ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ហៅ​លោក សម រង្ស៊ី តាម​បណ្តឹង​សម្តេច ស ខេង​
10, Jul 2019 , 10:19 pm        
រូបភាព
សម្តេច ស ខេង និង លោក សម រង្ស៊ី ធ្វើសន្និសីទកាសែតរួមគ្នា នៅក្នុងវិមានរដ្ឋសភា កាលអំឡុងខែមេសា ឆ្នាំ២០១៥
សម្តេច ស ខេង និង លោក សម រង្ស៊ី ធ្វើសន្និសីទកាសែតរួមគ្នា នៅក្នុងវិមានរដ្ឋសភា កាលអំឡុងខែមេសា ឆ្នាំ២០១៥
ដោយ: ថ្មីៗ
​លោក សេង គីម​ឡាក់ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង ដែល​កំពុង​រស់​នៅឯ​ប្រទេស​បារាំង ឲ្យ​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ជំវិញ​បណ្តឹង​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។


 
​លោក​ព្រះរាជអាជ្ញា បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច យក​ដីកា​កោះហៅ​នេះ ទៅបិទ​នៅ​ទីស្នាក់ការ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ ដើម្បី​ជូនដំណឹង​ដល់​លោក សម រង្ស៊ី​។​
 
​ការរង​បណ្តឹង​នេះ គឺ​ដោយសារ​លោក សម រង្ស៊ី សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ មាន​គម្រោង​សងសឹក​ជូន​ឪពុក គឺ​លោក ហុក ឡុង​ឌី អតីតអគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​គេ​ដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ កាលពី​ឆ្នាំ​២០០៨​។ លោក សរសេរ​ទៀតថា សម្តេច ស ខេង គាំទ្រ​គម្រោង​នេះ ហើយ​សម្តេច ហ៊ុន សែន បានដឹង និង​កំពុង​រៀបចំ​ផែន​ការដក​សម្តេច ស ខេង ចេញពី​តំណែង​។ 
 
​ក្រុម​មេធាវី​របស់​សម្តេច ស ខេង សរសេរ​ក្នុង​ពាក្យបណ្តឹង​ថា ការចោទប្រកាន់​របស់​លោក សម រង្ស៊ី គឺជា​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​ញុះញង់​និង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រុម​មេធាវី ទាមទារ​សំណង​១​លាន​ដុល្លារ​ពី​លោក សម រង្ស៊ី ជូនទៅ​សម្តេច ស ខេង​។ 
 
​សម្តេច ស ខេង បង្ហោះ​សារ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ការសម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​នេះ គឺ​ដើម្បី​ដាស់តឿន​អ្នកនយោបាយ​ខ្មែរ ឲ្យ​រក្សា​សេចក្តីថ្លៃថ្នូរ សីលធម៌ និង គុណធម៌ ដោយ​ចៀសវាង​ការ​លាប​ពណ៌​គ្នា​។ សម្តេច បន្តថា ការប្តឹង​នេះ ក៏​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​ផងដែរ​។ 
 
​លោក សម រង្ស៊ី តប​ថា បើ​ចង់រក​សេចក្តីថ្លៃថ្នូរ​និង​យុត្តិធម៌ សម្តេច ស ខេង គួរតែ​ប្តឹងទៅ​តុលាការ​ប្រទេស​បារាំង​។ លោក លើកឡើងថា តុលាការ​កម្ពុជា គ្មាន​ឯករាជ្យភាព​ទេ ដូច្នេះ នឹង​ឲ្យ​សម្តេច ស ខេង ឈ្នះ​១០០​ភាគរយ​៕ 
 

Tag:
 តុលាការ​
  ស ខេង​
  សម រង្ស៊ី​
  បណ្តឹង​
© រក្សាសិទ្ធិដោយ thmeythmey.com