កីឡាអន្តរជាតិ
អន្តរជាតិ
Rapinoe ឌឺ​ទៅ​លោក​ត្រាំ​ថា «​ខ្ញុំ​មិន​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​ទេ ព្រោះ​ខ្ញុំ​រវល់​ពេក​!»
11, Jul 2019 , 2:08 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្ត្រី​អាមេរិក​បាន​ត្រឡប់​ដល់​មាតុប្រទេស​និង​អបអរ​ពានរង្វាន់ FIFA Women's World Cup ដែល​ពួកគេ​ឈ្នះ​ពី​ប្រទេស​បារាំង​នៅលើ​ដងផ្លូវ​ក្នុង​ក្រុង New York ដោយមាន​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​។ អំឡុងពេល​ហែ​ពាន​នោះ ប្រធាន​ក្រុម Megan Rapinoe បាន​លើកសរសើរ​មិត្ត​រួម​ក្រុម​អាមេរិក​ទាំងមូល និង​និយាយ​បែប​កំប្លែង​ចំពោះមុខ​អ្នកគាំទ្រ​ថា​នាង​នឹងមិន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឡើយ​ដោយ​ហេតុផល​«​រវល់​ពេក​»​។​


 
​នាឱកាស​អបអរ​ជ័យជំនះ​ជា​លើក​ទី​៤ ក្នុង​ក្រុង​ញូវយ៉ក នៅ​ថ្ងៃទី​១០ ខែកក្កដា ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ​បាន​ឌឺដង​ផ្លែផ្កា​បែបនេះ​ទៅកាន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្រប​ពេលដែល​អ្នក​ទាំង​ពីរ​ទាស់សម្តី​គ្នា​តាំ​ពី​អំឡុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​បារាំង​ម្លេះ​។ 
 
​កាលនោះ Rapinoe ធ្លាប់បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន​ទេ​បើសិន​អាមេរិក​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៩​នេះ​។​


 
​ចំណែក​លោក​ប្រធានាធិបតី​អាមេរិក ក្រោយពី​លឺ​បែបនេះ ក៏បាន​ឆ្លើយតប​តាមរយៈ​បណ្តាញ​សង្គម Twitter ដោយ​ប្រាប់​ទៅ​កីឡាការិនី​រូបនេះ​ថា​ឲ្យ​ចេះ​គោរព «​ប្រទេសជាតិ​ផង​» និង​ថែមទាំង​ថា «​ចាំ​ឈ្នះ​ពាន​ជាមុនសិន​ទៅ សឹម​និយាយ​បែបនេះ​»​។ យ៉ាងណាក៏ដោយ អាមេរិក​ពិតជា​រក្សា​តំណែង​ជើងឯក​បាន​ពិតមែន ហើយ​លោក ត្រាំ​ក៏បាន​ចូលរួម​អបអរ​សារ​ទ​ផងដែរ​។​
 
​ក្រោយ​ជួយ​អាម​រិ​ក​ការពារ​តំណែង​ពីរលើក​ជាប់​គ្នា Rapinoe នៅតែ​លើកឡើង​ពី​គោលជំហរ​របស់​នាង​ក្នុង​ការមិន​ទៅ​ចូលរួម​ទស្សនកិច្ច​នៅ​សេត​វិមាន ប្រសិនបើ​មានការ​អញ្ជើញ​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក​ក៏ដោយ​។​


 
​ម្ចាស់​ស្បែកជើង​មាស (Golden Boot) ប្រចាំ​ព្រឹត្តិការណ៍ World Cup នារី​ដែល​បារាំង​ធ្វើ​ម្ចាស់ផ្ទះ បាន​បន្ថែម​បែប​បញ្ឆេះ​កំហឹង​ទៅកាន់​លោក​ត្រាំ​ទៀតថា​៖ «​ខ្ញុំ​មិនអាច​មាន​មោទកភាព​ជាង​នេះ​ក្នុងនាម​ជា​សហប្រធាន​ក្រុម​អាមេរិក​ជាមួយ Carli Lloyd និង Alex Morgan នោះទេ​។ វា​ជា​កិត្តិយស​ណាស់​ទៅហើយ ដែល​បាន​ដឹកនាំ​ក្រុម​ទៅលើ​ទីលាន​។ មិនមាន​កន្លែង​ណា​ល្អ​ជាងនេះទៀត​ទេ សូម្បីតែ​ឈរឈ្មោះ​ប្រណាំងប្រជែង​ធ្វើ​ប្រធានាធិបតី​អាមេរិក​ក៏ដោយ ព្រោះ​ខ្ញុំ​រវល់​ណាស់ សុំទោស​!»​។ 
 
Rapinoe ពិតជា​ទទួលស្គាល់​ខ្លួនឯង​ថា​មួយរយៈ​ចុងក្រោយ​នេះ​នាង​មាន​ជម្លោះ​ច្រើនណាស់ ប៉ុន្តែ​នាងថា នាង​ជា​ជនរងគ្រោះ ផ្ទុយទៅវិញ​មាន​អ្នក​គិតថា​នាង​ជា​ជនល្មើស​ក្នុង​រឿង​ដែល​កើតឡើង​ទាំងអស់នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com