អន្តរជាតិ
តើអ្វីបង្កើតឲ្យមាន«រន្ទះ»? តើភពផ្សេងៗមានរន្ទះដែរឬទេ?
× រន្ទះ ជាបាតុភូតធម្មជាតិមួយដែលកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងពិភពលោក។ វាជាបាតុភូតមួយដែលមនុស្សជួបប្រទះបានច្រើនជាងគេ។ ជាមួយនឹងសំឡេងយ៉ាងខ្លាំងល្បឿនយ៉ាងលឿន និងពន្លឺយ៉ាងភ្លឺរន្ទះគឺជាផ្នែកមួយនៃធម្មជាតិដែលអាចធ្វើឲ្យមនុស្សភ័យខ្លាច តែពេលខ្លះគួរឲ្យគយគន់។ តើលក្ខណៈពិសេសនៃធម្មជាតិមួយនេះកើតឡើងមកពីកត្តាអ្វី?
«ចរន្តអគ្គិសនី»គឺជាអ្នកទទួលបន្ទុកក្នុងរឿងដ៏ស្មុគស្មាញមួយនេះ។ គេហទំព័រទូរទស្សន៍ National Geographic បានពន្យល់ថារន្ទះកើតឡើងពីភាពមិនស្មើគ្នារវាងបរិមាណអគ្គិសនីរវាង ពពកនិងផ្ទៃដី ឬ ពពកនិងពពក។ ភាគច្រើនរន្ទះកើតឡើងរវាងពពក និងពពកខ្លួនឯង។ នៅពេលមេឃមានខ្យល់ខ្លាំង ពេលធ្លាក់ព្រិលឬធ្លាក់ទឹកកក អង្គធាតុនៅក្នុងអាកាសដែលមានដូចជា គ្រាប់ទឹកភ្លៀង គ្រាប់ព្រិល ធូលីដីជាច្រើនរាប់លានកកិតគ្នាទៅវិញទៅមកបង្កើតឲ្យមានភាពមិនស្មើសាច់រវាងបន្ទុកអគ្គិសនីនៅក្នុងពពកនិងនៅលើដី។
នៅលើមេឃ ចរន្តអគ្គិសនីអវិជ្ជមាន ឬប៉ូលដកមានចំនួនច្រើន ចំណែកឯផ្ទៃដី ដីដូចជានៅដំបូលអគារ ឬកំពូលដើមឈើសម្បូរទៅដោយចរន្តអគ្គិសនីវិជ្ជមាន ឬប៉ូលបូក។ នៅពេលនេះហើយទើបចរន្តអគ្គិសនីក្នុងលក្ខណៈជារន្ទះអាចរត់ឆ្លងកាត់បាន ស្រដៀងគ្នាទៅនឹងថ្មពិលនៅក្នុងឧបករណ៍អគ្គិសនីដែរ។ គ្រាប់រន្ទះមានកម្តៅក្តៅខ្លាំងណាស់រហូតទៅដល់៥ដងនៃកម្តៅរបស់ផ្ទៃខាងក្រៅនៃព្រះអាទិត្យ។
ដោយសារតែកម្តៅដ៏ខ្លាំងនេះហើយទើបខ្យល់នៅជុំវិញរីកមាឌភ្លាមៗបង្កើតឲ្យមានសម្លេងយ៉ាងសម្បើម។ រៀងរាល់មួយវិនាទីរន្ទះប្រមាណ១០០គ្រាប់ត្រូវបានកើតមាន ជុំវិញពិភពលោក។ វាអាចបង្កើតអគ្គីសនីរហូតទៅដល់១០០លានវ៉ុលក្នុងរយៈពេលដ៏ខ្លីនោះ។
ផ្នែកចរន្តអវិជ្ជមានធ្វើដំណើរចុះមកខាងក្រោម។វាត្រូវបានគេហៅថា «Stepped Streamer» ។ នៅពេលដែលប៉ូលដក ខិតមកចូលកាន់តែជិតជាមួយនឹងប៉ូលបូកឬចរន្តវិជ្ជមាន «Streamer» ផ្នែកទាំងពីរនឹងភ្ជាប់គ្នាយ៉ាងលឿនបង្កើតឲ្យមានរន្ទះដែលយើងមើលឃើញ។ មិនមែនផែនដីតែមួយនោះទេដែលមានវត្តមានរន្ទះ។ភពមួយចំនួនទៀតក្នុងប្រព័ន្ធព្រះអាទិត្យក៏ទទួលរងរន្ទះដែរ ដូចជាភពសុក្រ (Venus) ភពសៅរ៍ (Saturn) និង ភពព្រហស្បតិ៍ (Jupiter) ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com