ជាតិ
ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​៖ រដ្ឋាភិបាល​គួរតែ​រំលែក​ការខាតបង់​កសិករ​ចិញ្ចឹម​ជ្រូក​៣០​ភាគរយ​
12, Jul 2019 , 4:45 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ
រូបពីហ្វេសប៊ុក៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ
​ភ្នំពេញ​៖ ជ្រូក​ជាង​២០០០​ក្បាល​ហើយ ដែល​ត្រូវបាន​សម្លាប់ និង​ងាប់ ដោយសារ​ការផ្ទុះ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ តួលេខ​នៃ​ចំនួន​ជ្រូក​ងាប់​នេះ ក៏​បង្ហាញ​ពី​ការខាតបង់​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ​ផងដែរ​។​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​រំលែក​ការខាតបង់​របស់​កសិក​រ​ចិញ្ចឹម​ជ្រូក​៣០​ភាគរយ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។​

 
​មិនទាន់មាន​ការអះអាង​ជា​ផ្លូវការ​ពី​តួលេខ​នៃ​ការខាតបង់​ប្រាក់ ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បណ្ដាល​ឲ្យ​ជ្រូក​ជាង​២​ពាន់​ក្បាល​ងាប់​នោះឡើយ​។ ប៉ុន្តែ​គេ​អាចសន្និដ្ឋាន​ជា​មធ្យម​ថា ជ្រូក​មួយ​ក្បាល​ដែល​ងាប់​នេះ គឺ​ខាតបង់​ប្រាក់​២០០​ដុល្លារ​អាមេរិក ដោយ​គិត​លើ​ថ្លៃ​ចិញ្ចឹម​ឲ្យ​ចំណី​។ នេះ​ជាការ​លើកឡើង​របស់លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​បាន​បន្ថែមថា ជំងឺប៉េស្ត​ជ្រូក ដែល​កំពុង​ផ្ទុះឡើង​នេះ គឺជា​វីរុស​ប្រភេទ​២ ដែល​ធ្វើ​ឲ្យ​ជ្រូក​ងាយ​ឆ្លង​ជំងឺ និង​ឆាប់​ងាប់​ភ្លាមៗ​តែម្ដង​។ 
 
​លោក យ៉េ​ង តៃ​ហួរ ដែល​បាន​ជួប​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​កសិដ្ឋាន​នោះ បាន​និយាយថា ជ្រូក​លោក​ប្រមាណ​១០០​ក្បាល បាន​ងាប់​ទាំងអស់ ដែល​ធ្វើ​ឲ្យ​លោក​ខាតបង់​ថវិកា​សរុប​ជិត​២​ម៉ឺន​ដុល្លារ​។ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅក្នុង​ភូមិ​ថ្មី ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ជ្រូក​ខ្ញុំ​ងាប់​អស់ហើយ​។ ក្នុងនោះ​មាន​មេ​ជ្រូក​២៧ ខ្ញុំ​ទិញ​តម្លៃ​៣៥០​ដុល្លារ​ក្នុង​មួយ​ក្បាល ហើយ​ជ្រូក​សាច់​២០​ក្បាល​ដែល​ងាប់​នោះ មានតម្លៃ​២៥០​ដុល្លារ​ក្នុង​មួយ​ក្បាល​។ ចំណែក​ជ្រូក​ទម្ងន់​៣០​ទៅ​៤០​គីឡូ មាន​ចំនួន​៣០​ក្បាល ដែល​ខ្ញុំ​អាច​លក់បាន​តម្លៃ​ប្រមាណ​១០០​ដុល្លារ​ក្នុង​មួយ​ក្បាល​ក្រោយ​ទូទាត់​ថ្លៃ​ចំណី​ហើយ ហើយ​កូនជ្រូក​តូចៗ​មាន​៥​សំបុក ចំនួន​៥០​ក្បាល ដោយ​ក្នុង​មួយ​ក្បាល​ខ្ញុំ​អាច​លក់បាន​តម្លៃ​២៥​ម៉ឺន​រៀល​។ ដូច្នេះ​បូកសរុប​លើ​ថ្លៃ​ទូទាត់​ទាំងអស់នេះ វា​ចូល​២​ម៉ឺន​ដុល្លារ​»​។​
 
​លោក តៃ​ហួរ បាន​អះអាងថា លោក​ខំប្រឹង​ព្យាយាម​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះដែរ ប៉ុន្តែ​នៅតែ​មិនអាច​ទប់​ជាប់ ដោយសារ​ជំងឺ​នេះ វា​ឆ្លង​សាហាវ​តាមរយៈ​សត្វ​មាន​មេរោគ ដូចជា​សត្វ​រុយ​ជាដើម ។ ហើយ​អ្វីដែល​លោក តៃ​ហួរ មិន​សប្បាយ​នោះ គឺ​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​មាន​ភាពខ្វះ​ចន្លោះ ក្នុងការ​គ្រប់គ្រង​ការ​នាំចូល​ជ្រូក​ពី​ក្រៅប្រទេស​។ 
 
«​ខ្ញុំ​មានការ​ខកចិត្ត​ត្រង់​ថា រដ្ឋាភិបាល​ហាក់ដូចជា​ធូរ​បន្តិច​លើ​ការ​នាំចូល​ជ្រូក​។ ចំណុច​នេះ ខ្ញុំ​អន់ចិត្ត​បន្តិច​។ ខ្ញុំ​ទទួលស្គាល់ថា រដ្ឋាភិបាល​ក៏បាន​ជួយ​យើង​ច្រើន​ហើយ ប៉ុន្តែ​ចំណុច​ការនាំ​ចូល​ជ្រូក​មួយរយៈ​ពេល​ចុង​ក្រោយនេះ បិទ​មិន​ជិត​សោះ បើ​គាត់​បិទ​ជិត​ខ្ញុំ​គិតថា​វា​អាច​ទប់ស្កាត់​»​។ នេះ​ជាការ​លើកឡើង​របស់​ក​សិ​ករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្តកំពង់ចាម​រូបនេះ ដែល​បាន​បន្ថែមថា លោក​នឹង​ផ្អាក​ចិញ្ចឹម​ជ្រូក​មួយរយៈ​ពេល ដោយ​រង់ចាំ​ជំងឺប៉េស្ត​ជ្រូក​នេះ ទប់ស្កាត់បាន​១០០​ភាគរយ ទើប​លោក​ចិញ្ចឹម​ឡើងវិញ​។ 
 
​ចំណែក​អ្នកស្រី លឹម អេង ដែលជា​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​ដែរ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ថវិកា​ខ្លះ ដល់​កសិករ​រងគ្រោះ ដើម្បី​ជួយ​ដោះស្រាយ​ការខាតបង់​របស់​ពល​រដ្ឋ ដែល​ជួប​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​នេះ​។ ដ្បិត​ការជួយ​ជា​ថវិកា​មិនបាន​ដល់​១០០​ភាគរយ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​អាចជួយ​ដោះស្រាយ​នៅក្នុង​កម្រិត​ណាមួយ ដែល​សមស្រប​សម្រាប់​ព​ល​រដ្ឋ ដើម្បី​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​ទូទាត់​សង​ធនាគារ ដែល​គេ​ខ្ចី​មក​ធ្វើ​ទុន​ពង្រីក​ការរកស៊ី​ចិញ្ចឹម​ជ្រូក​នេះ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី លឹម អេង ។​
 
​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រងគ្រោះ ព្រោះ​ការរង​គ្រោះ​នេះ មិនមែន​ដោយសារ​ពួកគាត់​ជា​អ្នកបង្កើត​ទេ ប៉ុន្តែ​ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ​បើក​ឲ្យ​ជ្រូក​វៀតណាម​ចេញ​-​ចូលមក ដែល​បង្ក​ជា​វិនាសកម្ម​នៅក្នុង​ស្រុក​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​ជួយ​ជា​ថវិកា ដើម្បី​ដោះស្រាយ​ការខាតបង់​ទាំងអស់​ហ្នឹង ព្រោះ​អ្វី​ម្នាក់ៗ​រកស៊ី​របរ​ចិញ្ចឹម​ជ្រូក​នេះ គឺ​សុទ្ធតែ​ជំពាក់​ធនាគារ​»​។​
 
​ទាំង​លោក យ៉េ​ង តៃ​ហួរ និង​អ្នកស្រី លឹម អេង សុទ្ធតែ​យល់ឃើញថា វិធានការ​ទប់ស្កាត់រ​បស់​រដ្ឋាភិបាល​លើ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហាក់ដូចជា​យឺតយ៉ាវ​បន្ដិច ដូច​ពាក្យ​លើកឡើងថា «​ទឹក​ដល់​ច្រមុះ ទើប​ដោះស្រាយ​»​។​
 
​ជាមួយគ្នានេះ​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​និយាយថា សមាជិក​នៃ​សមាគម​លោក​មួយចំនួន ស្ថិតនៅ​ក្នុងភូមិ​ទាំង​១៩ នៃ​ឃុំ​ក្រាំង​យ៉ូ​វ ខេត្តកណ្ដាល​នោះ បាន​ខាតបង់​ថវិកា​ធ្ងន់ធ្ងរ ដោយសារ​ជ្រូក​នៅតាម​កសិដ្ឋាន​នីមួយៗ​សរុប​បញ្ចូល​គ្នា មាន​ចំនួន​ជិត​៦០០​ក្បាល ក្នុងចំណោម​ជាង​១០០០​ក្បាល បាន​ងាប់​ដោយ​ជំងឺប៉េស្ត​ជ្រូក​។ ត្រង់ចំណុច​នេះ ទើប​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ចេញ​កញ្ចប់​ថវិកា ជួយ​ដោះស្រាយ​បញ្ហា​កសិករ​ចិញ្ចឹម​ជ្រូក​ឲ្យ​បាន​ត្រឹម​៣០​ភាគរយ នៃ​ការខាតបង់​របស់​ពួកគេ ដើម្បី​ជួយ​សម្រួល​ផល​លំបាក​ខ្លះ​។ ជាពិសេស​ជួយ​ទ្រទ្រង់​កសិករ​ចិញ្ចឹម​ជ្រូក​ខ្នាតតូច​នៅ​កម្ពុជា​ផងដែរ​។​
 
«​បើសិនជា​អាច​ខាង​រដ្ឋាភិបាល អាចជួយ​ត្រឹម​២០ ទៅ​៣០​ភាគរយ គឺ​ពលរដ្ឋ​ចិញ្ចឹម​ជ្រូក​អាច​ទទួលយកបាន​ហើយ ព្រោះ​ជ្រូក​មួយ​ក្បាល​ពលរដ្ឋ​អាច​លក់បាន​២០០​ដុល្លារ​នោះ ដូច្នេះ​បើសិនជា​រដ្ឋាភិបាល​អាច​ជួយ​ពួកគាត់ ត្រឹមតែ​ផ្ដល់​ថវិកា​រំលែក​ការខាតបង់​ខ្លះ ឲ្យ​ពួកគាត់​៣០​ទៅ​៤០​ដុល្លារ លើ​តម្លៃ​ជ្រូក​មួយ​ក្បាល​នោះ គឺ​ពួកគាត់​សប្បាយចិត្ត​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស្រ៊ុន ពៅ​។​
 
​តែ​យ៉ាងណា​រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​ចំណាយ​ថវិកា​ដោះស្រាយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ពោលគឺ​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ជុំវិញ​បញ្ហា​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា កាលពី​ថ្ងៃទី ១១ កក្កដា លោក ផៃ ស៊ី​ផាន បាន​និយាយថា អ្វីដែល​រដ្ឋាភិបាល អាច​ធ្វើបាន​នៅពេលនេះ គឺ​អំពាវនាវ​ដល់​ឈ្មួញ កុំ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ជ្រូក ក្រៅពី​វិធានការ​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​នេះ​។​

