កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ប្រាប់ Juventus ឲ្យ​ទិញ Lukaku ពី Man Utd
10, Jul 2019 , 5:24 pm        
រូបភាព
Cristiano Ronaldo បង្ហាញ​អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ Romelu Lukaku មក​រួម​ក្រុម​ជាមួយ​ខ្លួន ដោយ​ស្នើ​ឲ្យ Juventus ទិញ​កីឡាករ​រូបនេះ​ពី Manchester United នា​រដូវ​កាល​ថ្មី​ខាងមុខ​។​


 
​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​សេះបង្កង់ ពី Real Madrid រដូវ​កាល​មុន ប៉ុន្តែ​មិនអាច​ជួយ​ក្លិប​យក្ស​អ៊ីតាលី ជោគជ័យ​ជាមួយ​ពាន Champions League ឡើយ​។ ការដែល​មិនអាច​លើ​ពាន​អឺរ៉ុប​បាន Juventus មើលឃើញថា​ពួកគេ​ខ្វះ​កីឡាករ​មានគុណ​ភាព​នៅ​តំបន់​ប្រយុទ្ធ​។​
 
​ដោយសារ​ហេតុនេះហើយ ទើប​ម្ចាស់​ជើងឯក Serie A បានកំណត់​ការចំណាយ​ដ៏​ធំ​ដើម្បី​ចែចូវ​យក​ខ្សែប្រយុទ្ធ Lukaku ពី​បិសាច​ក្រហម ស្របពេល​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​ក៏​ចង់​បញ្ចេញ​សមាជិក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​រូបនេះ​ផងដែរ​។ Lukaku ដែល​មិន​ស្ថិតក្នុង​ជម្រើស​របស់លោក Ole Gunnar Solskjaer ក៏​មិន​ចង់​បន្ត​នៅ Old Trafford ដូចគ្នា​។​
 
​ដោយសារ Man Utd ទើប​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Marcus Rashford ហើយ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​ពេញចិត្ត​ពេញ​ថ្លើ​នឹង​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២១​ឆ្នាំ ដូច្នេះ Lukaku ទំនងជា​ត្រូវ​លក់​ចេញ​មិន​ខាន​។​
 
​បើតាម The Sun ចុះផ្សាយ Ronaldo បានផ្តល់​គំនិត​ដល់ Juventus ឲ្យ​ព្យាយាម​ទិញយក​អតីត​ខ្សែប្រយុទ្ធ Chelsea និង Everton ដើម្បី​ជួយ​ក្រុម​នៅ​រដូវ​កាល​ថ្មី​នេះ​។ យ៉ាងណាក៏ដោយ អ្នកចាត់ការ​ថ្មី​លោក Maurizio Sarri នៅ​មិនទាន់​ឆ្លើយ​នឹង​សំណើរ​របស់ Ronaldo នោះទេ​។​
 
Inter Milan ក៏​ដាក់​គោលដៅ​ក្នុង​ការនាំយក Lukaku ទៅ​រួម​ក្រុម​ផងដែរ​។ តាមពិតទៅ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក វ័យ​២៦​ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវបាន​លោក Antonio Conte ដែល​ទើប​ក្លាយជា​អ្នកចាត់ការ Inter ថ្មី មានបំណង​នាំទៅ​រួម​ក្រុម Chelsea កាល​លោក​នៅ​ដឹកនាំ​ម្លេះ ប៉ុន្តែ​មិនអាច​ប្រជែង​ឈ្នះ Man Utd៕
 

Tag:
 Cristiano Ronaldo
  Romelu Lukaku
  Manchester United
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com