ភ្នំពញ៖ តំណាងក្រុមហ៊ុនល្បីៗរបស់អាមេរិកបានជួបពិភាក្សាជាមួយលោកប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជុំវិញវិស័យធុរកិច្ច និងវិស័យវិនិយោគរបស់អាមេរិកនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
តំណាងក្រុមហ៊ុនអាមេរិកទាំងនោះរួមមាន ក្រុមហ៊ុន ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card។
ក្នុងជំនួបខាងលើ តំណាងក្រុមហ៊ុនអាមេរិកទាំងនោះបានលើកឡើងពីបញ្ហាមួយចំនួនដូចជា ការអនុវត្តស្តង់ដាររថយន្តអាស៊ាន, នីតិវិធីនាំចូលសម្ភារបរិក្ខាពេទ្យ និងគ្រឿងម៉ាស៊ីនសម្រាប់បម្រើវិស័យអាកាសចរណ៍, ការទប់ស្កាត់សកម្មភាពរត់ពន្ធផលិតផលកូកា-កូឡាឆ្លងដែន, ពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្កិ បានប្រាប់តំណាងសាជីវកម្មអាមេរិកថា ក្រសួងពាណិជ្ជកម្មបានខិតខំលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដល់វិនិយោគិនបរទេសជាច្រើនមកហើយ។ លោកបានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ និងការធ្វើកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
លោកបាននិយាយថា៖«ក្រសួងពាណិជ្ជកម្មក៏បានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ចប្រឹងប្រែងលុបបំបាត់របាំងពន្ធគយ និងគោលនយោបាយគាំពារនិយម ជាដើម»។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញកិច្ចពិភាក្សានោះឡើយ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានចំនួន ៤,២៦៤លានដុល្លារ ដែលកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០១៧។ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១,៦៥៦លានដុល្លារ គឺបានកើនឡើង ២៣,៧១% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨៕