ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! គេង​មិន​លក់​មែន​ទេ​? ប្រហែល​មកពី​បញ្ហា​សុខភាព​ទាំងនេះ​
11, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ​? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គាស រួមទាំង​អាហារ​ភេសជ្ជៈ​ផ្សេងទៀត​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏ដូចជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុងពេល​ល្ងាច ឬ​មុនពេល​ចូល​គេង​។​ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​មួយចំនួន​ផងដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​សុខភាព​ដែល​បង្ក​ឲ្យ​គេង​មិន​លក់ ៖ 
 
១. ស្ត្រេ​ស​
 
​ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​អាចជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយ​ការ​គេង​។ អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​ស្ត្រេ​ស​ជាប់​ជាប្រចាំ​រយៈពេល​យូរ​។ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​ការ​គេង​មិន​គ្រប់គ្រាន់​ជះឥទ្ធិពល​មិនល្អ​ជាច្រើន​ចំពោះ​សុខភាព​។ នៅពេល​ថ្នាំ​គេង​លក់​មិនអាច​ជួយ​អ្វី​អ្នក​បាន​ទៀត​នោះ វា​ដល់ពេល​ដែល​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។​

២. ជំងឺ​ថប់​អារម្មណ៍​
 
​ការ​គេង​មិន​លក់​ជា​រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​បារម្ភ​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ព្យាយាម​យកឈ្នះ​លើ​បញ្ហា​នេះ​ឱ្យបាន​។ កង្វះ​នៃ​ការ​គេង​អាច​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ដែល​ធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​យ៉ាប់​ឡើង​គួរឱ្យ​ព្រួយបារម្ភ​។​
 
៣. ជំងឺ​ធ្លាក់​ទឹកចិត្ត​
 
​ផលវិបាក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​គេង​មិន​លក់​។ ហើយ​នៅពេល​អ្នក​មិនបាន​គេង​សោះ​នោះ អ្នក​នឹងមាន​អារម្មណ៍​មិន​ស្រួល​ដែល​អាចធ្វើ​ឲ្យ​បញ្ហា​នៃ​ការធ្លាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ លើសពីនេះទៅទៀត នៅពេល​អ្នក​គេង​មិនបាន​គ្រប់​នោះ​អ្នក​ប្រាកដជា​ងាយ​នឹងមាន​អារម្មណ៍​សោកសៅ​មិន​សប្បាយចិត្ត​នៅ​ថ្ងៃ​បន្ទាប់​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញថា អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ​ច្រើនតែ​មានគំនិត ឬ​ការគិត​អវិជ្ជមាន ហើយ​ការគិត​បែបនេះ​ច្រើន គឺ​តែង​ផ្សារភ្ជាប់​នឹង​ការវិវត្ត​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
 
៤. ការ​អស់​រដូវ​
 
​ស្ត្រី​សឹងតែ​គ្រប់រូប​មានការ​ព្រួយបារម្ភ​ពីថ្ងៃ​ដែល​ការ​អស់​រដូវ​ឈាន​មកដល់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​បង្ក​អា​ការៈគួរ​ឲ្យ​រំខាន​ជាច្រើន រួមទាំង​ការ​គេង​មិន​លក់​។ ហេតុអ្វី​ទើប​ស្ត្រី​អស់​រដូវ​ពិបាក​ក្នុងការ​គេង​លក់​? នោះ​ក៏​ព្រោះតែ​ពួកគេ​ត្រូវ​ជួបប្រទះ​បញ្ហា​បែកញើស​ច្រើន ឬ​អារម្មណ៍​ក្ដៅ​ភាយ​ដែលជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការ​អស់​រដូវ​។ 
 
៥. ច្រាល​ទឹក​អាស៊ីត​ក្រពះ​
 
​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នឹង​បង្ក​អា​ការៈគួរ​ឲ្យ​រំខាន​ជាច្រើន​រួមមាន​ក្រហាយ​ទ្រូង ចង្អោរ​ចង់​ក្អួត វិលមុខ ក្អួត ភើ ព្រមទាំង​ក្អក​ដែល​អាច​ជះឥទ្ធិពល​ដល់​ការ​គេង​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com