ជាតិ
សង្គមជាតិ
លោក សាយ សំ​អាល់​៖ អ្នក​អភិរក្ស​ព្រៃឈើ អាច​សុំ​ថវិកា​ពី​ក្រសួងបរិស្ថាន​សម្រាប់​អភិរក្ស និង​អភិវឌ្ឍ​ព្រៃឈើ​
12, Jul 2019 , 8:39 pm        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីដាំដើមឈើរបស់សមាគមអៃរាវតា  នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០១៩ (ប្រភពរូប៖ AKP)
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីដាំដើមឈើរបស់សមាគមអៃរាវតា នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០១៩ (ប្រភពរូប៖ AKP)
​ភ្នំពេញ​៖ អ្នក​អភិរក្ស​ព្រៃឈើ ដែលជា​បុគ្គល​,​សហគមន៍ ឬ​ជា​ស្ថាប័ន អាច​ស្នើសុំ​ថវិកា​ពី​ក្រសួងបរិស្ថាន ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ព្រៃឈើ​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រោយពី​លោក​បានប្រកាស​ផ្តល់ជូន​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ ដល់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​តា នៅក្នុង​ពិធី​ដាំ​ដើមឈើ​ប្រណិត ២,០០០​ដើម នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​៨ កក្កដា ឆ្នាំ​២០១៩​។

 
​បើតាម​លោក​រដ្ឋមន្ត្រី កញ្ចប់​ថវិកា​ដែល​ត្រៀម​ផ្តល់ជូន​អ្នក​អភិរក្ស និង​សហគមន៍​ព្រៃឈើ​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​ថវិកា​ដែល​បាន​ពី​ការលក់​កាបូន​ព្រៃឈើ​កន្លងមក​។ លោក​រដ្ឋមន្ត្រី បន្តថា​៖«​ថវិកា បាន​ពី​ការលក់​កាបូន តាមរយៈ​ការអភិរក្ស​ព្រៃឈើ យើង​បាន​ផ្ទេរ​ថវិកា​ទាំងនេះ មក​បម្រើ​នូវ​ឧ​ត្ត​ម​ប្រយោជន៍ ក្នុងការ​អភិរក្ស​ព្រៃឈើ​របស់​យើង​។ សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​អ្នក​អភិរក្ស សហគមន៍​អភិរក្ស​ព្រៃឈើ ឬក៏​ស្ថាប័ន​ផ្សេងៗ ក៏​អាច​ស្នើសុំ​ថវិកា​នេះ​បាន ហើយ​យើងខ្ញុំ​នឹង​ផ្តល់ជូន​ក្នុងនាម​អប់រំ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​»​។ 
 
​នៅក្នុង​ពិធី​ដដែល​នោះ លោក សាយ សំ​អាល់ បាន​ឲ្យ​ដឹង​ទៀតថា សហគមន៍​នៃ​ក្រសួងបរិស្ថាន​មាន​ជាង​១៦០ ហើយ​សហគមន៍​ទាំងនេះ អាច​ស្នើសុំ​ថវិកា​បាន​ដើម្បី​ចូលរួម​អភិរក្ស​ព្រៃឈើ និង​ការអភិរក្ស​ផ្សេងៗ​ជាដើម​។ សហគមន៍​ជលផល សហគមន៍​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម និង​សហគមន៍​ផ្សេងៗ ក៏មាន​សិទ្ធ​ស្នើសុំ​ថវិកា ឥណទាន​ព្រៃឈើ ពី​ក្រសួងបរិស្ថាន ដើម្បី​អភិរក្ស ក៏ដូចជា​ការអភិវឌ្ឍ​ផងដែរ​។ 
 
​លោក សាយ សំ​អាល់ បានលើកឡើង​បន្តថា ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ក្រសួងបរិស្ថាន ផ្តល់​ឲ្យ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​តា គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​សត្វ​ដំរី និង​ការបង្កើត​ប្រព័ន្ធ​អេកូ​ធម្មជាតិ ព្រៃឈើ និង​បរិស្ថាន​ឡើងវិញ នៅក្នុង​ខេត្តរតនគិរី​។ សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​តា ជា​តួអង្គ​អភិរក្ស​ព្រៃឈើ​ទី​៣ ដែល​ទទួលបាន​កញ្ចប់​ថវិកា​២​ម៉ឺន​ដុល្លារ ប្រចាំឆ្នាំ​ពី​ក្រសួងបរិស្ថាន​។ កន្លងមក​ក្រសួងបរិស្ថាន បាន​បញ្ចេញ​មូលនិធិ​បរិស្ថាន​នេះ ទៅឱ្យ​គ្រួសារ​មួយ​នៅ​ភូមិ​ត្នោត​ដែល​អភិរក្ស​-​ដាំ​ដើមឈើ និង​កសាង​ប្រព័ន្ធ​អេកូ​ទេសចរ​លើ​ទំហំ​ផ្ទៃ​ជិត​១​ម៉ឺន​ហិកតា និង​គម្រោង​មួយទៀត នៅ​តំបន់​អភិរក្ស​ព្រៃឈើ​សង្ឃ​រុក្ខ​វន្ត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 
 
​ចាប់ពី​ឆ្នាំ​២០១៦-២០១៩ កម្ពុជា​ទទួលបាន​ថវិកា​សរុប​៩,៥​លាន​ដុល្លារ ពី​ការលក់​ឥណទាន​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ Disney និង​Shall​។ ក្នុងចំណោម​ថវិកា​សរុប​នេះ​មាន​៣,៥​លាន​ដុល្លារ បាន​ពី​ការលក់​កាបូន​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី  និង​៦​លាន​ដុល្លារ​ទៀត បាន​ពី​ការលក់​កាបូន​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០១៩​។ សម្រាប់​ថវិកា​ដែល​កម្ពុជា​ទទួលបាន​ពី​លក់​កាបូន​ព្រៃឈើ​នេះ គឺ​ស្ថិតនៅក្នុង​កម្មវិធី​«​រេ​ដ​បូក​» (REDD+: Reducing Emission from Deforestation and Forest Degradation) ដែលជា​កម្មវិធី​ជាតិ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់​និង​រេចរឹល​ព្រៃឈើ​។ «​រេ​ដ​បូក​» មាន​គោលបំណង ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​សម្រាប់​ជា​ផលប្រយោជន៍​ជាតិ និង​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​សកល ក្នុង​អនុសញ្ញា​ក្របខណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​៕

Tag:
 ព្រៃឈើ​
  សហគមន៍​
  សាយ សំ​អាល់
© រក្សាសិទ្ធិដោយ thmeythmey.com