ជាតិ
របកគំហើញថ្មីបញ្ជាក់ច្បាស់ថា សម្ពុបុរៈ (ស្រុកសំបូរ ខេត្តក្រចេះសព្វថ្ងៃ) ជាក្រុងអ្នកប្រាជ្ញ
× ភ្នំពេញ៖ ការរកឃើញថ្មីនៃគ្រឹះប្រាសាទចំនួន៤០ប្រាសាទ ក្នុងទឹកដីអតីតក្រុងសម្ពុបុរៈ បានបញ្ជាក់ឱ្យកាន់តែច្បាស់លើឯកសាររបស់បារាំង ដែលថាក្រុងសម្ពុបុរៈ គឺជាទីក្រុងអ្នកប្រាជ្ញ។ ការស្រាវជ្រាវថ្មីនេះ ត្រូវបានបង្ហាញក្នុងបាឋកថាក្រោមប្រធានបទ «របកគំហើញភស្ដុតាងថ្មីនៅទីក្រុងសម្ពុបុរៈ» ដែលបកស្រាយដោយលោកស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រុងសម្ពុបុរៈដែលមានវត្តមាននៅសតវត្សរ៍ទី៣នៃគ្រិស្ដសករាជ ហើយចាប់ផ្ដើមរលាយរូបរាងនៅដើមសតវត្សរ៍ទី១៩ ដោយក្លាយមកជាស្រុកសំបូរ ស្ថិតក្នុងខេត្តក្រចេះសព្វថ្ងៃនេះ ត្រូវបានអ្នកស្រាវជ្រាវបារាំងបានដាក់ឈ្មោះថាជាទីក្រុងអ្នកប្រាជ្ញ ដែលជាទីក្រុងរបស់ចេនឡា ដ៏ល្បីល្បាញដោយមានអរិយធម៌ដើម។
នៅដើមឆ្នាំ២០១៩រហូតដល់ខែមិថុនាឆ្នាំដដែល លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន បានចុះទៅស្រាវជ្រាវនៅស្រុកសំបូរ និងស្រុកក្រចេះ ក្នុងខេត្តក្រចេះ ដោយបានរកឃើញគ្រឹះប្រាសាទចំនួន៤០ប្រាសាទ។ អ្វីដែលអាចទាញបានថាទីក្រុងសម្ពុបុរៈជាទីក្រុងរបស់អ្នកប្រាជ្ញ គឺដោយមានភស្ដុតាងលើរូបសំណាកព្រះសិវៈ ព្រះពិស្ណុ ព្រះគណេស និងមានព្រះជាច្រើនទៀតខាងព្រហ្មញ្ញសាសនា ដែលតំណាងឱ្យអ្នកចេះដឹង ត្រូវបានកសាងឡើងនៅតាមប្រាសាទនៅក្នុងក្រុងសម្ពុបុរៈនោះ។
ក្នុងដំណើរនៃការរុករកស្រាវជ្រាវនេះ លោក ធុយ ចាន់ធួន ក៏បានសង្កេតឃើញថាអ្នកស្រុកមួយចំនួនក្នុងមូលដ្ឋាន បានជីកគាស់កកាយ គ្រឹះប្រាសាទដើម្បីស្វែងរកវត្ថុមានតម្លៃ ដែលពួកគេថាជាកំណប់នោះ។ ក្នុងនាមជាអ្នកស្រាវជ្រាវលោក ធុយ ចាន់ធួន ស្នើដល់ក្រសួងនិងអាជ្ញាធរដែនដី សូមចុះទៅស្រាវជ្រាវដល់ទីតាំងផ្ទាល់ រួមទាំងផ្សព្វផ្សាយពីបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ ដើម្បីរារាំងការជីគាស់គ្រឹះប្រាសាទបន្តទៀត។
លោកបញ្ជាក់បន្ថែមទាំងហួសចិត្ត៖« មកដល់សម័យនេះហើយ ពួកគាត់(អ្នកស្រុក) នៅតែជីកគាស់កកាយគ្រឹះប្រាសាទទៀត។ ទាំងនេះជាសម្បត្តិបេតិកភណ្ឌជាតិ ពួកគាត់នៅតែមិនយល់»។
លោក ធុយ ចាន់ធួន នឹងចងក្រងឯកសារដែលបានស្រាវជ្រាវថ្មីៗពីទីក្រុងសម្ពុបុរៈ ជាសៀវភៅដើម្បីជាមរតកសម្រាប់ក្មេងជំនាន់ក្រោយសិក្សាស្រាវជ្រាវ។ តែទោះជាយ៉ាងណាអ្នកស្រាវជ្រាវរូបនេះនៅតែមានកង្វល់ ព្រោះឧបសគ្គធំបំផុតនៃការសិក្សាស្រាវជ្រាវគឺបញ្ហាថវិកា ដែលលោកកំពុងតែស្វះស្វែងរកអ្នកជួយឧត្ថម្ភគាំទ្រ។
ក្នុងហេតុផលយ៉ាងណាក៏ដោយ កន្លងមកលោក ធុយ ចាន់ធួន សង្កេតឃើញថាកូនខ្មែរមិនសូវបានចាប់អារម្មណ៍ក្នុងការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រឡើយ ដែលនេះជាកម្សោយនៃការធ្វើឱ្យខ្លួនមានមោទកភាពជាតិ។
លោកសង្កត់ធ្ងន់ថា ៖«តើមានកូនខ្មែរប៉ុន្មាននាក់ដែលបានទៅមើលប្រាសាទអង្គរវត្ត? ចុះប្រាសាទផ្សេងៗទៀត? ចុះទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀតដែលមាននៅទូទាំងប្រទេសកម្ពុជា? តើពួកគាត់បានស្គាល់ប៉ុន្មានហើយ? យើងត្រូវទៅសិក្សាស្រាវជ្រាវឱ្យឃើញច្បាស់ ហើយឈប់ប្រើពាក្យ ឮគេថាទៀត»៕
Tag:
បុរាណវិទ្យា
ក្រុងសម្ពុបុរៈ
អ្នកប្រាជ្ញ
ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com