អន្តរជាតិ
បុរសវ័យ១០០ឆ្នាំ និងស្ត្រីវ័យ១០៣ឆ្នាំ រៀបការ ក្រោយស្រឡាញ់គ្នាជាង១ឆ្នាំ
× លោក John Cook វ័យ១០០ឆ្នាំ និងអ្នកស្រី Phyllis វ័យ១០៣ឆ្នាំ ទើបតែក្លាយជាគូស្វាមីភរិយាថ្មីថ្មោង និងទើបទទួលបានលិខិតអាពាហ៍ពិពាហ៍ផ្លូវការ កាលពីពេលថ្មីៗកន្លងមកនេះ។ យោងតាមការផ្សាយរបស់សារព័ត៌មាន NBC 24 WNWO ពួកគាត់រស់នៅមណ្ឌល Kingston Residence of Sylvania រដ្ឋ Ohio ជាមួយគ្នា និងចាប់ចិត្តស្រឡាញ់គ្នាជាង១ឆ្នាំមកហើយ។
លោកតា John ជាអតីតយុទ្ធជនក្នុងសម័យសង្គ្រាមលោកលើកទី២ ដែលទើបឈានដល់អាយុ១០០ឆ្នាំ រីឯលោកយាយ Phyllis ដែលមានកំណើតនៅ West Virginia ត្រូវប្រារព្ធខួប១០៣ឆ្នាំ នាថ្ងៃទី៨ ខែសីហា ខាងមុខ។ ពួកគាត់សុទ្ធតែជាបុរសពោះម៉ាយ និងស្ត្រីមេម៉ាយ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក John បានអះអាងថា តាមពិតទៅពួកគាត់មិនមានគម្រោងឡើយ ប៉ុន្តែមានការផ្តល់យោបល់ថា ពួកគាត់អាចរៀបការ ហើយទីបំផុតពួកគាត់ក៏សម្រេចចិត្តរៀបចំពិធីតែម្តង។
គូស្នេហ៍វ័យចំណាស់ទាំងពីរ បានបាក់ចិត្តស្រឡាញ់គ្នាអស់រយៈពេលប្រមាណ១ឆ្នាំមកហើយ។ លោកតាបានបន្ថែមថា៖ «និយាយឲ្យពិតទៅ ពួកយើងបានស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំដឹង អ្នកគិតថា អាយុរបស់ពួកយើងហាក់ដូចជាពិបាកទៅរួចណាស់ ប៉ុន្តែយើងស្រឡាញ់គ្នាពិតមែន។
ក្រោយចំណងអាពាហ៍ពិពាហ៍ ពួកគាត់បន្តរស់នៅមណ្ឌលរួមគ្នា បរិភោគអាហារជាមួយគ្នា និងអង្គុយក្រោមពន្លឺព្រះអាទិត្យជាមួយគ្នា។ លោកយាយ Phyllis បានបញ្ជាក់ថា អាយុដ៏ចំណាស់របស់ពួកគាត់ពិបាកនិយាយពីភាពរ៉ូម៉ង់ទិចខ្លាំងណាស់ ប៉ុន្តែអ្វីដែលពួកគាត់អាចនិយាយបាននោះ គឺការចំណាយពេលរួមគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com