករ សិល្បការិនី ទាំងជំនាន់មុន និងជំនាន់ក្រោយ ដោយនឹងមានការសម្តែងសិល្បៈជាច្រើនមុខ ដូចជាចម្រៀងមរតកជំនាន់ដើម របាំប្រពៃណីជាតិ ល្ខោនខោល និងអាយ៉ៃជាដើម។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន នភាល័យ គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំងបី រួមមានក្រុមហ៊ុន ឡាក់វ៉ា ឌីហ្សាញ, ព្រីនធីង អេន អេតវើថាយស៊ីង និងក្រុមហ៊ុន ពលវ: អ៊ីមផត អ៊ិចផត ខូអិលធីឌី ដែលត្រូវបានបង្កើតឡើង ដោយយុវជនខ្មែរបីរូប រួមមាន លោកសែជូ សេរីវឌ្ឍនា លោក ជីវ៉ា និងលោក ហេង ច័ន្ទណារ៉េត ដើម្បីសិក្សា និងបង្ហាញពីរថយន្តគ្រប់ប្រភេទ តាមរយៈវីដេអូ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com