ជាតិ
លោក ផៃ ស៊ីផាន ប្រាប់ឲ្យអ្នកកាសែតធ្វើរបាយការណ៍ទៅលោក បើសិនពិបាកទាក់ទងអ្នកនាំពាក្យតាមក្រសួង រូបពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
× ភ្នំពេញ៖ បើអ្នកកាសែតទាក់ទងទៅអ្នកនាំពាក្យតាមក្រសួងនីមួយៗមិនបានទេ ត្រូវធ្វើរបាយការណ៍ទៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីដុះក្អែលមន្ត្រីនាំពាក្យស្ថាប័ន ឲ្យក្លាយជាអ្នកផ្ដល់ព័ត៌មានយ៉ាងសកម្មជាមួយប្រព័ន្ធផ្សព្វផ្សាយ។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យអង្គភាពរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន ប្រាប់ឲ្យអ្នកកាសែតផ្ញើសំនួរទាក់ទងនឹងក្រសួង ដែលបំពេញការងារនៅលើវិស័យណាមួយ ទៅកាន់អង្គភាពលោក ដើម្បីលោកស្នើទៅថ្នាក់ដឹកនាំស្ថាប័ននោះ មកបកស្រាយនៅក្នុងសន្និសីទកាសែត ជុំវិញបញ្ហានីមួយៗ។ បើតាមលោក ផៃ ស៊ីផាន អង្គភាពលោកនឹងដោះស្រាយរាល់បញ្ហាលំបាករបស់អ្នកកាសែត ដែលទាក់ទងទៅមន្ត្រីអ្នកនាំពាក្យតាមក្រសួង ហើយមិនទទួលបានការឆ្លើយតបផងដែរ។
ថ្លែងនៅក្នុងសន្និសីទកាសែត ជុំវិញបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ កក្កដា អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«សូមមេត្តា(អ្នកកាសែត)ផ្ញើសំនួរនៅក្នុងវិស័យណា ដែលយើងចង់ដឹង ពីព្រោះយន្តការរបស់យើងខ្ញុំហ្នឹង គឺបានការអនុគ្រោះពីសម្ដេច ហ៊ុន សែន ហ្នឹង យើងមានលទ្ធភាពក្នុងការអញ្ជើញមន្ត្រីទាំងអស់ មកជម្រាបជូនមហាជនយើងតាមរយៈអ្នកសារព័ត៌មាន។ បន្ទាប់មកទៀត ចំពោះឧបសគ្គរបស់អ្នកសារព័ត៌មានក្នុងការទូរសព្ទទៅអ្នកនាំពាក្យមិនឆ្លើយ សុំធ្វើរបាយការណ៍មកយើងខ្ញុំ នូវសំនួររឿងអ្វី យើងអាចស្វែងរកសំនួរនេះ ឆ្លើយជំនួសគាត់(អ្នកនាំពាក្យតាមក្រសួង) ហើយយើងនឹងដុះខាតពួកគាត់ឲ្យក្លាយជាអ្នកនាំពាក្យដ៏សកម្មមួយ »។
មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានរៀបចំសន្និសីទជុំវិញបញ្ហានានា នៅក្នុងសង្គម ដោយឲ្យក្រសួងសាមី ដែលពាក់ព័ន្ធនិងទទួលភារកិច្ចលើបញ្ហាទាំងនោះ ចូលមកបកស្រាយ និងដោះស្រាយចម្ងល់ តាមរយៈការសួរដេញដោលពីអ្នកកាសែត។ ជាក់ស្ដែងនៅថ្ងៃទី១១ កក្កដានេះ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល បានបកស្រាយជុំវិញបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងផ្ទុះឡើងនៅកម្ពុជា។ ហើយនៅសប្ដាហ៍ក្រោយនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នឹងហៅគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ ទៅបកស្រាយនៅក្នុងសន្និសីទកាសែត ជុំវិញបញ្ហាព្រៃឈើទៀតផង។ នេះបើតាមលោក ផៃ ស៊ីផាន។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏ស្នើឲ្យអ្នកកាសែតតាំងសំនួរនានា ឲ្យបានត្រឹមត្រូវផងដែរ ដើម្បីទទួលបានចម្លើយល្អត្រឡប់មកវិញ៕
Tag:
ផៃ ស៊ីផាន
អ្នកនាំពាក្យ
រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com