អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ចំណត​យានយន្ត ក្រោម​ដី​ត្រូវ​បង្កើន​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​
11, Jul 2019 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​ទី​ចំណត​យានយន្ត​សាធារណៈ​ក្រោម​ដី ឲ្យ​កាន់តែច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នៅ​ទីក្រុង​ភ្នំពេញ​។​
 
​ថ្លែង​ក្នុងឱកាស​ជួប​សំណេះសំណាល ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​៤ ខែកក្កដា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​កង្វះ​ចំណតរថយន្ត បាន​ក្លាយជា​បញ្ហា​ចម្បង​មួយ​ក្នុងចំណោម​បញ្ហា​ផ្សេងៗ​ទៀត​នាពេល​បច្ចុប្បន្ន ដែល​ត្រូវ​ព​ន្លឿ​ន​ការដោះស្រាយ​។​លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ​បង្កើត​ចំណតរថយន្ត​បន្ថែម ជាពិសេស​ចំណត​ក្រោម​ដី ដើម្បី​បញ្ចៀស​ការប្រើ​ចិញ្ចើមផ្លូវ សម្រាប់​ចំណត​យានត​យន្ត​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖«​សួនច្បារ​មួយចំនួន [​យើង​អាច​] ប្រើប្រាស់​ផ្នែក​ខាងក្រោម ពីរ​បី​ជាន់​ខាងក្រោម​ដើម្បី​ធ្វើ​ចំណតរថយន្ត​បើ​មិន​អ៊ីចឹង​ទេ ចិញ្ចឹម​ផ្លូវ​របស់​យើង​ចត​ដោយ​រថយន្ត​។ សម្តេច​ហ៊ុន សែន​បន្តថា​៖«​ភ្នំពេញ បើសិនជា​រថយន្ត​ចេញ​តែ ៥០​ភាគរយ មធ្យោបាយ​ធ្វើដំណើរ​កក​ទាំងអស់​។ គាំង​ភ្នំពេញ​»​។​
 
​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​នៅ​ភ្នំពេញ មាន​ភាពប្រសើរ​ជាង​មុន ហើយ​ដោយសារ​ការប្រើប្រាស់​ម​ធ្យោ​បាន​ផ្ទាល់ខ្លួន​នៅតែមាន​ប្រជាប្រិយ​ខ្លាំង​ក្នុងចំណោម​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​ចំនួន​រថយន្ត​បាន​កើនឡើង​យ៉ាងខ្លាំង​។ កំណើន​នេះ ស្រប​ពេលដែល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ចត​យានយន្ត​តិចតួច​ណាស់ ទាំង​សាធារណៈ និង​ចំណត​ឯកជន​។​
 
​ការកើនឡើង នៃ​ចំនួន​យាន​យន្ត​
 
​យោងតាម​តួលេខ​ដែល​ទទួលបាន​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ មាន​យានយន្ត​ចំនួន ៤៤​ម៉ឺន​គ្រឿង និង​ម៉ូតូ​ចំនួន ១.៦​លាន​គ្រឿង គ្រឿង​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​មន្ត្រី​ក្រសួង​សាធារណការ​បានបញ្ជាក់​ថា ចំនួន​រថយន្ត​ចុះបញ្ជី បាន​កើនឡើង​ជាប្រចាំ​ឆ្នាំ​ដែលមាន​ការចុះបញ្ជី​ថ្មី​ចន្លោះ​ពី ៣០ ម៉ឺន​គ្រឿង ទៅ ៤០ ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំៗ​។​
​លោក មេ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ភ្នំពេញ កំពុង​ប្រឈម​នឹង​កង្វះ​កន្លែង​ចត​យានយន្ត​សាធារណៈ ដោយសារតែ​ចំនួន​រថយន្ត​បាន​កើនឡើង​លឿន​រហ័ស​។​
 
