កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​រំពឹង យ៉ា​នុត និង សំអាត ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត​អន្តរជាតិ​នៅ​ខែក្រោយ
13, Jul 2019 , 8:19 am        
រូបភាព
(រាប់ពីឆ្វេងទៅស្តាំ)កីឡាការិនី វី ស្រីខួច, នៅ ស្រីពៅ, ចាន់ សំអាត និង អេ យ៉ានុត
(រាប់ពីឆ្វេងទៅស្តាំ)កីឡាការិនី វី ស្រីខួច, នៅ ស្រីពៅ, ចាន់ សំអាត និង អេ យ៉ានុត
ដោយ:
​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​នឹង​បញ្ជូន​កីឡាការិនី អេ យ៉ា​នុត និង​កីឡាករ ចាន់ សំអាត ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​លំដាប់​អន្តរជាតិ​ពីរ​ផ្សេងគ្នា នៅ​ដើមខែ​សីហា​ខាងមុខ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​រំពឹងថា ពួកគេ​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការចូលរួម​លើក​នេះ ទោះបី​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​ក៏ដោយ​។ បច្ចុប្បន្ន​សហព័ន្ធ​មាន​ក្លិប​សមាគម​ជា​សមាជិក​ចំនួន​២២ ដោយមាន​កីឡាករ​កីឡាការិនី​សរុប​៤៧​រូប ដែល​បាន​ចុះឈ្មោះ​ជាមួយ​សហព័ន្ធ​។

 
​បើតាម​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា លោក កែ​ប៊ិន សូរ​ស្មី កូនស្រី​របស់​អតីត​អ្នក​ប្រដាល់ អេ ភូ​ថង គឺ​កីឡាការិនី អេ​យ៉ា​នុត ត្រូវ​តតាំង​ជាមួយ​កីឡាការិនី​បារាំង Souris Manfredi ក្នុង​ព្រឹត្តិការណ៍ World Leitwei Championship នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩​។ វា​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់ យ៉ា​នុត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បែប​ប្រដាល់សេរី​ដ៏​ធំ​របស់​មី​យ៉ាន់​ម៉ា​មួយ​នេះ​។ 
 
​លោក ហ៊ុន ច័ន្ទ​រាជ អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ពី​ហេតុផល ដែល​ជ្រើសរើស​កីឡាការិនី អេ យ៉ា​នុត មិន​ជ្រើសរើស​កីឡាការិនី​ខ្លាំងៗ​មួយចំនួន​របស់​កម្ពុ​ជា គឺ​ដោយសារ​បញ្ហា​គីឡូ និង​ទម្រង់​វាយ​របស់​កូនស្រី​ច្បង​របស់លោក អេ ភូ​ថង សាក​សម​នឹង​កីឡាការិនី​បារាំង​ខាងលើ​។ អ្នករៀបចំ​កម្មវិធី​នេះ រំពឹងថា ការ​ប៉ះគ្នា​រវាង​កីឡាការិនី​ទាំងពីរ នឹង​ក្លាយជា​ការប្រកួត​ដ៏​ទាក់ទាញ​និង​ជក់ចិត្ត​បំផុត​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែកក្កដា អគ្គលេខាធិការ​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​កីឡាការិនី អេ យ៉ា​នុត មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​គាត់ គឺ​ដោយសារ​គីឡូ​ត្រូវ​គ្នា ហើយ​ដៃគូ យ៉ា​នុត មាន Style វាយ​សម្រុក​ដូចគ្នា​។ ម្យ៉ាងវិញទៀត ដោយសារ យ៉ា​នុត ខកខាន​ឡើង​វាយ​យូរ ហើយ​មាន​អ្នកគាំទ្រ​សំណូម​ឲ្យ​ជ្រើសរើស​រូបគាត់​»​។ 
 
​ក្រោយ​ការបង្ហាញ​ខ្លួន​៤​ថ្ងៃ​របស់​កីឡាការិនី អេ យ៉ា​នុត ពោលគឺ​នៅ​ថ្ងៃទី​៦ កក្កដា កីឡាករ ចាន់ សំអាត ត្រូវ​ជែង​ជាមួយ​ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា Punnya Say នា​ព្រឹត្តិការណ៍ ONE Championship នៅ​រដ្ឋធានី​សិង្ហ​បុរី​។ សំអាត ត្រូវបាន​គេ​ស្គាល់​ថា កីឡាករ​គុន​ចម្រុះ​ជើង​ខ្លាំង​មួយរូប​របស់​កម្ពុជា ដែល​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាច្រើនលើក​រួចមកហើយ​។ 
 
​កត្តា​នេះ​បានធ្វើ​ឲ្យ​លោក ហ៊ុន ច័ន្ទ​រាជ មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ ចាន់ សំអាត ក្នុងការ​យកឈ្នះ​លើ​គូប្រកួត​នាពេលខាងមុខ​។ តែ​យ៉ាងណា លោក​មើលឃើញថា ដែ​គូរ​បស់ សំអាត ជា​កីឡាករ​ជើង​ខ្លាំង​មួយរូប​របស់​មី​យ៉ាន់​ម៉ា​។ «​កីឡាករ Punnya Say មាន​ដើមកំណើត​នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​រស់នៅ​សហរដ្ឋអាមេរិក បន្ទាប់មក​គាត់​ក៏​ផ្លាស់​មក​រស់នៅ និង​ហ្វឹកហាត់​ជាមួយ​ក្លិប​មួយ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​។ Say ត្រូវបានគេទទួលស្គាល់​ជា​កីឡាករ​មាន​សមត្ថភាព​ខ្លាំង ទាំង​ការ​ឈរ​វាយ និង​ចាប់​។ ប៉ុន្តែ​ខ្ញុំ​គិតថា សំអាត មាន​បទពិសោធ​ច្រើនជាង ហើយ​កម្លាំង​ក៏​ខ្លាំង​ជាង​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ច័ន្ទ​រាជ នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែកក្កដា នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​បានប្រគល់​លិខិត​សរសើរ​ដល់​កីឡាករ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរលើ​ឆាក​អន្តរជាតិ និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដល់​ក្លិប​-​សមាគម ដែលជា​សមាជិក​។ បច្ចុប្បន្ន​សហព័ន្ធ​ដែល​បង្កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១៨​មួយ​នេះ មាន​ក្លិប​-​សមាគម​ជា​សមាជិក​ចំនួន​២២(​កម្ពុជា​១៨ និង​ក្រៅប្រទេស​៤) ដោយមាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន​៤៧​រូប​៕  








 

Tag:
 អេ យ៉ា​នុត ភូ​ថង​
  ចាន់ សំអាត​
  ហ៊ុន ចាន់​រាជ​
  ប៊ិន សូរ​ស្មី​
© រក្សាសិទ្ធិដោយ thmeythmey.com