អត្ថបទទាក់ទង
 
«​ដំណាក់កាល​យើង មិនទាន់មាន​គម្រោង​នូវ​ការជួយ​ចែករំលែក​ការបង់​ខាត​របស់​អ្នក​ចិ​ញ្ចឹ​ញ​នៅក្នុង​គ្រួសារ​នោះទេ​។ ប៉ុន្តែ​មិនមែន​បានសេចក្តីថា ដាច់​ណាត់​យើង​មិន​ធ្វើ​នោះទេ ព្រោះ​វា​ជាការ​សម្រេចចិត្ត​នៅក្នុង​នយោបាយ​ទៅវិញ​។ ខ្ញុំ​មិនដឹង​ទេ ពី​ការសម្រេចចិត្ត​ផ្នែក​នយោបាយ ប៉ុន្តែ​បើតាម​ច្បាប់ តាម​គោលការណ៍​យើង​អត់​មាន​ចែករំលែក នៅក្នុង​ការខូចខាត​នេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា ករណី​កម្ទេច​សត្វ​ជ្រូក​ដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺជា​ការព្រមព្រៀង​រវាង​ពលរដ្ឋ​អ្នកជំងឺ​ជ្រូក ជាមួយ​ខាង​អាជ្ញាធរ​ជំនាញ​របស់​រដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ប៉ុណ្ណោះ​។​
 
​បច្ចុប្បន្ននេះ​មាន​ជ្រូក​៧៩៨​ក្បាល​ត្រូវបាន​សម្លាប់ចោល ហើយ​មាន​ជ្រូក​ជាង ១​ពាន់​ក្បាល​ផ្សេងទៀត​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​បាន​សង្កត់ធ្ងន់ថា ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ មិនមែនជា​រឿង​ធូរស្រាល​សម្រាប់​កម្ពុជា​នោះទេ​។​
 
​មកដល់ពេលនេះ ករណី​ផ្ទុះ​រីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​នេះ បាន​កើតឡើង​នៅក្នុង​ខេត្ត​ចំនួន​៥​ហើយ ដោយ​ក្នុងនោះ​រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្ដាល​។ ដោយសារ​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះហើយ ទើប​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជ្រូក​ក្នុងស្រុក ពិបាក​លក់ និង​ធ្លាក់ចុះ​ការផ្គត់ផ្គង់​ផងដែរ​។ លោក ហេង សីហា តំណាង​ក្រុមហ៊ុន​Betogro បាន​និយាយថា ក្រុមហ៊ុន​លោក ធ្លាក់ចុះ​ការផ្គត់ផ្គង់​ជ្រូក​៣០​ភាគរយ ពោលគឺ​ធ្លា​ប់លក់​ជ្រូក​បាន​១០០​ក្បាល​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ឥឡូវនេះ​លក់​បានតែ​៧០​ប៉ុណ្ណោះ​។ ការធ្លាក់ចុះ​នេះ ត្រូវបាន​លោក ហេង សីហា អះអាងថា វា​បណ្ដាលមកពី​ឈ្មួញ និង​អា​ជីករ​កាត់បន្ថយ​ការបញ្ជា​រទិញ ខណៈ​អ្នក​បរិភោគ កំពុងរ​អាការ​ញាំ​សាច់ជ្រូក​។ បើតាម​លោក សីហា តម្លៃ​ជ្រូក​មួយរយៈ​ពេលនេះ ក៏​ធ្លាក់ចុះ​ផងដែរ ពោលគឺ​តម្លៃ​ក្រុមហ៊ុន​លក់​ចេញ តម្លៃ​៩៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ពលរដ្ឋ​លក់​តាម​ភូមិ ត្រឹមតែ​៧០០០​រៀល​ប៉ុណ្ណោះ​៕

Tag:
 ប៉េស្ត​ជ្រូក​
  កសិកម្ម​
  តាន់ ផាន់​ណា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com