កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ត្រាំ ទំនងជា​លុប​ការអញ្ជើញ​ក្រុម​ស្ត្រី​អាមេរិក​ដែល​ឈ្នះ World Cup ទៅ​សេត​វិមាន
11, Jul 2019 , 9:19 pm        
រូបភាព
​បន្ទាប់ពី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នារី​អាមេរិក​អាច​ដណ្តើមពាន FIFA Women's World Cup ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ហាក់​ចង់​ក្រឡាស់​ពាក្យសន្យា​របស់លោក​ដែល​ធ្លាប់​និយាយថា​នឹង​អញ្ជើញ​ក្រុមកីឡា​ការិនី​ទាំងអស់​ទៅ​សេត​វិមាន​ដោយ​មិន​ខ្វល់​ពី​លទ្ធផល​ឈ្នះ​ចាញ់​។ គម្រោង​លុបចោល​ការអញ្ជើញ​នេះ ទំនង​ជាមាន​ពាក់ព័ន្ធ​នឹង​សម្តី​របស់​សហប្រធាន​ក្រុម​អាមេរិក Megan Rapinoe ដែល​អះអាងថា​នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន ខណៈ​មិត្ត​រូ​ម​ក្រុម​មួយចំនួន​ក៏​គាំទ្រ​ការលើកឡើង​នេះដែរ​។​


 
«​យើង​មិនបាន​គិតពី​រឿងនេះ​ទេ​» VOA បាន​ស្រង់​សម្តី​របស់លោក​ត្រាំ​បែបនេះ​បន្ទាប់ពី​អាមេរិក​ឈ្នះ ២-០ លើ​ហូ​ឡង់​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ World Cup នារី​ដែល​រៀបចំ​នៅ​ប្រទេស​បារាំង​។ លោក​បន្ថែមថា​៖«​យើង​នឹង​ពិនិត្យមើល​រឿងនេះ​ម្តងទៀត​»​។​
 
​នា​អំឡុង​ការប្រកួត World Cup នារី​លើក​ទី​៨ ប្រធានាធិបតី​អាមេរិក​រូបនេះ​ធ្លាប់​រិះគន់ Rapinoe តាមរយៈ​បណ្តាញ​សង្គម Twitter ឲ្យ​នាង​ចេះ​គោរព​«​ប្រទេសជាតិ​ផង​» និង​ថា​«​ចាំ​ឈ្នះ​ពាន​ជាមុនសិន​ទៅ​សឹម​និយាយ​បែបនេះ​» បន្ទាប់ពី​កីឡាការិនី​ខាងលើ​អះអាងថា​មិន​ទៅជា​ន់​សេត​វិមាន​ទេ បើសិន​អាមេរិក​លើក​ពាន​។​


 
​ការលើកឡើង​របស់ Rapinoe បែបនេះ ក៏មាន​ការគាំទ្រ​ពី​មិត្ត​រួម​ក្រុម​នាង Ali Krieger និង Alex Morgan រួមជាមួយ​អ្នកផ្សេង​មួយចំនួនទៀត ដោយ​មិន​ទៅកាន់​សេត​វិមាន បើទោះជា​មានការ​អញ្ជើញ​ណាមួយ​ពី​សំណាក់​លោក​ត្រាំ​ក៏ដោយ​។ 
 
​ម្យ៉ាងវិញទៀត ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ និង​ជា​ម្ចាស់​ស្បែកជើង​មាស (Golden Boot) នា ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៩ ថែមទាំង​ហ៊ាន​អះអាងថា​មិនមាន​អ្នក​ទៅ​ចូលរួម​ច្រើន​ទេ​ប្រសិនបើ​មាន​អ្ន​ការអញ្ជើញ​ទៅកាន់​សេត​វិមាន​មែន​នោះ​។​
 
​ប្រហែល​ដោយសារ​សម្តី​របស់​ក្រុមកីឡា​ការិនី​អាមេរិក​បែបនេះ ហើយ ដែល​នឹងធ្វើ​ឲ្យ​លោក​ត្រាំ​ត្រូវ​បង្ខំចិត្ត​លុបចោល​ការអញ្ជើញ​នេះ​វិញ បើទោះបី​លោក​ធ្លាប់​សន្យាថា​នឹង​នាំ​ពួ​គេ​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​ក៏ដោយ​។​
 
​មួយវិញទៀត ត្រាំ​អាច​នឹង​ខ្មាស់​នឹង​សម្តី​ខ្លួនឯង​ដែល​ធ្លាប់ប្រើ​ពាក្យ​ទៅកាន់ Rapinoe ថា «​មិនទាន់​ដឹង​ឈ្នះ​ចាញ់​នៅ​បារាំង​ផង មក​និយាយ​ពី​ការអញ្ជើញ​ក្រុម​ទៅ​សេត​វិមាន​យ៉ាង​មិច​»​។ ប៉ុន្តែ​ទីបំផុត ក្រុម​នារី​អាមេរិក​ពិតជា​អាច​លើក​ពាន​បាន និង​បង្កើត​កំណត់ត្រា​ថ្មី​ដោយ​គ្រង​ជើងឯក​ជា​លើក​ទី​៤៕

Tag:
 Megan Rapinoe
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com