ONE Championship
កីឡាជាតិ
ជាតិ
រឿង​សំខាន់​៣ ដែល​អ្នក​គួរ​តាមដាន ONE: MASTERS OF DESTINY នា​ថ្ងៃទី​១២ ខែកក្កដា​នេះ
12, Jul 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​មានរឿង ៣ ដែល​អ្នកគាំទ្រ​គួរតែ​ទស្សនាការ​ប្រកួត​នៅ​សង្វៀន ONE: MASTERS OF DESTINY នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៩ នាទី​លាន Axiata Arena ក្នុង​ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។


 
៣​រឿង​ដែល​សំខាន់​នោះ គឺ ទី​១ Giorgio Petrosyan ត្រូវ​ជួប Petchmorakot Petchyindee Academy ជាថ្មី ក្នុង​វគ្គ​៨​នាក់​ចុងក្រោយ​ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ទឹកប្រាក់​១ លាន​ដុល្លារ​ពី​កម្មវិធី ONE Featherweight Kickboxing World Grand Prix, ទី​២ ស្រី​ស្អាត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Angela Lee  ត្រឡប់មក​ការពារ​ខ្សែក្រវាត់​ទល់នឹង​ជើង​ខ្លាំង Michelle Nicolini និង ទី​៣ កីឡាការិនី​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន Jomary Torres ដែល​ឈ្នះ​៣​លើក​ជាប់​គ្នា ត្រូវ​ជួប​តតាំង​កីឡាការិនី​ម្ចាស់ផ្ទះ Jihin Radzuan​។ 


 
១- ជំនួប​ជាថ្មី រវាង Giorgio Petrosyan និង Petchmorakot Petchyindee Academy 
 
​នេះ​ជា​គូប្រកួត​ដ៏​ជក់ចិត្ត​រវាង​ជើង​ខ្លាំង​ទាំងពីរ​ក្នុង​កម្មវិធី ONE Featherweight Kickboxing World Grand Prix​។ ការជួប​ជាថ្មី​នេះ​បន្ទាប់ពី​មានការ​ប្រទាញប្រទង់​កាល​ប្រកួត​លើក​ទី​១ និង មិន​ច្បាស់លាស់​ថា​អ្នកណា​ជា​អ្នកឈ្នះ​។ Petrosyan ថ្លែងថា ៖«​យើងទាំងអស់គ្នា​បាន​ស្គាល់ Petchmorrakot យើង​ដឹងថា​គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​។ គេ​ជា​គូប្រជែង​ដែល​លំបាក​ប្រឈម​បំផុត​។ យ៉ាងណាក្ដី គេ​មាន​ចំណុចខ្លាំង និង ចំណុចខ្សោយ​។ នេះ​ជា​អ្វីដែល​យើង​បានដឹង​ច្បាស់ ខ្ញុំ​មិន​ចង់​លម្អិត​ច្រើនពេក​ទេ​អំពី​ចំណុចខ្លាំង​»​។ កីឡាករ​ដែលមាន​រហ​ស្សនាម​ថា «The Doctor» បាន​បង្ហើប​ថា​នេះ​ជាការ​ប្រកួត​ដ៏​តឹងតែង ប៉ុន្តែ គេ​នឹង​រៀបចំខ្លួន​ឲ្យ​ល្អ​បំផុត​តាមតែ​អាចធ្វើ​ទៅបាន និង កំណត់​ឲ្យ​ដឹង​ឈ្នះ​ចាញ់ មិន​ដូច​ការប្រកួត​លើក​ទី​១​ទេ​។ ទោះជា Petchmorakot  ខកចិត្ត​ដែល​ឃើញ​រូបគេ​ឈ្នះ​កាល​នៅ​សង្វៀន ONE: ENTER THE DRAGON ប៉ុន្តែ​រូបគេ​នឹង​ឡើង​សង្វៀន​ជាថ្មី​ដើម្បី​បន្ត​ភាពសប្បាយ​រីករាយ​។ នេះ​ជាការ​ប្រកួត​ដ៏​ធំ​ដែល អ្នកគាំទ្រ​ទាំងឡាយ មិនអាច​ខកខាន​ក្នុងការ​តាមដាន​ការប្រកួត​នេះឡើយ​។ 
 
​រីឯ​វីរបុរស​របស់​ថៃ Petchmorakot បាន​ថ្លែងថា ៖«​ខណៈ​ខ្ញុំ​នៅ​ជា​លោកសង្ឃ​នៅឡើយ ហើយ​ខ្ញុំ​បាន​លឺថា​មានការ​ប្រកួត​ឡើងវិញ ខ្ញុំ​ក៏​សប្បាយចិត្ត​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​នឹង​ឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​ប្រកួត​ឲ្យ​ល្អប្រសើរ​ពេល​ជួបគ្នា​ជាថ្មី​។ ខ្ញុំ​ចង់បាន​ការ​ឈ្នះ​ឲ្យ​ច្បាស់លាស់ មិន​ដូច​ពីមុន​»​។ Petchmorakot សង្កត់ធ្ងន់ថា Petrosyan ជា​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិ kickboxing ដូច្នេះ​អ្នក​ទាំងពីរ​ច្បាស់​ជា​អង្រួន​បេះដូង​អ្នកគាំទ្រ​ឲ្យ​ពុះកញ្ជ្រោល​តាមរយៈ​ការប្រកួត​នៅលើ​សង្វៀន​។ 
 
២-​ស្រី​ស្អាត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Angela Lee  ត្រឡប់មក​ការពារ​ខ្សែក្រវាត់​ទល់នឹង​ជើង​ខ្លាំង Michelle Nicolini 
 
​កីឡាការិនី​គុន​ចម្រុះ Angela Lee ដែលជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Champion ឡើងមក​ការពារ​ក្រវាត់​របស់ខ្លួន​នៅ​សង្វៀន ONE: MASTERS OF DESTINY  ថ្ងៃទី​១២ កក្កដា​ដែរ ។ កីឡាការិនី​មកពី​សិង្ហ​បុរី​វ័យ ២២ ឆ្នាំ​រូបនេះ​ប្រឈម​នឹង​កីឡាការិនី​សញ្ជាតិ​ប្រេ​ស៊ី​ល Michelle Nicolini  ដែលជា​ជើងឯក​ជី​ជិត​ស៊ូ​កម្រិត​ពិភពលោក​ជាច្រើន​សម័យ (Jiu-Jitsu World Champion) ។  ក្នុងនាម​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជី​ជិត​ស៊ូ Lee មាន​ទំនុកចិត្ត​ធ្វើ​ឲ្យ Michelle លំបាក​គ្រប់ពេល​ទោះ​ប្រកួត​ក្នុង​ជំហរ​ឈរ និង វ៉ៃ​ជំហរ​ដេក​ក្ដី ដើម្បី​ការពារ​តំណែង​ខ្សែក្រវាត់​លំដាប់​ពិភពលោក​របស់ខ្លួន​។ នេះ​ជា​គូប្រកួត​គួរ​ឲ្យ​ចង់​តាមដាន និង ដាក់​សំណួរ​ថា Lee អាច​យកឈ្នះ Nicolini ដោយ​វិធី​ណា​ដើម្បី​ការពារ​ខ្សែក្រវាត់ បន្ទាប់ពី រង​បរាជ័យ​ទល់នឹង Xiong Jing Nan ម្ចាស់​ជើងឯក ONE Strawweight World Champion កាល​ខែ មីនា កន្លងទៅ​? យ៉ាងណាក្ដី Lee បង្ហើប​អំពី​ការតាំង​ចិត្ត​បែបនេះ​៖«​ខ្ញុំ​សប្បាយ​ចិត្តខ្លាំង បន្ទាប់ពី​សម្រាក​តាំងពី​ខែ មីនា​មក​។ ហើយ​ខ្ញុំ​នៅតែ​បន្តសកម្មភាព​ហ្វឹកហាត់​របស់ខ្ញុំ ដោយ​មិន​គិត​អំពី​បរាជ័យ​កាល​នៅ​ជប៉ុន​ឡើយ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ដើម្បី​ការពារ​ខ្សែក្រវាត់ ពិភពលោក​របស់ខ្ញុំ មុនពេល​ចប់​ឆ្នាំ ២០១៩ ទោះ​ប្រឈមមុខ​អ្នកណា​ក៏បាន​»​។ 
 
៣- Jomary Torres ដែល​ឈ្នះ​៣​លើក​ជាប់​គ្នា ត្រូវ​ជួប​ជើង​ខ្លាំង Jihin Radzuan
 
​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​កីឡាការិនី​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន Jomary Torres ឬ ហៅ​ក្រៅ​ថា «The Zamboanginian Fighter» ត្រូវបាន​គេ​កត់សម្គាល់ថា​ជា​កីឡាការិនី​គុន​ចម្រុះ​លេចធ្លោ និង ទទួល​ភាពជោគជ័យ​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់ Atomweight លើស​ង្វៀន ONE Championship​។ កីឡាការិនី​រូបនេះ ធ្វើ​បានល្អ​ខ្លាំងណាស់​ដោយ​ឈ្នះ ៣ លើក​ជាប់​គ្នា​ក្រោយ​ឈ្នះ​កីឡាការិនី​ថៃ Rika Ishige, ឈ្នះ​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Nita Dea, និង April Osenio​។ Jomary ត្រូវ​តតាំង​នឹង​ជើង​ខ្លាំង​ម្ចាស់ផ្ទះ Jihin Radzuan ឬ ហៅ «Shadow Cat » ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន ONE: MASTERS OF DESTINY​។ Jomary មាន​ភាពជឿជាក់​ដើម្បី​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ Jihin Radzuan ហើយ​គេ​នឹង​ប្រើ​ជំនាញ​ដែល​គ្រូបង្វឹក​បានផ្ដល់​ក្នុង​គោលដៅ​ទទួល​ជ័យជម្នះ ខាង​។ នេះ​ជា​គូប្រកួត​ដែល​មិនអាច​ខកខាន​ក្នុងការ​តាមដាន​បាន ក្នុងចំណោម​គូប្រកួត​ខ្លាំងៗ​នានា​នៅ​សង្វៀន ONE: MASTERS OF DESTINY​។ 
 
​នេះ​ជា​គូប្រកួត​ខ្លាំងៗ ច្រើន​ទៀត​នៅ​សង្វៀន ONE: MASTERS OF DESTINY៖
 


© រក្សាសិទ្ធិដោយ thmeythmey.com