​លោក ភក្តី បាន​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ​នាពេលនេះ មាន​ចំណតរថយន្ត​ក្រោម​ដី ចំនួន​ពីរ​កន្លែង ដែល​កំពុងដំណើរការ និង​មាន​បី ទៅ បួន​កន្លែង​ទៀត កំពុង​សាងសង់​។ តែ​លោក សុំ​មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត ពី​គម្រោង​ដែល​កំពុង​សាងសង់​ឡើយ​។ លោក​បន្តថា​៖«​ចំណត​យានយន្ត​ក្រោម​ដី គឺជា​ការវិនិយោគ ដែល​ត្រូវការ​លុយ​ច្រើន​។ យើង​តែងតែ​លើកទឹកចិត្ត ដល់​ការ​វិនិយោគិន​ឯកជន សម្រាប់​គម្រោង​ប្រភេទ​នេះ ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ និង​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​»​។​
 
​ចំណត​ឯកជន​
 
​យោងតាម​លោក ភក្តី ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) បាន​សាងសង់​ចំណតរថយន្ត​ក្រោម​ដី ដំបូង​គេ​នៅ​ភ្នំពេញ ដែលមាន​ទីតាំង​ក្រោម​សួន​ចន្លោះ​អគារ​វឌ្ឍនៈ និង​អគារ​កាណាឌីយ៉ា​។ ចំណតរថយន្ត​ក្រោម​ដី​នេះ មាន​ទំហំ ៨,៧០៤ ម៉ែត្រការ៉េ មាន​ពីរ​ជាន់ និង​អាច​ផ្ទុក​រថយន្ត​ជាង ៣០០​គ្រឿង​។​
 
​លោក ទូច សំណាង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន OCIC បាន​និយាយថា ចំណត​យានយន្ត​ក្រោម​ដី​នេះ បាន​បើក​ដំណើរការ​តាំងពី​ដើមឆ្នាំ ២០១៨​។ លោក​បាន​អះអាងថា រចនាសម្ព័ន្ធ​ក្រោម​ដី បាន​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅក្នុង​តំបន់​នេះ ហើយ​បាន​រក្សាទុក​ចរាចរណ៍​តាម​ដងផ្លូវ​។ លោក​បន្តថា​៖«​បើ​គ្មាន​កន្លែង​ចត​រថយន្ត​សមស្រប​ទេ អ្នកបើកបរ​ចត​យានយន្ត​ពួកគេ នៅតាម​ផ្លូវ​សាធារណៈ ហើយ​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ​»​។ លោក​បញ្ជាក់ថា​៖«​វា​តែងតែ​ជា​ដំណោះស្រាយ​ដ៏​ល្អ ក្នុងការ​សាងសង់​ចំណត​ក្រោម​ដី​ពីព្រោះ​ឥលូវ នៅ​លើដី​លែងមាន​កន្លែង​ទំនេរ​ច្រើន​ទៀតហើយ​»​។​
 
​ចំណត​ក្រោម​ដី​មួយ​ផ្សេងទៀត ដែល​កំពុងដំណើរការ​គឺ​ចំណត​របស់​ណាហ្គា​វើ​ល​។ ចំណែកឯ​ក្រុមហ៊ុន​វឌ្ឍនៈ ក៏​ធ្លាប់​ត្រូវបាន​រាយការណ៍​ថា បានដាក់​ផែនការ​សាងសង់​ចំណត​ក្រោម​ដី ដែលមាន​ទំហំ ៥,០០០ ម៉ែត្រការ៉េ​ដែរ​។ ក្រៅពីនេះ ក៏មាន​សេចក្តីរាយការណ៍​ផ្សេង​ដែរ​ថា ចំណត​នៅក្រោម​សួន ដែល​នៅ​ទល់មុខ​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ កំពុងដំណើរការ​សាងសង់​៕
 
​(អត្ថបទ​ពា​ណិ​ជ្ចក​ម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com