អន្តរជាតិ
មិនចង់ប្រថុយឲ្យអ្នកដទៃធ្វើជំនួស លោកប្រាយុទ្ធ កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិមួយទៀត នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិមួយទៀត។ រូបភាព AFP
× គណៈរដ្ឋមន្ត្រីថ្មីរបស់ថៃក្រោមអាណត្តិសភាដែលកើតចេញពីការបោះឆ្នោតខែមីនា ឆ្នាំ២០១៩ ចេញជារូបរាងហើយ។ ក្នុងសមាសភាពរដ្ឋាភិបាលថ្មីដែលត្រូវបានមហាក្សត្រ មហា វជិរាលង្ករណ៍ តែងតាំង លោក ប្រាយុទ្ធ ចន្ទអូចា ដែលជានាយករដ្ឋមន្ត្រីនោះ បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិមួយទៀត។ ឯលោក ប្រាវីត វង្សសុវណ្ណ បន្តជាកាន់តំណែងឧបនាយករដ្ឋមន្ត្រីដដែល ហើយទទួលបន្ទុកកិច្ចការសន្តិសុខជាតិវិញម្ដង។
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ នៅថ្ងៃទី១០ ខែកក្កដា បានតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីដែលស្នើដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា។ រដ្ឋាភិបាលថ្មីដែលគេរង់ចាំមើលជាយូរមកហើយនោះ មានសមាជិក៣៦នាក់ ដែលភាគច្រើនជាអតីតរដ្ឋមន្ត្រីសល់ពីរបបដឹកនាំយោធា និងមកពីសម្ព័ន្ធភាពកាន់អំណាចមានសំឡេងក្នុងសភា ហើយដែលជាកម្លាំងសំខាន់ក្នុងការជួយលោក ប្រាយុទ្ធ ឲ្យធ្វើនាយករដ្ឋមន្ត្រី៤ឆ្នាំទៀត។
ដូចដឹងស្រាប់ លោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងកាលពីថ្ងៃទី៩ ខែមិថុនា។ បន្ថែមពីតំណែងនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ កាន់តំណែងរដ្ឋមន្ត្រីការពារជាតិមួយទៀត ខណៈតំណែងនេះធ្លាប់ជារបស់លោក ប្រាវីត វង្សសុវណ្ណ ។ ជំនួសមកវិញ លោក ប្រាវីត នឹងកាន់តំណែងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ។ លោក Somkid Jatusripitak និងលោក Wissanu Krea-ngam ក៏បន្តជាឧបនាយករដ្ឋមន្ត្រីដដែល។
មេបក្សធំៗចំនួនពីរដែលជួយលោក ប្រាយុទ្ធ បន្តអំណាច ក៏ត្រូវបានតែងជាឧបនាយករដ្ឋមន្ត្រី។ ប្រធានបក្សប្រជាធិបតេយ្យ Jurin Laksanawisit ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម ហើយប្រធានបក្សភូមិចៃថៃលោក Anutin Charnvirakul ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាល។ បក្សទាំងពីរនេះ និងបក្សតូចៗមួយចំនួនទៀត ក៏ទទួលបានតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៅតាមក្រសួងនានាផងដែរ។
ក្រៅពីលោក ប្រាវីត ដែលបន្តតំណែងឧបនាយករដ្ឋមន្ត្រី មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតក្នុងអតីតរបបយោធា ក៏រក្សាតំណែងដែរ។ អតីតមេបញ្ជាការទ័ពជើងគោក ឧត្តមសេនីយ៍ Anupong Paojinda បន្តកាន់តំណែងរដ្ឋមន្ត្រីមហាផ្ទៃដដែល។ ឧត្តមសេនីយ៍ Chaicharn Changmongkol នឹងធ្វើជាអនុរដ្ឋមន្ត្រីការពារជាតិ។
សម្រាប់ករណីតំណែងរដ្ឋមន្ត្រីការពារជាតិវិញ វាជារឿងដែលលេចឮយូរហើយជុំវិញលទ្ធភាពដែលលោក ប្រាយុទ្ធ កាន់តំណែងនាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីការពារជាតិផង។ លោក ប្រាវីត ផ្ទាល់ ក៏ធ្លាប់លើកឡើងពីបញ្ហាសុខភាពមិនសូវល្អរបស់លោកដែលអាចប៉ះពាល់ដល់ការបំពេញការងារក្នុងតំណែងដ៏សំខាន់នេះ។ ចុងក្រោយទៅ លោក ប្រាយុទ្ធ នៅតែមិនទុកចិត្តអ្នកផ្សេង ហើយច្បាមយកតំណែងនេះមួយទៀត។
រដ្ឋមន្ត្រីការពារជាតិ ជាតំណែងដ៏សំខាន់ក្នុងជួររដ្ឋាភិបាលថៃ ព្រោះមើលការខុសត្រូវលើកងទ័ពទាំងមូល។ ការប្រគល់តំណែងនេះឲ្យអ្នកផ្សេង អាចជាការប្រថុយមួយសម្រាប់លោក ប្រាយុទ្ធ ពិសេសរឿងរដ្ឋប្រហារតែម្ដង ខណៈរដ្ឋាភិបាលរបស់លោក ទំនងជាមិនសូវមានស្ថិរភាពប៉ុន្មានដែរ ដោយសារកើតចេញពីសម្ព័ន្ធភាពមានបក្សនយោបាយក្បែរ២០ឯណោះ។ វិបត្តិនយោបាយណាមួយនៅថ្ងៃមុខ ជារឿងដែលលំបាក ដូចនេះការអង្គុយកៅអីរដ្ឋមន្ត្រីការពារជាតិ ជារឿងល្អសម្រាប់លោក ប្រាយុទ្ធ ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com