អន្តរជាតិ
អាមេរិក បើក​ការស៊ើបអង្កេត​លើ​គម្រោង​យកពន្ធ​ថ្មី​របស់​បារាំង​
11, Jul 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១០ ខែកក្កដា បាន​បើក​ការស៊ើបអង្កេត​លើ​គម្រោង​យកពន្ធ​ថ្មី​មួយ​របស់​បារាំង​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ សម្រាប់​គម្រោង​នេះ បារាំង​នឹង​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​រកចំណូលបាន​ចាប់ពី​៨៤៤​លាន​ដុល្លារ​ឡើងទៅ​។ អាមេរិក​ចាត់ទុក​គម្រោង​នេះ ជាការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុមហ៊ុន​ខ្លួន ព្រោះ​ភាគច្រើន​នៃ​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យនេះ មាន​ទីតាំងនៅ​អាមេរិក​។ បើ​រកឃើញថា គម្រោង​យកពន្ធ​នេះ បង្ក​ផលប៉ះពាល់​មែន អាមេរិក​អាចដាក់​ទណ្ឌកម្ម​បារាំង​បាន​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​គម្រោង​យកពន្ធ​នៅ​បារាំង​លើ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​អ៊ីនធឺណិត​សម្រាប់​ពលរដ្ឋ​បារាំង​។ គម្រោង​យកពន្ធ​ចំនួន​បី​ភាគរយ​លើ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំនេះ ជាការ​បំពេញ​ចន្លោះប្រហោង​ច្បាប់​មាន​ស្រាប់ ដែល​ត្រូវបាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​កេងចំណេញ​ដោយ​បង់ពន្ធ​ទាប បើទោះជា​ពួកគេ​អាច​រកចំណូលបាន​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះ​។ 
 
​ប៉ុន្តែ​អាមេរិក​ចោទ​បារាំង​ថា មានបំណង​យកពន្ធ​តែ​លើ​ក្រុមហ៊ុន​អាមេរិក ព្រោះ​ក្រុមហ៊ុន​ធំៗ​លើ​វិស័យនេះ​ជា​របស់​អាមេរិក​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១០ ខែកក្កដា តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer និយាយថា អាមេរិក​ពិតជា​បារម្ភ​ចំពោះ​ការយកពន្ធ​ផ្នែក​សេវាកម្ម​ឌីជីថល​ដែល​ព្រឹទ្ធសភា​បារាំង​គ្រោង​អនុម័ត​នេះ ដាក់​គោលដៅ​លើ​ក្រុមហ៊ុន​អាមេរិក​ដោយ​អយុត្តិធម៌ ហើយ​លោក ត្រាំ បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ថា មាន​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ក្រុមហ៊ុន​អាមេរិក​ឬទេ​។​
 
​តាមច្បាប់​អាមេរិក រដ្ឋបាល​លោក ត្រាំ មាន​ពេល​ដល់​ទៅមួយ​ឆ្នាំ​ក្នុងការ​ស៊ើបអង្កេត​នេះ​។ បើ​រកឃើញថា បារាំង​ចង់​ដាក់​គោលដៅ​លើ​ក្រុមហ៊ុន​អាមេរិក ឬ​មាន​វិធានការ​បែប​រើសអើង​ប្រឆាំង​ក្រុមហ៊ុន​អាមេរិក​មែន​នោះ អាមេរិក​អាចមាន​ចំណាត់ការ​តប​វិញ​ដូចជា​ការដំឡើង​ពន្ធ ឬក៏​ការ​រឹតត្បិត​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​បារាំង​តែម្ដង​។ ការដំឡើង​ពន្ធ​នេះ ជា​មធ្យោបាយ​មាន​ប្រជាប្រិយ​របស់លោក ត្រាំ ក្នុងការ​ឆ្លើយតប​នឹង​ប្រទេស​ដទៃ​។​
 
​ជុំវិញ​គម្រោង​យកពន្ធ​នេះ​វិញ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire បានប្រកាស​តាំងពី​ខែមីនា ថា ក្រុមហ៊ុន​ចំនួន​៣០ អាច​ត្រូវ​ជាប់ពន្ធ មិនមែន​តែ​ក្រុមហ៊ុន​អាមេរិក​ឡើយ តែ​ក៏មាន​ក្រុមហ៊ុន​ចិន អាល្លឺម៉ង់ អេ​ស្ប៉ា​ញ និង​បារាំង​ខ្លួនឯង​ដែរ​។ ពន្ធ​នេះ ក៏​អាចអនុវត្ត​លើ​ក្រុមហ៊ុន​ដែលមាន​ចំណូល​ប្រចាំឆ្នាំ​យ៉ាងតិចណាស់​៨៤៤​លាន​ដុល្លារ ហើយ​ផ្ដោតលើ​ចំណូល​ដែល​បានមកពី​សេវាកម្ម​ឌីជីថល​រាប់ទាំង​ការផ្សាយពាណិជ្ជកម្ម​តាម​អន​ឡាញ​ផង​។ 
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ពិភពលោក​មាន Alphabet Inc’s, Google, Apple Inc, Facebook Inc និង Amazon.com Inc សុទ្ធតែ​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​បង់ពន្ធ បើ​ពួកគេ​បម្រើសេវា​កម្ម​នៅ​បារាំង​នោះ​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ទាំងនេះ មិន​គាំទ្រ​ដល់​ការដាក់​ពន្ធ​លើ​បារាំង​ឡើយ​។​
 
​ទោះជា​ប្រឆាំង​ការយកពន្ធ​របស់​បារាំង​មែន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ប្រកាស​ធ្វើការ​ជាមួយ​ប្រទេស​អភិវឌ្ឍ​ដទៃទៀត​ក្នុងការ​កែប្រែ​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​។ អំឡុង​ជំនួប G20 មេដឹកនាំ​ប្រទេស​ធំៗ​បាន​ឲ្យ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ (OECD) រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ក្នុង​ប្រព័ន្ធ​អន្តរជាតិ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​រក​ចន្លោះប្រហោង​ដើម្បី​កេងចំណេញ​លើ​ការបង់ពន្ធ​តិច ឬ​មិន​បង់​សោះ​៕ 

Tag:
 អាមេរិក​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com