ជ្រូក​៣៣៧​ក្បាល​នៅ​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
ជាតិ
សុខភាព
ជ្រូក​៣៣៧​ក្បាល​នៅ​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
10, Jul 2019 , 10:54 pm        
រូបភាព
លោក អ៊ាង សុផល្លែត ចុះទៅពិនិត្យកន្លែងចិញ្ចឹមជ្រូកនៅស្រុកអូររាំងឪ
លោក អ៊ាង សុផល្លែត ចុះទៅពិនិត្យកន្លែងចិញ្ចឹមជ្រូកនៅស្រុកអូររាំងឪ
ដោយ: ថ្មីៗ
តុល្យការ​ចុងក្រោយ​ដោយ​គិត​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ បាន​បង្ហាញថា មហន្តរាយ​ដោយសារតែ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​បណ្តាល​ឲ្យ​ជ្រូក​៣៣៧​ក្បាល ងាប់​ក្នុងចំណោម​ជ្រូក​ជាង​៩០០០​ក្បាល​ដែល​ចិញ្ចឹម​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​​។



​របាយការណ៍​បាន​បង្ហាញថា ស្ថានភាព​នៃ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្លាយជា​ក្តីបារម្ភ​កាន់តែខ្លាំង​ដោយ​ជ្រូក​ងាប់​បាន​រីក​រាលដាល​ចេញពី​ឃុំ​មៀន​ដែលមាន​ជ្រូក​ងាប់​ចំនួន ១៨៣ ក្បាល ដល់​ឃុំ​អំពិល​តា​ពក ដែលមាន​ជ្រូក​ងាប់​ចំនួន ៥៨ ក្បាល ឃុំ​ព្រះ​ធាតុ​មាន​ជ្រូក​ងាប់​ចំនួន ៦២​ក្បាល​។ ចំណែក​ឃុំ ៤ ទៀត​របស់​ស្រុក​នេះ​ក៏មាន​ជ្រូក​ងាប់​ផងដែរ​។

​ពលរដ្ឋ​នៅក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​កំពុង​ទទួលរង​នូវ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់ សុខភាព​សាធារណៈ​ផង និង​អាចធ្វើឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយសារតែ​អាចធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ នឹង​ការខាតបង់​ដើមទុន​កាន់តែខ្លាំង​។​

​ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំងឪ ដឹកនាំ​ដោយ​លោក អ៊ាង សុផល្លែត រួមជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ និង​ណែនាំ​ពី​វិធាន​ការការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ក្នុង​គោលបំណង​លុបបំបាត់​មេរោគ​ក្នុង​តំបន់ ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​លោក អ៊ាង សុផល្លែត ដែលជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សំណូមពរ​ឱ្យមាន​កិច្ចសហការ​ល្អប្រសើរ​ក្នុង​ការចាត់​វិធាន​បសុពេទ្យ​ក្នុងការ​រំងាប់​មេរោគ​ទូទាំង​ឃុំ និង​ចូលរួម​អនុវត្ត​នូវ​វិធានការ​នានា​តាម​ការណែនាំ​របស់​ជំនាញ ព្រមទាំង​រាយការណ៍​ជាបន្ទាន់​ពី​ករណី​សត្វ​ឈឺ និង​ស្លាប់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ឲ្យ​តំបន់​នេះ ឆាប់​បានប្រកាស​រំសាយ​ពី​ជំងឺ​នេះ​៕


Tag:
 ប៉េស្តជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com