អន្តរជាតិ
រដ្ឋាភិបាល​លី​ប៊ី ទាមទារ​ឲ្យ​បារាំង​បកស្រាយ​ពី​វត្តមាន​មី​ស៊ី​ល​របស់ខ្លួន​ក្នុង​ដៃ​ក្រុម​ឧទ្ទាម​
12, Jul 2019 , 7:39 pm        
រូបភាព
មីស៊ីលប្រឆាំងរថក្រោះរបស់បារាំងដែលរកឃើញនៅក្នុងបន្ទាយទ័ពលោក ខាលីហ្វា ហាហ្វតា កាលពីខែមិថុនា។ រូបភាព AFP
មីស៊ីលប្រឆាំងរថក្រោះរបស់បារាំងដែលរកឃើញនៅក្នុងបន្ទាយទ័ពលោក ខាលីហ្វា ហាហ្វតា កាលពីខែមិថុនា។ រូបភាព AFP
​រដ្ឋាភិបាល​លី​ប៊ី​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១១ ខែកក្កដា បានទាមទារ​រក​ការពន្យល់​ពី​សំណាក់​បារាំង​ជុំវិញ​វត្តមាន​មី​ស៊ី​ល​របស់​មហាអំណាច​មួយ​នេះ​ក្នុង​ដៃ​របស់​កម្លាំង​ទ័ព​របស់​សេនាប្រមុខ ខា​លី​ហ្វា ហា​ហ្វ​តា នាពេល​ថ្មីៗ​នេះ​។ ការរកឃើញ​មី​ស៊ី​ល​នេះ ជា​រឿង​ស្រងាកចិត្ត​មួយ​សម្រាប់​រដ្ឋាភិបាល​ប្រចាំ​ទីក្រុង​ទ្រី​ប៉ូ​លី ដែល​ប្រយុទ្ធ​តតាំង​ជាមួយ​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​លោក ហា​ហ្វ​តា តាំងពី​ខែមេសា​មក​នោះ​។

 
​តើ​មី​ស៊ី​ល​បារាំង​ធ្លាក់​ដល់ដៃ​ក្រុម​យោធា​ឧ​ត្ត​ម​សេនីយ៍ ខា​លី​ហ្វា ហា​ហ្វ​តា ដោយ​តាមផ្លូវ​ណា ដោយ​វិធី​ណា និង​នៅពេលណា​? នេះ​ជា​សំណួរ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លី​ប៊ី Taher Siala ទៅកាន់​សម​ភាគី​បារាំង Jean-Yves Le Drian បន្ទាប់ពី​កម្លាំងយោធា​របស់​រដ្ឋាភិបាល​លី​ប៊ី​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ រកឃើញ​មី​ស៊ី​ល Javelin ដែលមាន​អក្សរ​កូដ​ជា​ភាសា​បារាំង​នៅ​ខាងលើ​នោះ នៅ​មូលដ្ឋាន​ដែល​ប្រើប្រាស់​ដោយ​កម្លាំង​ទ័ព​គាំទ្រ​លោក ហា​ហ្វ​តា ។​
 
​ការរកឃើញ​មី​ស៊ី​ល​នេះ កើតឡើង​ខណៈដែល​យោធា​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ប្រចាំ​ទីក្រុង​ទ្រី​ប៉ូ​លី ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​ជាតិ​លី​ប៊ី​ដែល​ស្មោះត្រង់​នឹង​លោក ហា​ហ្វ​តា ។ មាន​ប្រភពពី​ភាគ​ខាងកើត​លី​ប៊ី យោធា​ដែល​ស្មោះ​នឹង​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​នេះ កាលពី​ខែមេសា បាន​បើក​ប្រតិបត្តិការ​រុល​ទៅ​ភាគ​ខាងលិច​ដើម្បី​រំដោះ​ទីក្រុង​ទ្រី​ប៉ូ​លី និង​លី​ប៊ី​ទាំងមូល​។ ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់ និង​រាប់ម៉ឺន​នាក់​ភៀសខ្លួន​។​
 
​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​១១ ខែកក្កដា លោក Siala ក៏​ទាមទារ​ឲ្យ​បារាំង​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​បរិមាណ​មី​ស៊ី​ល​ដែល​វត្តមាន​របស់​វា​ផ្ទុយ​ពី​ការប្រកាស​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ទ្រី​ប៉ូ​លី​។ តាមពិតទៅ បារាំង​ក៏បាន​ទទួលស្គាល់​ពី​វត្តមាន​មី​ស៊ី​ល​របស់ខ្លួន​ក្នុង​បន្ទាយទ័ព​របស់លោក ហា​ហ្វ​តា ដែរ ប៉ុន្តែ​បដិសេធថា ខ្លួន​មិនបាន​ឲ្យ​មី​ស៊ី​ល​នេះ​ទៅ​កម្លាំង​លោក ហា​ហ្វ​តា ឡើយ និង​ថា យោធា​បារាំង​នៅ​លី​ប៊ី​បាត់ដាន​មី​ស៊ី​ល​នេះ​។​
 
​ជា​ប្រភេទ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ មី​ស៊ី​ល Javelin នេះ ផលិត​នៅ​អាមេរិក​មានតម្លៃ​មួយគ្រា​ប់​១៧​ម៉ឺន​ដុល្លារ ។ មី​ស៊ី​ល​នេះ ត្រូវបាន​រឹបអូស​បាន​នៅ​មូលដ្ឋានទ័ព​នៅ​ភាគខាងត្បូង​ទីក្រុង​ទ្រី​ប៉ូ​លី​ដោយ​យោធា​រដ្ឋាភិបាល​លី​ប៊ី​។ ក្រៅពី​មី​ស៊ី​ល​នេះ កងទ័ព​រដ្ឋាភិបាល​ក៏​រកឃើញ​ខែល​ការពារ​ផលិត​នៅ​ចិន ហើយ​មាន​សញ្ញា​សម្គាល់​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ផងដែរ​។ វត្តមាន​នេះ បង្ក​ជាការ​សង្ស័យថា ក្រុងប៉ារីស​លួច​គាំទ្រ​លោក ហា​ហ្វ​តា ពីក្រោយ​ខ្នង​។​
 
​ការ​ប្រទាញប្រទង់​រវាង​កម្លាំង​ទ័ព​ភាគ​ខាងកើត​មាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់ និង​ទ័ព​ឧទ្ទាម​ភាគ​ខាងលិច ធ្វើ​ឲ្យ​វិបត្តិ​នៅ​លី​ប៊ី​ផុង​កាន់​ជ្រៅ រក​ច្រកចេញ​មិនឃើញ ទោះ​អង្គការសហប្រជាជាតិ​ប្រឹង​សម្របសម្រួល​យ៉ាងណាក្ដី​។ ការ​ដួល​រំលំ​របប​លោក​ដឹកនាំ មូ​អា​ម៉ា កា​ដា​ហ្វី ក្នុង​ឆ្នាំ​២០១១ ដែល​គេ​រំពឹងថា នឹងធ្វើ​ឲ្យ​លី​ប៊ី​ល្អប្រសើរ​ជាង​មុន​នោះ បែរជា​ធ្វើ​ឲ្យ​ប្រទេស​សម្បូរ​ធនធាន​មួយ​ញាំញី​ដោយ​វិបត្តិ​មិនចេះចប់​ទៅវិញ​៕ 

Tag:
 លី​ប៊ី​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com