កីឡាជាតិ
ជាតិ
ពានរង្វាន់សម្តេច ហ៊ុន សែន៖ បឹងកេត និងអង្គរថាយហ្គឺរឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ តាំង សុភ័ក្ត្រ (លេខ១០) នាំជ័យជម្នះឲ្យអង្គរថាយហ្គឺរ ខណៈ ចាន់ វឌ្ឍនាកា រកបាន១គ្រាប់ទៀតនៅជើងទីពីរសម្រាប់បឹងកេត។ រូបថត CNCC និង Boeung Ket
× បឹងកេត និងអង្គរថាយហ្គឺរជាក្រុមដំបូងគេ ដែលបានឈ្នះកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ(១/៤)ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គ១៦ក្រុមចុងក្រោយ។ ក្នុងនោះ បឹងកេតបានយកឈ្នះក្រុមខេត្តសៀមរាបក្នុងលទ្ធផលសរុបទាំងពីរជើង ៩-០ ខណៈអង្គរថាយហ្គឺរយកឈ្នះអគ្គិសនីកម្ពុជា ៣-២។
សម្រាប់ការប្រកួតជើងទី២នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ គ្រាប់បាលទី១បានកើតឡើងត្រឹម៥នាទីដំបូង បន្ទាប់ពីខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា រកគ្រាប់បាល់នាំមុខ ១-០ ឲ្យបឹងកេត មុនកីឡាករ ជា វេស្លី បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧។ ការប្រកួតដំណើរការបាន៧នាទីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលរកបាន៣គ្រាប់ក្នុងជំនួបជើងទី១ បានបន្ថែម១គ្រាប់ទៀត ដើម្បីបង្កើនការនាំមុខ ៣-០ លើក្រុមខេត្តសៀមរាប។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ តាមរយៈលទ្ធផលនេះ រួមជាមួយជ័យជម្នះ ៦-០ ក្នុងជើងទី១ជួយឲ្យបឹងកេតឡើងទៅវគ្គ១/៤ ជាមួយជម្នះទាំងពីរជើង ៩-០។
ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប កីឡាករ តាំង សុភ័ក្រ បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមអង្គរថាយហ្គឺរនៅ១៣នាទីដំបូងនៃតង់ទី១ បន្ទាប់មកកីឡាករ សឹង ណារិទ្ធ បន្ថែម១ទៀតនៅ៧នាទីបន្ទាប់ ដើម្បីបង្កើនការនាំមុខ ២-០។ គ្រាប់បាល់តាមពីក្រោយ ២-១ សម្រាប់អគ្គិសនីកម្ពុជាក៏បានកើតឡើងនៅនាទីទី៣៩ ដែលរកបានដោយកីឡាករ សៀន ពីសា មុនកីឡាករ ឈឿង វិស្ណុ ទាត់បាល់ពិន័យ១១ម៉ែត្រតាម ២-២ ក្រុមនេះនៅនាទីទី៨។ ពីរនាទីមុនបញ្ចប់តង់ទី២ កីឡាករ តាំង សុភ័ក្រ បានសម្រេចគ្រាប់ទី២របស់ខ្លួន ដែលជាគ្រាប់ជ័យជម្នះ ៣-២ សម្រាប់អង្គរថាយហ្គឺរ។ ជ័យជម្នះនេះ ជួយឲ្យអង្គរថាយហ្គឺរដែលបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីក្នុងជើងទី១ជាមួយអគ្គិសនីឡើងទៅវគ្គ៨ក្រុមចុងក្រោយតែម្តង៕
Tag:
បាល់ទាត់
Hun Sen Cup 2019
បឹងកេត អង្គរថាយហ្គឺរ
© រក្សាសិទ្ធិដោយ thmeythmey.com