តំណាង Facebook, Amazon, Google ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លើ​វិស័យ​ធុរកិច្ច​
ជាតិ
សេដ្ឋកិច្ច
តំណាង Facebook, Amazon, Google ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លើ​វិស័យ​ធុរកិច្ច​
10, Jul 2019 , 9:59 pm        
រូបភាព
​ភ្នំ​ព​ញ​៖ តំណាង​ក្រុមហ៊ុន​ល្បីៗ​របស់​អាមេរិក​បាន​ជួបពិភាក្សា​ជាមួយ​លោក​ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជុំវិញ​វិស័យ​ធុរកិច្ច និង​វិស័យ​វិនិយោគ​របស់​អាមេរិក​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។​

 
​តំណាង​ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​រួមមាន ក្រុមហ៊ុន ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card​។ 
 
​ក្នុងជំនួប​ខាងលើ តំណាង​ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ដូចជា ការអនុវត្ត​ស្តង់ដារ​រថយន្ត​អាស៊ាន​, នីតិវិធី​នាំចូល​សម្ភារ​បរិក្ខា​ពេទ្យ និង​គ្រឿង​ម៉ាស៊ីន​សម្រាប់​បម្រើ​វិស័យ​អាកាសចរណ៍​, ការទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ផលិតផល​កូ​កា​-​កូ​ឡា​ឆ្លងដែន​, ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។ 
 
​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័​ក្កិ បាន​ប្រាប់​តំណាង​សាជីវកម្ម​អាមេរិក​ថា ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដល់​វិនិយោគិន​បរទេស​ជាច្រើន​មកហើយ​។ លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ការធ្វើកំណែទម្រង់​នានា ដើម្បី​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ការពារ​អត្ថប្រយោជន៍​នៃ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ 
 
​លោក​បាន​និយាយថា​៖«​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ចូលរួម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​ដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និង​អាស៊ាន +៦ ព្រមទាំង​កិច្ចប្រឹងប្រែង​លុបបំបាត់​របាំង​ពន្ធគយ និង​គោលនយោបាយ​គាំពារ​និយម ជាដើម​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​កិច្ចពិភាក្សា​នោះឡើយ​។​
 
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ចំនួន ៤,២៦៤​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ ២៣% ធៀប​នឹង​ឆ្នាំ​២០១៧​។ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​ទឹកប្រាក់ ១,៦៥៦​លាន​ដុល្លារ គឺ​បាន​កើនឡើង ២៣,៧១% ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០១៨៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម