ជាតិ
សមាគមចុងភៅ គ្រោងដាក់ឱ្យបរទេសប្រកួតធ្វើនំបញ្ចុក ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ
× សៀមរាប៖ ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះលើកទី២ ក្នុងការតាំងពិព័រណ៍ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នាខែតុលា ឆ្នាំ២០១៩ ខាងមុខ ក្រោមប្រធានបទ «ANGKORFOOD+HOTEL 2019»។ សមាគមចុងភៅកម្ពុជា ដែលសហការរៀបចំពិព័រណ៌៍ជាលក្ខណៈអន្ដរជាតិនេះ គ្រោងនឹងរៀបចំកម្មវិធីប្រកួតម្ហូបអាហារ បង្អែម និងភេសជ្ជៈច្រើនមុខ ដើម្បីទាក់ទាញអ្នកចូលរួម។ ក្នុងនោះ ការប្រកួតធ្វើនំបញ្ចុក និងហហ្មុក ក៏បានដាក់ក្នុងកម្មវិធីប្រកួតដែរ ដោយនឹងអនុញ្ញាតឱ្យបរទេសចូលរួមបញ្ចេញស្នាដៃធ្វើម្ហូបខ្មែរ។
ការតាំងពិព័រណ៌នេះ មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១០ ដល់ទី១២ ខែតុលា។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍នេះ អ្នករៀបចំកម្មវិធីបានធ្វើបទបង្ហាញត្រួសៗ ជុំវិញកម្មវិធីដែលនឹងត្រូវរៀបចំ ក៏ដូចជាប្រទេសដែលត្រូវចូលរួម។
លោក អាន់ដ្រូ ស៊ីអូ (Andrew Siow) ប្រធានក្រុមហ៊ុន AMB Tarsus Event Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍ខាងលើនេះ បានរម្លឹកថា ព្រឹត្តិការណ៍លើកទី១ ដែលរៀបចំនៅឆ្នាំ២០១៥ក្នុងខេត្តសៀមរាប បានទាក់ទាញអ្នកចូលរួមប្រមាណ៤ពាន់នាក់ មកពីវិស័យសណ្ឋាគារ និងម្ហូបអាហារ ជាដើម។ ចំពោះព្រឹត្តិការណ៍នៅឆ្នាំនេះ លោក អាន់ដ្រូ រំពឹងថា នឹងមានអ្នកចូលរួមលើសពីលើកទី១ ហើយគ្រោងនឹងមានការចូលរួមពីក្រុមហ៊ុនជាង ១៥០ មកពី ១៦ប្រទេស។ ពិព័រណ៍នេះ គឺមានការដាក់បង្ហាញម្ហូបអាហារ កាហ្វេ ភេសជ្ជៈ សម្ភារឆុងកាហ្វេ និងផ្ទះបាយ ក៏ដូចជាការប្រកួតចម្អិនអាហារ ជាដើម។
លោក អាន់ដ្រូ បានឱ្យដឹងថា មានប្រទេសចំនួន៧ហើយ ដែលបញ្ជាក់ពីការចូលរួម ក្នុងនោះរួមមាន ចិន អ៊ីតាលី កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និង សិង្ហបុរី។ អ្នករៀបចំព្រឹត្តិការណ៍នេះ រំពឹងថា ពិព័រណ៍នេះ នឹងជួយផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍កម្ពុជា ទាក់ទាញដៃគូពាណិជ្ជកម្ម ក៏ដូចជាបង្កើតឧស្សាហកម្មទេសចរណ៍ថ្មីៗបន្ថែមទៀត សម្រាប់កម្ពុជាក៏ដូចជាខេត្តសៀមរាប។
ស្ថាបនិកសមាគមចុងភៅកម្ពុជា លោក ចាន់ សុភា បានឱ្យដឹងថា កម្មវិធីសំខាន់ៗដែលសមាគម គ្រោងរៀបចំក្នុងព្រឹត្តិការណ៍ពិព័រណ៌ខាងមុខនេះ មានទាំងការប្រកួតធ្វើម្ហូប និងការប្រកួតធ្វើបង្អែម ជាពិសេស គឺការប្រកួតធ្វើនំបញ្ចុក និងហហ្មុក។ ជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយអាចដាក់ពាក្យចូលរួមបាន ក្នុងបំណងផ្សព្វផ្សាយម្ហូបខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញ។ ចំណុចមួយទៀត ដែលលោក ចាន់ សុភា ថាសំខាន់សម្រាប់ព្រឹត្តិការណ៍នេះដែរនោះ គឺកម្មវិធី នឹងអនុញ្ញាតឱ្យមានការប្រកួតចម្អិនអាហារ សម្រាប់យុវជនក្រោមអាយុ១៦ឆ្នាំ ក្នុងបំណងបំផុសការស្រឡាញ់ការងារចម្អិនអាហារ និងស្គាល់ពីអត្ថប្រយោជន៍នៃការងារមួយនេះ។
លោក ធិម សេរីវុឌ្ឍ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននេះថា ពិព័រណ៌នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរមកបន្ថែម ក៏ដូចជាពង្រឹងសេវាកម្មទេសចរណ៍។ លោកបន្ថែមថា នេះជាឱកាសដែលប្រតិបត្តិករទេសចរណ៍កម្ពុជា បង្ហាញពីសិល្បៈ នៃការរៀបចំម្ហូបអាហារ ភេសជ្ជៈ និងជំនាញបដិសណ្ឋារកិច្ច ទៅដល់ភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ពិព័រណ៍នេះ ក៏មានការគាំទ្ រនិងសហការពីក្រុមហ៊ុនឯកជននានា ក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន កាហ្វេ និងក្រសួងទេសចរណ៍ជាដើម៕
Tag:
សមាគមចុងភៅកម្ពុជា
នំបញ្ចុក
ហហ្មុក
© រក្សាសិទ្ធិដោយ thmeythmey.com